ថ្លៃ​ប្រេង​ឡើង​ជិត​ដល់​កំរិត​ខ្ពស់​បំផុត​នា​ឆ្នាំ​២០១៤ ខណៈ​ភាព​តានតឹង​អ៊ីរ៉ង់​កើនឡើង​

945
ចែករម្លែក

​ទីផ្សារ​ប្រេង​ហាក់​កាន់តែ​ក្តៅ​នៅ​ថ្ងៃ​ចន្ទ​ទី​៧​ឧសភា ដោយ​តំលៃ​ប្រេង​បាន​ឡើង​ជិត​ដល់​កំរិត​ខ្ពស់​បំផុត​កាលពី​ឆ្នាំ​២០១៤ ខណៈ​ការសំរេចចិត្ត​អំពី​កិច្ចព្រមព្រៀង​នុយ​ក្លេ​​អ៊ែរ​អ៊ីរ៉ង់​កាន់តែ​ខិតចូល​មកដល់​។​

​ប្រេង​ឆៅ​Brent​ត្រូវ​បាន​លក់​ចេញ​ក្នុង​តំលៃ​៧៤,៩៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល កើនឡើង​៧​សេន ឬ​០,១​ភាគរយ ពី​ការបិទ​ផ្សារ​ចុងក្រោយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​ធនាគារ​ANZ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​” ថ្លៃ​ប្រេង​ឆៅ​បាន​ឡើង ដោយសារតែ​មាន​ការព្រួយបារម្ភ​អំពី​ផលប៉ះពាល់​នៃ​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ចេញពី​កិច្ច​​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​”​។​

​ក្រេក ម៉ាក​កេ​ននណា អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​ក្រុមហ៊ុន​AxiTrader​បាន​និយាយថា​” រឿង​ធំ​នៅ​សប្តាហ៍​នេះ គឺ​អំពី​ប្រេង​និង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។​យើង​ដឹង​​ហើយ​ថា ប្រធានាធិបតី​ដូណាល់ ត្រាំ មិន​ចូល​ចិត្ត​វា​ទេ​។​ផ្អែក​លើ​ការប្រែប្រួល​តំលៃ​ប្រេង​ក្នុង​ទីផ្សារ លោក​ប្រធានាធិបតី​ត្រាំ ទំនងជា​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​​នេះ​”​។​

​អ៊ីរ៉ង់ បាន​ប្រែ​មក​ជា​អ្នក​នាំចេញ​ប្រេង​ឈាន​មុខ​គេ​មួយ​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ប្រឆាំង​ខ្លួន​ត្រូវបាន​ដកចេញ ជា​ថ្នូរ​នឹង​ការទប់ស្កាត់​កម្មវិធី​នុយ​​ក្លេ​អ៊ែរ​អ៊ីរ៉ង់​។​ទោះជា​យ៉ាងណា សហរដ្ឋអាមេរិក ចាប់តាំងពី​ពេល​នោះ​បាន​សម្តែង​ការ​មន្ទិល​អំពី​ភាពស្មោះត្រង់​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នៅក្នុង​ការអនុវត្តបំ​រាម​​នេះ​។​

​ប្រធានាធិបតី​ត្រាំ បាន​គំរាម​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដោយ​មិន​បន្ត​ការដក​ទណ្ឌកម្ម​នៅពេល​កិច្ចព្រមព្រៀង​ផុត​សុពលភាព​នៅ​ថ្ងៃ​១២​ឧសភា​ខាងមុខ ដែល​​នាំ​ដល់​ការបន្ថយ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​។​

.​អ៊ីរ៉ង់​៖ អាមេរិក​នឹង​ស្តាយ​ក្រោយ បើ​ខ្លួន​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស​សាន់ រ៉ូ​ហានី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា បើ​អាមេរិក​បោះបង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ក្រុងតេអេ​រ៉ង់ និង​មហាអំណាច​ពិភព​​លោក នោះ​រដ្ឋាភិបាល​វ៉ាស៊ីនតោន​នឹង​ស្តាយក្រោយ​ជាង​ពេល​ណាៗ​ទាំងអស់​។​

​លោក​រ៉ូ​ហានី បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​” បើ​អាមេរិក​ចាកចេញ​ពី​កិច្ចព្រមព្រៀង​នេះ នោះ​អ្នកនឹង​ឃើញ​ថា​ពួកគេ​នឹង​ស្តាយក្រោយ​មិន​ធ្លាប់​មាន​ពីមុន​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​។​ត្រាំ​ត្រូវតែ​ដឹងថា ប្រជាជន​របស់​យើង​មាន​ការឯកភាព​គ្នា របប​ហ្ស៊ី​យ៉ូនី​ស​(​អ៊ីស្រាអែល​)​ត្រូវ​ដឹង​ថា ប្រជាជន​របស់​យើង​មាន​ការឯកភាព​គ្នា​”​។​

​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៥​រ​វា​អ៊ីរ៉ង់ និង​អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​អាមេរិក ដឹកនាំ​ដោយ​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា​​គ្រា​នោះ​។​

​ក្រោម​កិច្ច​ព្រមព្រៀង​នេះ ទណ្ឌកម្ម​ត្រូវបាន​ដក​ចេញ​ជា​ថ្នូរ​នឹង​ការសន្យា​មិន​បន្ត​ផលិត​គ្រាប់បែកបរមាណូ តែ​អ៊ីរ៉ង់​និយាយថា ខ្លួន​មិន​ទទួលបាន​រង្វាន់​ទេ ទោះ​ជា​បាន​ធ្វើ​​តាម​កិច្ចព្រមព្រៀង​។​សាធារណរដ្ឋ​អ៊ីស្លាម​នេះ តែងតែ​បដិសេធថា​ខ្លួន​មិន​បាន​ព្យាយាម​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​ទេ​ដោយ​ថា​កម្មវិធី​បរមាណូ​របស់​ខ្លួន​សម្រាប់​គោល​​បំណង​ស៊ីវិល​។​

​កាលពី​សប្តាហ៍​មុន មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នឹង​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ប្រសិនបើ អាមេរិក​ដកខ្លួន​ចេញពី​វា​៕​ដោយ​៖​វាសនា​