មេធាវី២រូបដែលបានប្តឹងនាងបាននិយាយកាលពីថ្ងៃពុធទី៥ធ្នូថា ពាក្យបណ្តឹងប្រឆាំងនឹងតារាសម្តែងអេហ្ស៊ីបរូបនេះពីបទស្លៀកពាក់ឃើញសាច់សិចស៊ីត្រូវបានទម្លាក់ចោលហើយ បន្ទាប់ពីនាងបានសុំទោសជាសាធារណៈ។
នាងរ៉ានីយ៉ា យូសេហ្វ (Rania Youssef) ត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យមនុស្សងប់ងល់នឹងសិច” កាលពីសប្តាហ៍មុន បន្ទាប់ពីបានបង្ហាញមុខនៅឯពិធីបិទមហោស្រពភាពយន្តអន្តរជាតិទីក្រុងគែរ ដោយស្លៀកពាក់ឈុតខ្មៅបញ្ចេញសាច់ភ្លៅ។
លោកមេធាវី អាមឺ អាប់ឌែលសាឡាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងបានដកចេញនូវពាក្យបណ្តឹងដែលយើងបានប្តឹងប្រឆាំងនឹងនាង រ៉ានីយ៉ា យូសេហ្វ នៅព្រឹកនេះ (៥ធ្នូ)”។
តារាសម្តែងវ័យ ៤៥ ឆ្នាំរូបនេះគ្រោងនឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី ១២ ខែមករាដើម្បីប្រឈមនឹងបណ្តឹងដាច់ដោយឡែក២ ប្តឹងដោយមេធាវីឈ្មោះ អាប់ឌែលសាឡាំ និង សាមៀ សាប្រ៊ី ដែលល្បីខាងដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះប្រឆាំងនឹងតារាល្បីៗ។
ករណីរបស់នាងបានបង្កឱ្យមានភាពចម្រូងចម្រាស់នៅក្នុងប្រទេសអេហ្ស៊ីបហើយបានធ្វើឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គមស្តីពី “សុភាវធម៌សាធារណៈ” និងថាតើការស្លៀកពាក់បញ្ចេញសាច់អាចជាប់គុកដែរឬអត់។
ភាពចលាចលនេះបានជំរុញឱ្យនាងយូសេហ្វសុំអភ័យទោសជាសាធារណៈ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថានាងមិនរំពឹងថាមានប្រតិកម្មខ្លាំងក្លាបែបនេះទេ ហើយនឹងមិនស្លៀកពាក់ឈុតសិចស៊ីនេះឡើយ ប្រសិនបើនាងដឹងថាវានឹងបង្កកំហឹងបែបនេះ។
នាងយូសេហ្វបាននិយាយកាលពីថ្ងៃពុធនៅលើហ្វេសប៊ុកថា នាងបានទៅការិយាល័យរដ្ឋអាជ្ញារដើម្បីធ្វើការស៊ើបអង្កេតរយៈពេល ៤ ម៉ោងហើយបន្ទាប់មកត្រូវបានដោះលែង។
នាងបានបន្ថែមថា “ការស៊ើបអង្កេតនៅតែកំពុងបន្តធ្វើនៅឡើយទេ”៕ ដោយ៖ កញ្ញាដាលីស