ទណ្ឌិត៥០នាក់ ត្រូវបាន​​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

1820
ចែករម្លែក
អ្នកជាប់ទោសកន្លងទៅ​(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​,​ដេប៉ូ​/​ភ្នំពេញៈ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ បន្ថយ​ទោស និង​លើកលែងទោស បាន​ពិនិត្យ និង​សម្រេច​ស្នើសុំ​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត សរុប​ចំនួន​៥០​នាក់ (​ស្ត្រី​៦​នាក់​) ក្នុងនោះ​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​ចំនួន​៤២​នាក់ (​ស្ត្រី​៥​នាក់​) និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៨​នាក់ (​ស្ត្រី​១​នាក់​) សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា​ក្នុងចំណោម​បញ្ជី​ដែល​បានស្នើ​សុំ​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ និង​គណៈកម្មការ​រាជធានី​ខេត្ត​ចំនួន​៣២១​រូប​។​

​សូមជម្រាបថា ទណ្ឌិត​ចំនួន ៣២១​នាក់ ត្រូវបាន​ពន្ធនាគារ​រាជធានី ខេត្ត ក្រុង មាន​ចំនួន​២០ ដាក់​ស្នើសុំ​លើក​លែងទោស និង​បន្ធូ​បន្ថយទោស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។ ដោយ​ក្នុងនោះ​មាន​ជនបរទេស​ផងដែរ​។

​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ពិនិត្យ​សំណើសុំ​ប​ន្ថូ​រ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ទទួលបាន​ពី​គណៈកម្មការ​ថ្នាក់​រាជធានី​ខេត្ត (​ពន្ធនាគារ​ចំនួន​២០) និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤) លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ៣២១​នាក់ (​ស្ត្រី​២៨​នាក់​) កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​។​

​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា ការ​ស្នើសុំ​បន្ធូ​បន្ថយទោស និង​លើកលែងទោស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ គឺមាន​ពន្ធនាគារ​រាជធានី ខេត្ត ក្រុង មាន​ចំនួន​២០ ដែលមាន​មណ្ឌល​អប់រំ កែប្រែ​ចំនួន​៤ សរុប​ទណ្ឌិត​ដែល​ស្នើសុំ​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ចំនួន​៣២១​នាក់ ក្នុងនោះ​មាន​ស្ត្រី​២៨​នាក់ ផងដែរ​។ ចំពោះ​ការស្នើសុំលើកលែង​ ទោស បន្ធូ​បន្ថយ​ទោស គឺ​អនុវត្តតាម​ក្រឹត្យ​លេខ​២៨ (១​ភាគ​៣ នៃ​ទោស ចំពោះ​ការស្នើសុំ​បន្ធូ​បន្ថយទោស និង ២​ភាគ​៣ នៃ​ទោស ចំពោះ​ការស្នើសុំ​លើកលែងទោស​) ប៉ុន្តែ​មិនមែន​ថា​ឲ្យ​តែ​គ្រប់​លក្ខខណ្ឌ​តាម​ក្រឹត្យច្បាប់​ត្រូវបាន​លើក​លែងទោស ឬក៏​បន្ធូ​បន្ថយទោស​ទេ គឺ​គណៈកម្មការ​ថ្នាក់ជាតិ ដែល​ដឹកនាំ​ដោយ​លោក​លោ​កក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​បាន​យកចិត្តទុកដាក់​បំផុត​ទាក់ទង​ទៅ​និង​ការកែប្រែ​របស់​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ ភ្ជាប់​ជាមួយនិង​ឯកសារ​ពាក់ព័ន្ធ ជាពិសេស​សាលក្រម សាលដីកា​ស្ថាពរ​នេះឯង​។ អ្វីដែល​កែប្រែ​គឺ​ពិនិត្យ​ទៅ​លើ​ទណ្ឌិត​បាន​អនុវត្ត​ល្អ មានការ​ប្រលងប្រណាំង​នៅក្នុង​ពន្ធនាគារ ហើយ​ការដាក់​ស្នើសុំ​នេះ​ផងដែរ មិនមែន​ដាក់​ភ្លាម​ទៅដល់​គណៈកម្មាការ​ថ្នាក់ជាតិ​ទេ គឺមាន​ឋ​នា​នុ​ក្រម​របស់គេ មាន​គណៈកម្មការ​ខេត្ត ដែល​ដឹកនាំ​ដោយ​គណៈ​អភិបាលខេត្ត និង​តំណាង​អយ្យការ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ខាង​ថ្នាក់ក្រោម ដោយមាន​ការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ រហូតដល់​គណៈកម្មកា​រ​ថ្នាក់ជាតិ​។​

​លោក​បញ្ជាក់ថា “​ចំពោះ​ទណ្ឌិត​ណា​ដែល​មិន​រាងចាល និង​ប្រព្រឹត្ត​បទល្មើស​ដដែលៗ ជាពិសេស​បទល្មើស​ណា​ដែល​កាច​សាហាវ ដែល​គណៈកម្មការ​ថ្នាក់ជាតិ​យកចិត្តទុកដាក់​ពិនិត្យ គឺ​មិនមែន​ឲ្យ​បាន​អនុវត្ត​ទោស ១​ភាគ​៣ ឬ ២​ភាគ​៣ ត្រូវបាន​គណៈកម្មការ​សម្រេច​តែម្តង​នោះទេ​”​។

លោក សុច សុផាន់​ណា​រ៉ា បាន​បញ្ជាក់ថា នៅក្នុង​ចំណោម​ទណ្ឌិត​ដែល​ដាក់​ស្នើសុំ​លើកលែងទោស និង​បន្ធូ​បន្ថយ​ទោស ទាំង​៣២១​នាក់ គឺមាន​ជនបរទេស ១០​ភាគរយ​។​

​យោងតាម​របាយការណ៍​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា ចំនួន​ជន​ជាប់ឃុំ​ប្រចាំ​ឆ្នាំ​២០១៧ (​គិត​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៧) មាន​ចំនួន ២៨.៤១៤​នាក់ ស្រី ២.៤៤៣​នាក់​។ ចំនួន​ជន​ជាប់ឃុំ​ថយចុះ មាន​ចំនួន ១១.០៥៥​នាក់ ស្រី​១.០២៨​នាក់​៕​មន