ទន្លេសាប​ជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ជា​បឹង​ដែល​ផ្តល់​ទិន្នផល​ត្រី​ច្រើនជាងគេ​លើ​ពិភពលោក​

810
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ទន្លេសាប​ជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ជា​បឹង​ដែល​ផ្តល់​ទិន្នផល​ត្រី​ច្រើនជាងគេ​លើ​ពិភពលោក ជា​ជម្រក​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅក្នុង​តំបន់ ជា​កន្លែង​ដែល​អាច​ប្រមូល​ផល​សត្វ​ពស់​ច្រើនជាងគេ​លើ​ពិភពលោក (៥​លាន​ក្បាល​ក្នុង ១ ឆ្នាំ​) ហើយ​បាតុភូត​ដែលមាន​តែមួយ​នៅលើ​ពិភពលោក​គឺ​នៅពេល​រដូវវស្សា ទន្លេសាប​ស្រូបយក​ទឹក​ពី​ជំនន់​ទន្លេមេគង្គ ហើយ​នៅ​រដូវ​ទឹកសម្រក គឺ​ទន្លេសាប​បញ្ចេញ​ទឹក​ពី​អាង​របស់ខ្លួន​មក​ទន្លេមេគង្គ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​នេត្រ ភក្ត្រា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។​

​លោក​បន្តថា ទន្លេសាប​ជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ ប្រជាជន​កម្ពុជា​ហៅ​បឹង​ទន្លេសាប ជា​កូន​សមុទ្រ​ទឹកសាប​ដោយសារ​វិសាលភាព​ដ៏​ធំ​របស់​បឹង​នេះ​។ បឹង​ទន្លេសាប ជា​អាង​ស្តុក​ទឹកធម្មជាតិ និង​ជា​ជំរក​មច្ឆជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​រដូវប្រាំង​បឹង​មាន​ទំហំ​តូច ប្រហែល ២៧០០ គ​.​ម​២ និង​មាន​ជម្រៅ​ជាង​១​ម៉ែត្រ​ប៉ុណ្ណោះ​។ នៅ​រដូវវស្សា​វិញ ទឹកទន្លេ​មេគង្គ​ច្រាល​ឡើង​តាម​ទន្លេសាប ចូលមក បឹង​ទន្លេសាប ធ្វើឱ្យ​បឹង​នេះ​មាន​ទំហំ​ដល់​ទៅ​ជាង ១៦០០០ គ​.​ម​២ និង​ជម្រៅ​ដល់​ទៅ ៩​ម៉ែត្រ​។ បឹង​ទន្លេសាប ពង្រីក វិសាលភាព​របស់ខ្លួន​នៅ​រដូវវស្សា ដោយ​ពង្វាត​ផ្ទៃ​ទឹក​ចូល​ទៅតាម​តំបន់​ព្រៃរនាម ដែល​នៅ​ជុំវិញ បង្ក​លក្ខខណ្ឌ​អនុគ្រោះ​ដល់​ការពង​កូន​របស់​មច្ឆា​ជាតិ​។ កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​បឹង​ទន្លេសាប ក្លាយជា​ប្រភព​ត្រី​ទឹកសាប​ធំជាងគេ​នៅលើ​ពិភពលោក​។ បឹង​ទន្លេសាប ផ្គត់ផ្គង់​ជីវភាព ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៣​លាន​នាក់ ផ្តល់​ត្រី​ទឹកសាប ៧៥%​នៃ​ផលិតផល​ត្រី​ទឹកសាប​សរុប​ក្នុង ប្រទេស​។​

​ចរន្តទឹក​ដែល​ហូរ​បញ្ច្រាស់​គ្នា​ចូល​និង​ចេញពី​បឹង​ទន្លេសាប ជា​លក្ខខណ្ឌ​ការពារ​ទឹកជំនន់​នៅ​រដូវវស្សា និង ការខ្វះខាត​ទឹក​នៅ​រដូវប្រាំង​។ នៅ​រដូវវស្សា បឹង​ទន្លេសាប​ផ្តល់​៥០%​នៃ​ទឹក​ដែល​ហូរ​ទៅ​ស្រោចស្រប់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​។​

​ដៃ​បឹង​ទន្លេសាប​មានដូចជា​៖

​ដៃ​បឹង​ទន្លេសាប​ខាងឆ្វេង​មាន​៖
​ស្ទឹង​ស្រែង មាន​ប្រភពពី​ភ្នំ​ដងរែក​
​ស្ទឹង​សៀមរាប មាន​ប្រភព​មកពី​ភ្នំ​គូលែន​
​ស្ទឹង​រលួស​
​ស្ទឹង​ជីក្រែង​
​ស្ទឹង​ស្ទោង​
​ស្ទឹងសែន ដែលមាន​ប្រវែង ៤៥០​គ​.​ម​។​

​ដៃ​បឹង​ទន្លេសាប​ខាងស្ដាំ​មាន​៖
​ស្ទឹង​សេរី​សោ​ភ័​ណ្ឌ​
​ស្ទឹង​មង្គល​បូរី​
​ស្ទឹង​សង្កែ​
​ស្ទឹង​មោង​(​ស្ទឹង​ដូនតី​)
​ស្ទឹង​ស្វាយដូនកែវ​
​ស្ទឹង​ពោធិ៍សាត់​
​ស្ទឹង​បូ​រិ​បូ​ណ៍​៕