ទប់ស្កាត់​ការនាំ​ជ្រូក​ចូល ខណៈ​ជ្រូក​ក្នុងស្រុក​រង​ការ​រាល​ត្បា​ត​

276
ចែករម្លែក

​វិធានការ​ទប់ស្កាត់​ការនាំ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង ពិសេស​ពី​ប្រទេស​វៀតណាម មិនសូវមាន​ប្រសិទ្ធភាព​នាំឱ្យ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើតឡើង​នៅ​កម្ពុជា ចាប់តាំងពី ដើម ខែមេសា​ឆ្នាំ​២០១៩​។ នៅ​វៀតណាម ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ មន្ត្រី​ជំនាញ​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រាតត្បាត នៅក្នុង បួន​ខេត្តហើយ​គឺ​នៅ​ខេត្តរតនគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តស្វាយរៀង និង​ខេត្តតាកែវ ដែល​បាន​បណ្តាលឱ្យ​ជ្រូក​ងាប់​ប្រមាណ ២.០០០ ក្បាល ហើយ​មន្ត្រី​ជំនាញ​ក៏បាន បំផ្លាញ​ជ្រូក​នៅ​តំបន់​ទាំងនោះ ជិត ៨០០ ក្បាល​ថែមទៀត​។ គិត​ជា​មធ្យម ជ្រូក​មួយ ក្បាល តម្លៃ ២០០ ដុល្លារ​អាម៉េរិក​។​

​ជា​វិធានការ​ចំពោះមុខ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងកសិកម្ម​ក៏ដូចជា​ក្រសួង សុខាភិបាលបានចេញ​បម្រាម ទប់ស្កាត់​ការនាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​រួមទាំង​វិធានការផ្សព្វផ្សាយ​អប់រំ ព្រមទាំង​ដាក់​តំបន់​ដែល​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ជា​តំបន់ ហាមឃាត់ ការ​ចរាចរ ដឹកជញ្ជូន​ជ្រូក បំផ្លាញ​ជ្រូក និង​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តំបន់​ទាំងនោះ ជាដើម​។​

​តែ​យ៉ាងណាក៏ដោយ ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក នៅ​កម្ពុជា សព្វថ្ងៃ​មិនមែនជា​ស្ថានភាព ស្រាល​នោះទេ ព្រោះ​ជា​ប្រភេទ​មេរោគ​កម្រិត​ពីរ​ដែលជា​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវតែ​សហការ និង​បង្កើន​ការប្រុងប្រយ័ត្ន​។ ប៉ុន្តែ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កើតឡើង​តែ​លើ​សត្វ​ជ្រូក​ប៉ុណ្ណោះ មិនកើត​លើស​ត្វ​អ្វី​ផ្សេង​ឡើយ ហើយក៏​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែរ ប៉ុន្តែ​នៅពេល​វា​កើត​ហើយ​វា​បណ្ដាល ឱ្យ​ជ្រូក​ងាប់ ១០០ ភាគរយ គឺ​ពិភពលោក មិនទាន់មាន​ថ្នាំ​ព្យាបាល​នៅឡើយ​។

​មន្ត្រី​ជំនាញ​បាន​ណែនាំ​ថា មធ្យោបាយ​ប្រសិទ្ធភាព​បំផុត គឺ​ការពារ ឬ​ហៅថា ធ្វើ​ជីវៈ សុវត្ថិភាព​។ រីឯ​វិធី​អនុវត្ត​ជីវៈ​សុវត្ថិភាព​នោះ គឺ​ទី​១-​មិនត្រូវ​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក​ផ្សេង ឡើយ ទី​២-​ដាច់ខាត​មិនត្រូវ​អនុញ្ញាតឱ្យ​អ្នកផ្សេង ចូល​កន្លែង​ចិញ្ចឹម​ជ្រូក​របស់គាត់ និង​ទី​៣-​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​រៀងៗ​ខ្លួន​។ លើសពីនេះ​ទៅ មិន​ត្រូវយក​អាហារ​សំណល់ ទៅឱ្យ​ជ្រូក​ស៊ី​ឡើយ ហើយក៏​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ អាហារ​ធ្វើ​ពី​សាច់ជ្រូក​នាំ ចូល​ពី​ប្រទេស ឬ​តំបន់ ដែលមាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ព្រោះ​អាហារ​ទាំងនោះ អាចមាន​មេរោគ នៃ​ជំងឺ​កាច​សាហាវ​នេះ សំងំ​លាក់ខ្លួន នៅក្នុង​នោះ​។​

​នៅពេល​ជំងឺប៉េស្ត​ជ្រូក កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​វៀតណាម គឺ​នៅតែមាន​សេចក្តី​រាយ ការណ៍​ពី​ការ​លួចលាក់​នាំ​ជ្រូក​ពី​វៀតណាម ចូលមក​កម្ពុជា​។ មូលហេតុ​ដោយសារតែ នៅ​វៀតណាម តម្លៃ​ជ្រូក​ថោក​ជាង​កម្ពុជា​ហើយ​នៅ​វៀតណាម​ក៏​ឆ្លង​រាលដាល ជំងឺប៉េស្ត​ជ្រូក ដែល​ធ្វើ​ឲ្យ​ជ្រូក​ងាប់​រាប់លាន​ក្បាល​។

​អ្នករកស៊ី​នាំ​ជ្រូក​ចូល​ពី​វៀតណាម បាន​ចំណេញ​ច្រើន​។ រីឯ​មន្ត្រី​ជំនាញ​ខិលខូច​មួយ ចំនួន​នៅ​ច្រករបៀង​ព្រំដែន និង​មិនមែន​របៀង​ក៏បាន​សើម​មាត់​សើ​មកពី​ការ​បើកដៃ ឲ្យ​ឈ្មួញ​មិន​ស្មោះត្រង់​មួយចំនួន នាំ​ជ្រូក​ពី​វៀតណាម មក​លក់​ក្នុងស្រុក​។ ប៉ុន្តែ​អ្នក ទាំងនេះ ភ្លេច​គិតថា ជ្រូក​ពី​វៀតណាម​បានសម្លាប់​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក ហើយ​នៅ ពេលនេះ ថែមទាំង​នាំ​ជំងឺឆ្លង​រាលដាល​ដល់​សត្វ​ជ្រូក​ថែមទៀត​។

​ក្រៅពី​ចម្លង​មេរោគ​ប៉េស្ត​ជ្រូក ដែល​បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់ ដោយ​គ្មាន​ថ្នាំ​ព្យាបាល គឺ​អ្នក​ទទួលទាន ដែល​មិនបាន​ចំ​អិត​ឲ្យ​បាន​ឆ្អិន​ល្អ ក៏​អាច​នឹង​ប៉ះ​ដល់​សាច់ញាតិ របស់​ឈ្មួញ​ខិលខូច ព្រមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​ដែល​ស៊ុមគ្រលុំ​ឲ្យ​មាន​ការនាំ​ជ្រូក ផ្ទុក​ជំងឺ​ចូល​ផងដែរ​។

​ករណីនេះ​ទាមទារ​ឲ្យ​មានការ​ស្មោះត្រង់​ពី​ឈ្មួញ​រកស៊ី​ជ្រូក រួមទាំង​មន្ត្រី​ជំនាញ ដែល​ទទួលបន្ទុក​នៅតាម​ព្រំដែន​។ តែបើ​នៅតែមាន​ជ្រូក​នាំចូល​ពី​ប្រទេសជិតខាង គឺ​មន្ត្រី​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​រួមទាំង​អាជ្ញាធរ​ផង​។ គួរតែ​ត្រូវបាន​ដក​បញ្ឈរជើង និង​ទទួល រង​នូវ​ការពិន័យ​។ ការ​នាំចូល​ជ្រូក​ទាំង​ឡានៗ មិនមែន​ជ្រូក​ចេះ​កំបាំង ខ្លួន​ឯណា​?​។​

​នៅពេល​ជំងឺប៉េស្ត​ឆ្លង​រាលដាល​ចូល​មកដល់​ប្រទេស​កម្ពុជា​យើង​នេះ គឺ​អ្នក​ចិញ្ចឹម​ជ្រូក ពិសេស​ប្រជាកសិករ ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ រង​ផលប៉ះពាល់​ច្រើនជាងគេ​។ ចំណែក​អ្នក​ទទួលទាន​សាច់ជ្រូក ដែល​មិនបាន​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ​ក៏​ចេះតែ​បារម្ភ​ពី បញ្ហា​សុខភាព ដោយសារតែ​គិតថា ខ្លួន​ទទួលទាន​ជ្រូក​ឈឺ​ងាប់ ជាដើម​។​

​ដូច្នេះ បើសិនជា​ជ្រូក​ឈឺ​ងាប់​ពី​ប្រទេសជិតខាង នៅតែមាន​ការនាំ​ចូល​នោះ​អ្នក​ចិញ្ចឹម ជ្រូក​ក្នុងស្រុក ជួប​បញ្ហា ដោយសារតែ​តម្លៃ​ជ្រូក​នាំចូល ថោក​ជាង​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ហើយ​ពេលនេះ​ទៀត ជ្រូក​ឆ្លង​ជំងឺប៉េស្ត ពី​ប្រទេសជិតខាង​ក៏​កំពុង​រាតត្បាត​នៅក្នុង ប្រទេស បណ្តាល​ឲ្យ​ជ្រូក​ឈឺ​ងាប់​ជា​បន្តបន្ទាប់​។ សុខភាព​អ្នក​ទទួលទាន​សាច់ជ្រូក ក៏​កើតជា​ការព្រួយបារម្ភ បើទោះបីជា​អ្នកជំនាញ អះអាងថា​ជំងឺ​កាច​សាហាវ​លើ សត្វ​ជ្រូក ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ មិន​ឆ្លង​មក​មនុស្ស​ក៏ដោយ​៕ ដោយ​:​ម៉េង​ឆៃ

#