ទទួលបានចំណេះដឹងពិតប្រាកដនឹង​នាំឲ្យលទ្ធផលការងារប្រកប​ដោយគុណភាព

180
ចែករម្លែក

ដោយ:បូកគោ/កំពត ៖ មន្ត្រីនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានបញ្ជាក់ថានិស្សិតដែលទទួលបានចំណេះពិតប្រាកដតាមរយៈការបណ្តុះបណ្តាលជំនាញច្បាស់លាស់នឹងនាំឱ្យលទ្ធផលការងារប្រកបដោយគុណភាព។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សជំនាន់ទីមួយនៃកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរោងចក្រស៊ីម៉ងតិ៍ជីបម៉ុង នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោក មួង ផាស៊ី នាយករងនៃវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជាបានមានប្រសាសន៍ថា សិស្សដែលទទួលបានចំណេះដឹងពិតប្រាកដតាមរយៈការបណ្តុះបណ្តាលជំនាញច្បាស់លាស់នោះលទ្ធផលការងារនឹងប្រកបដោយគុណភាព។

ជាក់ស្តែង សិស្សដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈពីក្រុមហ៊ុនជីបម៉ុងដ៏ធំមួយនេះពិតជាមានវាសនាខ្ពស់ព្រោះនឹងមានឱកាស ទទួលប្រាក់ចំណូលសមរម្យស្របតាមកម្រិតចំណេះដឹងដែលផ្តល់ជូនពីគ្រូជំនាញនោះ។ លោកនាយករងវិទ្យាស្ថានបានរំលឹកផងដែរថាសម្រាប់អ្នកដែលមានភ័ព្វសំណាងបានបំពេញការងារទីនេះ ក៏ដូចជានៅតាមគ្រឹះស្ថានដទៃទៀតត្រូវចាត់ទុកថាកន្លែងធ្វើការជាផ្ទះទីពីររបស់ខ្លួនដោយឈរលើភាពស្មោះត្រង់ជានិច្ច។ ការប្រកាន់ និងអនុវត្តខ្ជាប់ខ្ជួនបែបនេះដើម្បីទទួលបាននូវផលប្រយោជន៍យូរអង្វែងទាំងសងខាង ។

លោកនីកូឡាស់ ចច នាយកប្រតិបត្តិក្រុមហ៊ុនជីបម៉ុងអ៊ីនស៊ីស៊ីម៉ែនបានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តបណ្តុះបណ្តាលពលរដ្ឋកម្ពុជានៅគ្រប់កម្រិតជាប្រព័ន្ធដោយកម្មវិធីនេះមានឈ្មោះថាEnterprise-based Vocational Education(EVE)។ គោលដៅបណ្តុះបណ្តាលយុវជនដែលចេញពីសហគមន៍ជុំវិញទីតាំងរោងចក្រគឺចង់ឱ្យអ្នកស្រុកមានសមត្ថភាពជំនាញអនុវត្ត និងបទពិសោធន៍ក្នុងជីវិតពិត ជាពិសេសមានឱកាសការងារល្អនៅក្បែរផ្ទះ។ បញ្ហានេះពិតជាមានសារសំខាន់ចំពោះក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីដើម្បីបង្កើតការងារសម្រាប់ប្រជាជននៅមូលដ្ឋាន និងធានាបង្កើនការងារឱ្យកាន់តែច្រើនថែមទៀត ។

កញ្ញាស៊ីម រចនា រស់នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានរៀប រាប់ថា នាងពេញចិត្ត និងត្រេកអរណាស់ដែលមានឱកាសសិក្សាតាមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ (EVE) រយៈពេល៣ឆ្នាំប្រកបដោយជោគជ័យ។ កម្មវិធីមួយនេះបានផ្តល់ឱកាសដល់យុវជនក្រីក្រក្នុងមូលដ្ឋានក្បែរ រោងចក្រទទួលនូវការបណ្តុះបណ្តាលឱ្យមានចំណេះជំនាញច្បាស់លាស់ ហើយមានឱកាសទទួលការងារល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ។

លោកប៉ាត់ ឆន ឪពុកសិស្សជ័យលាភីម្នាក់បានរៀបរាប់ថាកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់សម្រាប់កូនចៅរបស់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាសទាំងមូល។ ជាមួយចំណេះដឹងពិប្រាកដបានផ្តល់ឱកាសឱ្យកូនរបស់លោក ក៏ដូចជាកូនចៅអ្នកភូមិទទូលបានជំនាញបច្ចេកទេសពិតប្រាកដដើម្បីយកទៅបម្រើប្រទេសជាតិ និងសង្គម។
សូមបញ្ជាក់ថាសិស្សជំនាន់ទីមួយដែលទទួលសញ្ញាបត្រពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមាន១២រូប។ ក្នុងនោះ ១០នាក់ទទួលបានការងារធ្វើនៅរោងចក្រផលិតស៊ីម៉ង់ត៍ជីបម៉ុងលើផ្នែកផលិតស៊ីម៉ង់ត៍ ផ្នែកយកធនធានរ៉ែ ផ្នែកជួសជុល និងផ្នែកផលិតកម្ម។ ដោយឡែកម្នាក់កំពុងហាត់ការងារផ្នែកធនធានមនុស្ស និងម្នាក់ទៀតសម្រេចចិត្តបន្តការសិក្សានៅរាជធានីភ្នំពេញ៕B/