ទណ្ឌិត​ដែល​ត្រូវ​លើក​យកមក​បន្ធូ​បន្ថយទោស​និង​លើកលែងទោស​ពុំមាន​ឈ្មោះ​សកម្មជន​បក្សប្រឆាំង​ឬ​សកម្មជន​ដីធ្លី​

1146
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: នៅក្នុង​ចំណោម​ទណ្ឌិត​ចំនួន​២២៨​នាក់​មកពី​ចំនួន​១៨​ខេត្ត​ក្រុង​ដែល​ត្រូវបាន​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បន្ធូ​បន្ថយទោស និង​លើកលែងទោស​បាន​បើក​កិច្ចប្រជុំ ដើម្បី​ធ្វើការ​ពិនិត្យ​និង​វាយតម្លៃ​សម្រាប់​លើកលែងទោស​និង​បន្ធូ​បន្ថយទោស​នា​ថ្ងៃបុណ្យ​វិសាខបូជា​ខាងមុខនេះ មិនមាន​ឈ្មោះ អតីត​សកម្មជន​បក្សប្រឆាំង​ឬ​សកម្មជន​ដីធ្លី​នោះទេ​។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រី ក្រសួងយុត្តិធម៌​។​

លោក អង្គ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​បន្ធូ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​សម្រាប់​លើកលែងទោស​និង​បន្ធូ​បន្ថយទោស នា​ថ្ងៃបុណ្យ​វិសាខបូជា​កាលពី​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨ (​រូប​៖​ដេប៉ូ​)

​លោក សុច​សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០១៨ មុនពេល​បើក​កិច្ចប្រជុំ នៃ​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បន្ធូ​បន្ថយទោស និង​លើកលែងទោស ដើម្បី​ធ្វើការ​ពិនិត្យ​និង​វាយតម្លៃ​សម្រាប់​លើកលែងទោស និង​បន្ធូ​បន្ថយទោស​នា​ថ្ងៃបុណ្យ​វិសាខបូជា បានឱ្យដឹងថា ក្នុងចំណោម​ទណ្ឌិត​ដែល​ត្រូវបាន​គេ​លើក​យកមក​ពិចារណា​នេះ​គឺ​គេ​ពុំបាន​គិតពី​និន្នាការ​ណាមួយ ហើយ​បើតាម​លោក​បានដឹង​នោះ ពុំ​ឃើញ​មានឈ្មោះ​អតីត​សកម្មជន​បក្សប្រឆាំង ឬ​សកម្មជន​ដីធ្លី​ពិសេស​អ្នកស្រី ទេព វ​ន្នី ក្នុងការ​យមក​ឱ្យ​គណៈកម្មការ​ធ្វើការ​ពិចារណា​នោះទេ​។​

អតីត​សកម្មជន​បក្សប្រឆាំង ឬ​សកម្មជន​ដីធ្លី​ពិសេស​អ្នកស្រី ទេព វ​ន្នី

​ជាមួយ​ការលើកឡើង​របស់​មន្ត្រី​ក្រសួងយុត្តិធម៌​បែបនេះ ក៏បាន​ធ្វើឱ្យ​អ្នកតាមដាន ក៏ដូចជា​ក្រុម​អ្នកមាន​និន្នាការ​ទៅរក​បក្សប្រឆាំង​មួយចំនួន បានបង្ហាញ​ពី​ការខកចិត្ត ចំពោះ​ការរំពឹងទុក​របស់​ពួកគេ​ក្នុងការ​ស្វែងរក​ការលើកលែងទោស​ដល់​ស​កម្ម​ជន​របស់ខ្លួន​។​

​លោក សុច​សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន កិច្ចការ​អយ្យការ និង​ព្រហ្មទណ្ឌ នៃ​ក្រសួងយុត្តិធម៌ (​រូប​៖​ដេប៉ូ​)

​ទោះបីយ៉ាងណា​ក្តី​លោក សុច សុផាន់​ណា​រ៉ា បាន​ថ្លែង​បញ្ជាក់ដែរថា ទណ្ឌិត​ដែល​ត្រូវបាន​គេ​លើក​យកមក​ពិចារណា ដើម្បី​ធ្វើការ​បន្ធូរ​បន្ថយទោស​និង​លើកលែងទោស​នេះ ក្នុងចំណោម​សរុប​២២៨​នាក់​នេះ ធ្វើឡើង​តាម​លក្ខខណ្ឌ​ច្បាប់​ច្បាស់លាស់​។​

​លោក​ថា ការលើក​យកឈ្មោះ​ទណ្ឌិត​មក​ធ្វើការ​ពិនិត្យ​និង​ពិចារណា​នេះដែរ​គឺធ្វើឡើង ក្រោយ​ទទួលបាន ពី​គណៈកម្មការ​ថ្នាក់​រាជធានី​-​ខេត្ត ពី​ពន្ធនាគារ​ចំនួន​១៨ និង​គណៈកម្មការ​ក្រសួងមហាផ្ទៃ មកពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​៤ លើ​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប ២២៨​នាក់ (​ស្ត្រី​១៨​នាក់​)​។ សម្រាប់​លើក​នេះដែរ មាន​ជនបរទេស​ជិត​១០​ភាគរយ ក៏​ត្រូវបាន​គណៈកម្មាធិកា​រ​យកមក​ពិចារណា​ផងដែរ​។​

​ទោះបីយ៉ាងណា​បើតាម លោក សុច សុផាន់​ណា​រ៉ា បានឱ្យ​ដឹងផង​ថា ទណ្ឌិត​ដែល​ត្រូវបាន​លើកយក​មកឱ្យ​គណៈកម្មាធិការ​ពិចារណា ដើម្បី​លើកលែងទោស និង​បន្ធូ​បន្ថយទោស​នេះ​សំខាន់បំផុត ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​ក្នុងនោះ ដូច​ជាមាន​សាលដីការ​ជា​ស្ថាពរ ការកែប្រែ​ខ្លួន​បានល្អ និង​ការវាយតម្លៃ​ពី​ខាង​ពន្ធនាគារ​ត្រឹមត្រូវ​ជាដើម​។ ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក អង្គ​វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ដែរថា ក្នុងការ​ពិចារណា​លើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​នេះ មិន​ធ្វើឡើង​ចំពោះ​ទណ្ឌិត​ដែល​ប្រព្រឹត្តិ​បទល្មើស​ធ្ងន់ធ្ងរ ដូចជា​ចាប់រំលោភ​ឃោ​ឃៅ ឬ​បទឧក្រិដ្ឋ​មួយចំនួន​។​

​សូមបញ្ជាក់ថា ការលើកលែងទោស និង​បន្ធូ​បន្ថយទោស​ដល់​ទណ្ឌិត​ទូទាំងប្រទេស​កម្ពុជា តែង​ត្រូវបាន​ធ្វើឡើង​បី​លើក​ក្នុង​មួយឆ្នាំ​ដែល​ក្នុងនោះ មានបុណ្យ​ចូលឆ្នាំថ្មី វិសាខបូជា​និង​បុណ្យ​អំ​ទូក​។​

​គួរ​បញ្ជាក់ថា កាលពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ ក្រសួងយុត្តិធម៌​ក៏បាន​ធ្វើការ​លើកលែង និង​បន្ធូរ​ទោស​អោយដល់​ទណ្ឌិត ប្រមាណ​ជា​៥០​នាក់ ហើយ​ក្នុងចំណោម​៥០​នាក់​នេះ មានការ​បន្ធូរបន្ថយ​ទោស ចំនួន​៤២​នាក់ និង​មាន​ត្រឹមតែ​៨​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​លើកលែងទោស​ឱ្យមាន​សិរី​ភាព​ឡើងវិញ​៕ ល​