ថ្លើមធំ​ហ៊ាន​គាស់​បន្ទប់​ជួល​ទាំង​ថ្ងៃ ប៉ូលីស​ចាប់បាន​ម្នាក់ រត់គេច​បាត់​២​នាក់ បន្ត​ចាប់បាន​៤​នាក់​សកម្ម​ខាង​លួច​និង​វាយយក​ម៉ូតូ​

235
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់ នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២ ឃាត់ខ្លួន ចំណែក​បក្ខពួក​២​នាក់​ទៀត​រត់គេចខ្លួន​បាត់ ក្រោយពី​នាំគ្នា​ធ្វើ​សកម្មភាព​គាស់​បន្ទប់​ជួល គ្រា​ម្ចាស់​ទៅធ្វើ​ការបាត់ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ នាំទៅ​សាកសួរ​រហូតដល់​យប់ លោក ភា ប្រុស នាយប៉ុស្ដិ៍​កា​កាប​ទី​២ ដឹកនាំ​កម្លាំង​ផ្ទាល់ ឈានដល់​តាម​ចាប់ខ្លួនបាន​៤​នាក់​បន្ថែមទៀត នៅ​បន្ទប់​ជួល​សរុប​៥​នាក់ សុទ្ធតែ​ពាក់ព័ន្ធ លួច វាយ​ប្លន់ យក​ម៉ូតូ​។​

​ជនសង្ស័យ​ចាប់ខ្លួនបាន​ម្នាក់​ចាប់បាន​មុនគេ ឈ្មោះ ហយ ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ សង្កាត់​កើតហេតុ​។ ក្រោយ​សួរនាំ​រួច​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​តាមច្បាប់​។​

​តាម លោក ភា ប្រុស នាយប៉ុស្ដិ៍​កា​កាប​ទី​២ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ម្ចាស់​បន្ទប់​ជួល​រវល់​ទៅធ្វើ​ការងារ​បាត់ ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនសង្ស័យ​គ្នា​៣​នាក់ ហើយ​ជនសង្ស័យ​ម្នាក់​ខាងលើ គាស់​ទ្វារ​ចូល ចំណែក​បក្ខពួក​២​នាក់​ទៀត ចាំមើល​ផ្លូវ​ខាងក្រៅ គាប់​ជួន ត្រូវបាន​អ៊ុ​ស្រី​ម្នាក់ ម្ចាស់​ផ្ទះជួល ឃើញ​ទាន់​ស្រែក​ឆោឡោ ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្អើល​នាំគ្នា​រត់ មាន​២​នាក់ នៅ​ខាងក្រៅ​ស្រាប់ រត់លឿន​ជាងគេ គេចខ្លួនបាត់ សល់​ម្នាក់​ខាងលើ ស្របពេល​ដែ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍ មក​ទាន់​ដេញ​ចាប់ខ្លួនបាន​។​

​នគរបាល​បន្តទៀតថា ក្រោយពី​សាកសួរ​លើ​ជនសង្ស័យ​នៅ​ផ្នែក​ជំនាញ រហូតដល់​យប់​ថ្ងៃ​ដដែល សមត្ថកិច្ច​សហការ​បន្ត​តាម​ចាប់​បក្ខពួក​បាន​រហូត​ដល់​៤​នាក់​ទៀត ទី​១ ឈ្មោះ ភូ រដ្ឋា ភេទ​ប្រុស មាន​ទីលំនៅ ខេត្តកោះកុង ។ ទី​២ ឈ្មោះ យ៉ង ឆេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​ភូមិ ចំការឪឡឹក​១ ស​ង្ភូ​កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ ព្រលឹង​មាស ឃុំ​សំរោង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ទី​៣ ឈ្មោះ សេង វង្ស ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ស្រុកកំណើត នៅ​ភូមិ ឈើ​នាង​ខ្ពស់ ឃុំ ឈើ​នាង​ខ្ពស់ ស្រុក គី​រី​វង្ស ខេត្តតាកែវ​។ ទី​៤ ឈ្មោះ ផូ សុវណ្ណ ហៅ ផៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជនសង្ស័យ​ចំនួន​៤​នាក់ ឃាត់ខ្លួន​បាន​នេះ សាកសួរ​ទៅ សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ ករណី លួច ប្លន់ ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ ខណ្ឌ​ពោធិ​សែន​ជ័យ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​