ទទួលបាន​ជាង​៤១​ម៉ឺន​ដុល្លារ​ក្នុង​ពិធី​ខួប​លើក​ទី​១៥៥ កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​

1083
ចែករម្លែក

ដោយ​: បូកគោ / កំពត​: ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម កាលពី​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តឡើង​នា​ពហុ​កីឡដ្ឋាន​ខេត្ត គណៈកម្មាធិការ​កាកបាទ​ក្រហម កម្ពុជា​សាខា​ខេត្តកំពត​ទទួលបាន​ថវិកា​ពី​សប្បុរសជន​នានា​ប្រមាណ​ជាង​៤១​ម៉ឺន​ដុល្លារ​សម្រាប់​ប្រើប្រាស់​លើ​សកម្មភាព​មនុស្សធម៌​។ បរិមាណ​នេះ​បាន​កើនឡើង​ទ្វេរ​ដង​បើ​ប្រៀបធៀប​នឹង​ពិធី​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។​

​ថ្លែង​ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លោក​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​មានប្រសាសន៍ថា ការរួមចំណែក​ពី​មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំង​សប្បុរសជន​នានា ក្នុងការ​ចែករំលែក​ធ​ន​ធាន​ផ្ទាល់ខ្លួន ដល់​កាកបាទក្រហម​ជា​ទង្វើ​ដ៏​ល្អ​ប្រពៃ​ដើម្បី​លើកទឹកចិត្ត ស្រោចស្រង់​ដល់​អ្នក​ខ្វះខាត គ្មាន​ទីពឹង អ្នករងគ្រោះ ឬ​ជន​ងាយ​រងគ្រោះ​ព្រោះ​ពូកគេ​ត្រូវការ​ភាពកក់ក្តៅ និង​ការយកចិត្តទុកដាក់​គ្រប់យ៉ាង​។ កាកបាទក្រហម​ជា​អង្គការ​មនុស្សធម៌ អ​ព្យា​ក្រិត មិន​ប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ គឺ​ទីណា​មាន​អ្នក​លំបាក អ្នកក្រខ្សត់ អ្នករងគ្រោះ ឬ​ជន​ងាយ​រងគ្រោះ​ទីនោះ​ចាំបាច់​ត្រូវតែមាន​កាកបាទក្រហម​។ យ៉ាងណាមិញ គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​ត្រូវអនុវត្ត និង​គោរព​ឱ្យបាន​នូវ​គោលការណ៍​នេះ​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា​រាល់​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​សម្រាប់​ការងារ​មនុស្សធម៌​ត្រូវ​ប្រើប្រាស់​ឱ្យ​សមស្រប​តាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​។ យ៉ាងណា​បញ្ចៀស​ឱ្យបាន​នូវ​ករណី​ធ្លាក់​ដល់ដៃ​អ្នក​មិន​ខ្វះខាត​មុន​អ្នក​កំពុង​ស្រេកឃ្លាន​ពិតប្រាកដ​ដែល​កំពុង​ត្រូវការ​។

​សូម​រំលឹកថា​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​ដើម្បី​ត្រៀម​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា លោក ជាវ តា​យ ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្តកំពត​ជំរុញ​ដល់​សមាជិក​គណៈកម្មាធិកា​រ និង​ប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត ខិតខំ​កៀរគរ​សប្បុរសជន​ចូលរួម​បរិច្ចាគ​យ៉ាងហោច​ឱ្យបាន ៤០​ម៉ឺន​ដុល្លារ​សម្រាប់​ប្រើប្រាស់​លើ​សកម្មភាព​មនុស្សធម៌​។ ដើម្បី​បាន​ថវិការ​តាម​គោលដៅ​កំណត់ សូមឱ្យ​សមាជិក​គណៈកម្មាធិការ​ទាំងអស់ ពិសេស​ក្រុម​ប្រតិបត្តិ​ត្រូតពិនិត្យ​មើល​ទៅលើ​សកម្មភាព​នៃ​ការចូលរួម​។ សម្រាប់​ខេត្តកំពត​ដែលមាន​សក្តានុពល ក៏ដូចជា​វត្តមាន​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​នោះ ទំហំ​នៃ​ការកំណត់​នេះ​មិន​ច្រើន​ណាស់ណា​ទេ​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ដើម្បី​កៀរគរ​សប្បុរសជន​បាន​សំខាន់​គឺ​ការផ្តល់​ភាពជឿ​ទុកចិត្ត​។ អ្នកពាក់ព័ន្ធ​ការងារ​នេះ​ត្រូវ​និយាយ​ពន្យល់​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​កំពុង​ធ្វើ​អាជីវកម្ម​នៅក្នុង​ខេត្ត​អំពី​តម្រូវការ​ចាំបាច់​ដែល​យកមក​បម្រើ​ការងា​រ​មនុស្សធម៌​នោះ​។ សំខាន់​ឱ្យ​ពួកគាត់​អស់​មន្ទិល​សង្ស័យថា ​តើ​ថវិកា​ទាំងនោះ​យកមក​បម្រើ​ផលប្រយោជន៍​ពលរដ្ឋរ​ង​គ្រោះ​ពិតប្រាកដ ឬ​ប្រយោជន៍​សម្រាប់​ក្រុម​មួយណា​មួយ ឬ​បុគ្គល​ណា​ម្នាក់​។ នា​គ្រានោះ លោក​ជាវ តា​យ បាន​ផ្តាំផ្ញើ​ផងដែរ​ថា​ថវិកា​ដែល​ប្រមូលបាន​ចាំបាច់​ត្រូវតែ​គ្រប់គ្រង និង​ប្រើប្រាស់​ឱ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​។​

​ជា​លទ្ធផល​ជាក់ស្តែង ថវិកា​ដែល​គណៈកម្មាធិការ​កាក​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត ទទួលបាន​ពី​សប្បុរសជន​នានា​ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​នេះ​មាន​ចំនួន​៤១០.២៦១​ដុល្លារ​។ បរិមាណ​នេះ​បាន​កើនឡើង​ទ្វេរ​ដងដោយ​កាលពី​ឆ្នាំ​២០១៧​ទទួលបាន​ត្រឹម​ជាង​២០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​៕ ល​