ទទួល​ចំណេះដឹង​ច្រើន​ពី​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ក្រោយពី​បានបញ្ចប់​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​

184
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​តាមរយៈ​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គរ​យុវជន​១៨​នាក់ មកពី​៨​ប្រទេស រួមមាន​កម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូ​ឡុំ​ប៊ី ប៊ុល​ហ្ការី ឥណ្ឌា និង​ចិន ។​បានទទួល​ការបណ្តុះបណ្តាល​អំពី​ការគ្រប់គ្រង​ការអភិរក្ស​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ​ព្រមទាំង​បានធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​យ៉ាងច្រើន​ពាក់ព័ន្ធ​នឹង​ជាមួយ​វិស័យ​បេតិកភណ្ឌ ក៏ដូចជា​ការងារ​ចូលរួម​ជាមួយ​សហគម​ន៍​។​

​កញ្ញា​JuanitaErasso​យុវជន​ស្ម័គ្រចិត្ត​មកពី​ប្រទេស​Colombia​បានឱ្យដឹងថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​កញ្ញា​បាន​ចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​នៅ​រមណីយដ្ឋាន​អង្គរ និង​បាន​ស្វែងយល់​អំពី​ការគ្រប់គ្រង ជួសជុល​អភិរក្ស​សហ​គម​ន៍​និង​យល់ដឹង​ពី​ក្រម​ប្រតិបត្តិ​អង្គរ​ដែលជា​ចំណុច​ដែល​ទេសចរ​គ្រប់រូប​ត្រូវ​ប្រតិបត្តិ​។

​កញ្ញា​បន្តថា​រមណីយដ្ឋាន​អង្គរ​ជា​បុរាណ​ដ្ឋា​ន​បុរាណវិទ្យា​មាន​វិសាលភាព​ធំ​មួយ​ហើយ​នៅទីនេះ​មាន​ប្រជាជន​រស់នៅ​បន្ត​គោរព​ប្រតិបត្តិ​នូវ​ជំនឿ​សាសនា​របស់ខ្លួន​យ៉ាង​រស់​រវើក​។​រីឯ​ការគ្រប់គ្រង​បេតិកភណ្ឌ​វិញ​មាន​ភាពខុសគ្នា​ពី​ប្រទេស​Colombia​តែ​ស្ថិតក្នុង​គោលដៅ​ថែរក្សា​បេតិកភណ្ឌ​មនុស្សជាតិ​តែមួយ​ហើយ​កញ្ញា​នឹង​យក​បទពិសោធន៍​ដ៏​ល្អ​នេះ​ទៅ​ចែករំលែក​នៅ​ប្រទេស​របស់ខ្លួន​លើ​វិស័យ​បេតិកភណ្ឌ​។​

លោក​ជុំ​សៀក​ហ៊​យុវជន​ស្ម័គ្រចិត្ត​មកពី​មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បានឱ្យដឹងថា​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ក្រុមយុវជន​បាន​ទៅ​ស្វែងយល់​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ទីតាំង​នីមួយៗ​ខុសប្លែកគ្នា តួយ៉ាង​ការជួសជុល​ប្រាសាទ​ឥដ្ឋ ជួសជុល​ថ្ម ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ ការអភិរក្ស​កុលាលភាជន៍ និង​សហគមន៍​ជាដើម​។

​សូម​បញ្ចាក់​ដែរ​ថា កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​ដើម្បី​បេតិកភណ្ឌ​ពិភពលោក​នៅ​អង្គរ​មាន​រយៈពេល​១៣​ថ្ងៃ ថ្ងៃទី​៧-១៩ ខែសីហា ឆ្នាំ​២០១៩ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​យូណេស្កូ អាជ្ញាធរ​ជាតិ​អប្សរា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​វិទ្យាស្ថាន​កូរ៉េ​-​អង្គរ​ដើម្បី​បេតិកភណ្ឌ​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ក្នុង​ការងារ​អភិរក្ស​និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​តាមរយៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ទៅដល់​យុវជន​ជំនាន់​ក្រោយ​៕S/

​រូប​ថ​តៈ​យុវជន​ទទួល​ចំណេះដឹង​ច្រើន​ពី​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ក្រោយពី​បានបញ្ចប់​កម្មវិធី​យុវជន​ស្ម័គ្រចិត្ត​សម្រាប់​បេតិកភណ្ឌ​ពិភពលោក នៅ​អង្គរ​(​អប្សរា​)​

#