ទម្លាប់​ពេល​គេង​ដែល​ជួយ​ឱ្យ​ស្រក​ទម្ងន់​ឆាប់រហ័ស​

378
ចែករម្លែក

​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កំឡុងពេល​គេង​រាងកាយ​ដុតបំផ្លាញ​កាឡូរី​បាន​ចន្លោះ​ពី ៣០០ ដល់ ៤០០ ឯណោះ​ដែល​នេះ​ស្មើនឹង​ការរត់​ហាត់ប្រាណ​រយៈពេល​មួយ​ម៉ោង​ពេញ​។ អ្នកជំនាញ​ជាច្រើន​អះអាងថា​ការ​គេង​ស្កប់​គ្រប់ គ្រាន់​អាចជួយ​អោយ​ស្រក​ទម្ងន់​បាន​យ៉ាង​ប្រសើរ​មិន​បង្ក​ផលប៉ះពាល់​ផ្សេងទៀត​ដល់​សុខភាព​ឡើយ គឺ​ដូចនឹង ហាត់ប្រាណ​ដែរ​! ទោះជា​យ៉ាងណា​អ្នក​គួរប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​មួយចំនួន​ទើប​អាច​ស្រក​ទម្ងន់​ខណៈពេល​គេង ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

១. ទទួលទាន​ទឹក​ទំពាំងបាយជូរ​ស្រស់​​
នោះ​ក៏​ព្រោះតែ​ទឹក​ទំពាំងបាយជូរ​ស្រស់​មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ហៅថា resveratrol ដែល​បំ​លែង​ជាតិ​ខ្លាញ់​មិនល្អ ពណ៌​ស​ទៅជា​ខ្លាញ់​សុខភាព​ល្អ​ពណ៌​ត្នោត​។ នៅពេល​គេង​រាងកាយ​ប្រើប្រាស់​ខ្លាញ់​ពណ៌​ត្នោត​ដើម្បី​រក្សា​កម្ដៅ​។ ដូច្នេះ​ការទទួល​ទាន​ទឹក​ទំពាំងបាយជូរ​ស្រស់ ១ ពែង​មុនពេល​ចូល​គេង​នឹង​បង្កើន​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ដែល​លើស​ជំនួស​ការរក្សា​ទុក​វា​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​ជ្រើសរើស​ទឹក​ទំពាំងបាយជូរ​ស្រស់​គ្មាន ផ្ទុក​ជាតិ​ស្ករ​បន្ថែម​។​

២. ចូល​គេង​និង​ក្រោក​ឡើង​ទៀង​ម៉ោង​​
តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ម៉ោង​ចូល​គេង​និង​ក្រោក​មិន​ទៀង​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ជាមួយ​ការ​កើន​ទម្ងន់​លើស​កម្រិត​? នោះ​ក៏​ព្រោះតែ​វា​នឹង​ជះឥទ្ធិពល​លើ​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​គ្រប់គ្រង​ការ​គេង ព្រមទាំង​ទទួលខុសត្រូវ​ចំពោះ ការបង្កើន​ភាព​សកម្ម​នៃ​កោសិកា​ខ្លាញ់​ពណ៌​ត្នោត​ដែល​ជួយ​ដុតបំផ្លាញ​កាឡូរី​។​

៣. មិន​លេង​ទូរ​សព្ទ ឬ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត​មុនពេល​ចូល​គេង​​
ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​ទូរ​សព្ទ​អាច​បង្ក​ការរំខាន​ដល់​ដំណេក ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ការរំខាន​ដល់​ការ​គេង​នេះ​ក៏​ផ្សារភ្ជាប់​ជាមួយ​ជំងឺ​ធាត់​ជ្រុល​ផងដែរ​។​នោះ​ក៏ ព្រោះតែ​រាងកាយ​មិនអាច​ផលិត​អ័រម៉ូន​គ្រប់គ្រង​ការ​ឃ្លាន ghrelin និង leptin បាន​។​ហើយ​វា​មិន​ត្រឹមតែ​ការលេង​ទូរ​សព្ទ នៅមុន​ពេល​គេង​លក់​ប៉ុណ្ណោះ​ទេ​ដែល​បង្ក​ការរំខាន​ដល់​រាងកាយ ប៉ុន្តែ​សូម្បីតែ​ពន្លឺ​ចេញពី​ទូរ​សព្ទ​ខណៈពេលដែល​អ្នក គេង​ក៏​ជះឥទ្ធិពល​ដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​លេង​ទូរ​សព្ទ ឬ​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត​មុន ពេល​ចូល​គេង​យ៉ាងហោចណាស់ ២ ម៉ោង​។​

៤. ទទួលទាន​អាហារសម្រន់​មាន​ជាតិ​ប្រូតេអ៊ីន​​
ប្រសិនបើ​ជ្រើសរើស​ប្រភេទ​អាហារសម្រន់​បាន​ត្រឹម​ត្រូវការ​ទទួលទាន​វា​នៅ​មុនពេល​ចូល​គេង​មិន​ធ្វើអោយ​អ្នក​កើន ទម្ងន់​ឡើយ​។ ហើយ​អាហារសម្រន់​ដែល​ប្រសើរ​បំផុត​សម្រាប់​ទទួលទាន​មុនពេល​ចូល​គេង​នោះ​គឺ​ប្រភេទ​អាហារ​ដែល មាន​ផ្ទុក​សម្បូរ​ដោយ​ប្រូតេអ៊ីន​ដែល​ជួយ​បង្កើន​កម្រិត​នៃ​ការដុត​រំលាយ​អាហារ​និង​ការលូតលាស់​នៃ​សាច់ដុំ​។​

៥. ទទួលទាន​តែ​រុក្ខជាតិ​
តែ​រុក្ខជាតិ​មួយចំនួន​អាចជួយ​អោយ​អ្នក​ស្រក​ទម្ងន់​នៅពេល​យប់​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​តែ​រុក្ខជាតិ​ប្រភេទ​ណា ដែល​ល្អ​ចំពោះ​សុខភាព​និង​មាន​ឥទ្ធិពល​លើ​ទម្ងន់​របស់​អ្នក​។ សាកល្បង​ទទួលទាន​តែ Cinnamon ដើម្បី​បំបាត់ ការ​រលាក​និង​ទប់ស្កាត់​ការ​ហើម​នៅពេល​ព្រឹក​។ តែ​ជី​អង្កាម​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ចៀសវាង​ការទទួល ទាន​ច្រើន​។ ហើយ​តែ Chamomile បង្កើន​ការដុត​រំលាយ​អាហារ​និង​ជួយ​សម្រួល​ដល់​ស​សៃ​ប្រសាទ​៕ ដោយៈ health.com.kh