ថ្លៃ​ប្រេង​បាន​ហក់​ឡើង​ខណៈដែល​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ត្រូវ​គេលបបាញ់​

218
ចែករម្លែក

​ថ្លៃ​ប្រេង​បាន​កើន​ឡើង​ជាង​២​ភាគរយ​នៅ​ថ្ងៃ​សុក្រ​ទី​១១​ខែ​តុលា​នេះ បន្ទាប់​ពី​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​ត្រូវបាន​អ៊ីរ៉ង់​អះអាង​ថា​ត្រូវ​បាន​គេ​លប​វាយប្រហារ​ដោយ​មី​ស៊ី​ល​ចំ​​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ដែល​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​អំពី​ការផ្គត់ផ្គង់​ប្រេង​ជា​ថ្មី​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ដែល​មាន​ភាព​តានតឹង​រួច​ទៅហើយ​នេះ​។​

​ក្រុមហ៊ុន​ដឹក​ប្រេង​អ៊ីរ៉ង់​National Iranian Tanker ដែល​ជា​ម្ចាស់​នាវា​នេះ​បាន​និយាយថា ចំហៀង​នៃ​នាវា​Sabiti​នេះ បាន​ទទួលរង​ការបាញ់​ចំ​២​កន្លែង​ដាច់ដោយឡែក​ពីគ្នា​​នៅ​ឆ្នេរសមុទ្រ​អា​រ៉ាប៊ីសាអូឌីត ដោយ​បន្ថែម​ថា​វា​ទំនងជា​ត្រូវចំ​ដោយ​គ្រាប់​មី​ស៊ី​ល​។​

​ព័ត៌មាន​នេះ បាន​ធ្វើឱ្យ​តម្លៃ​ប្រេង​កើនឡើង​២,៣ ភាគរយ​។​

​ប្រេង Brent​បាន​ឡើង​២,៣​ភាគរយ ដល់​៦០,៤៦​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​West Texas Intermediate ឡើង​២,១​ភាគរយ ដល់​៥៤,៦៩​ដុល្លារ​។​ប្រេង​នៅ​ផ្សារ​ទាំង​ពីក្រោយ​​មក​បា​នស្រក​ចុះ​បន្តិច​វិញ តែ​ពួក​អ្នកវិនិយោគ​នៅតែមាន​អារម្មណ៍​មិន​ស្រណុក​ដោយសារតែ​ការផ្ទុះ​នេះ​កើតឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​២​របស់​អា​រ៉ាប៊ីសាអូឌីត ដែល​ទាំង​អា​រ៉ាប៊ី​និង​អាម៉េរិក​បន្ទោស​លើ​អ៊ីរ៉ង់​។​

​ប្រេង​ឆៅ​ក៏​បាន​កើនឡើង​រួចជាស្រេច​ដោយសារ​តែ​លេច​ចេញ​សញ្ញា​វិជ្ជមាន​នៃ​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​និង​បន្ទាប់​ពី​អគ្គលេខា​អង្គការ​ប្រទេស​នាំចេញ​ប្រេង​( OPEC)​បាន​និយាយថា អង្គការ​អ្នក​ផលិត​ប្រេង​ពិភពលោក​នេះ​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​ដើម្បី​បញ្ចៀស​ការធ្លាក់​ថ្លៃ​ជាថ្មីទៀត​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​