ទម្លាប់​ឡើងមក​ភ្នំពេញ ទិញ​ត្រី​ធ្វើ​ប្រហុក ដែល​ពលរដ្ឋ​ខ្មែរ​មិន​បោះបង់ចោល​

575

​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​បោះបង់ចោល​ទម្លាប់​ក្នុង​ការឡើង​មកកាន់​ទី​ក្រុងភ្នំពេញ​ដើម្បី​ប្រមូល​ទិញ​ត្រី​ល្អិតៗ​សម្រាប់ធ្វើ​ត្រី​ប្រហុក​នោះទេ បើទោះបី​សម័យកាល​មាន​ការវិវត្ត​យ៉ាងណាក៏ដោយ​។​

​នៅតាម​បណ្តោយ​មាត់ទន្លេ​ម្តុំ​គីឡូម៉ែត្រ​លេខ​ប្រាំ​៩ ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​បានរៀបចំ​កន្លែង​ស្នាក់នៅ​ក្រោម​ដំបូល​តង់​ជាប់​នឹង​មាត់ទន្លេ​តែម្តង​។ នៅជាប់​នឹង​មាត់ទន្លេ គឺ​ដោយសារ​ងាយស្រួល​ក្នុង​ការចុះពិនិត្យ និង​ទិញ​ត្រី​ដែល​ដឹក​តាម​ទូក​មក​ចត​នៅក្បែរនោះ​។​

​ស្ត្រី​ម្នាក់​កំពុង​ពិនិត្យមើល​ត្រី​ដែល​ទើប​ដឹក​តាម​ទូក​មកដល់​ច្រាំង ដើម្បី​ទិញ​ទុក​ធ្វើ​ប្រហុក​

អ្នកស្រី ម៉ៅ ហ៊ាន វ័យ ៥៧​ឆ្នាំ មកពី​ខេត្តតាកែវ​ឲ្យ​ដឹងថា​អ្នកស្រី​បានមក​ភ្នំពេញ​បាន​ពីរ​ថ្ងៃ​ហើយ ដើ​ម្បិ​រង់ចាំ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​។ បើ​និយាយ​ពី​ការ​មក​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​នេះ អ្នកស្រី​ថា អ្នកស្រី​បានធ្វើ​បែបនេះ​តាំងពី​អ្នកស្រី​មាន​អាយុ​១៦​ឆ្នាំ មក​ម្លេះ​។ អ្នកស្រី​បន្តថា ជា​រៀងរាល់ឆ្នាំ​អ្នកស្រី​តែ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​នៅពេល​រដូវ​ត្រី​ត្រូវ​ម្តងៗ​។​

អ្នកស្រី ម៉ៅ ហ៊ាន កំពុង​ឈរ​ជាមួយ​ពលរដ្ឋ​ផ្សេងទៀត ត្រៀម​ពិនិត្យ និង​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​

​កំពុងតែ​ឈរ​ពិនិត្យមើល​ការលាង​សម្អាត​ត្រី​ដោយ​ម៉ាស៊ីន ដែល អ្នកស្រី​ទើប​ទិញ​បាន អ្នកស្រី​រៀបរាប់​ទៀតថា​ការ​ឡើងមក​ទិញ​ត្រី​នេះ​ជា​ទម្លាប់​របស់​អ្នកស្រី និង​អ្នកភូមិ​ទៅហើយ ដោយ​ថា​ពួក​អ្នកស្រី​មិន​ទម្លាប់​ទិញ​ប្រហុក​គេ​ទទួលទាន​នោះទេ ពោលគឺ​មក​ទិញ​ត្រី និង​ផលិត​ខ្លួនឯង​ដើម្បី​ទុក​ទទួលទាន​ពេញ​មួយឆ្នាំ ឬ​អាច​លក់បាន​តិចតួច​ក៏មាន​។​

អ្នកទទួល​លាង​សម្អាត​ត្រី កំពុង​លើក​ត្រី​ចាក់​ចូល​ម៉ាស៊ីន​ដើម្បី​លាង​សម្អាត​

​ដើម្បី​ទិញ​ត្រី​បាន​អ្នកស្រី ម៉ៅ ហ៊ាន ត្រូវ​ប្រជ្រៀត​ជាមួយនឹង​អ្នក​ផ្សេងទៀត​ដើម្បី​បាន​ពិនិត្យ​រកត្រី​ដែល​នៅ​ស្រស់ៗ ដោយ​ថា​ត្រី​ស្រស់​មិនសូវ​ខាត​គីឡូ​ពេល​លាង​សម្អាត​ដោយ​ម៉ាស៊ីន​រួច​។ យ៉ាងណាមិញ​អ្នកស្រី​ត្អួ​ញ​ត្អែ​រដែ​រថា ត្រី​ឆ្នាំនេះ​មានតម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន ដោយ​ថា​ឆ្នាំមុន​ត្រី​ស្រស់​មួយ​គីឡូក្រាម​តម្លៃ​ពី​១ ៧០០​រៀល ទៅ​២ ០០០​រៀល តែ​ថា​ឆ្នាំនេះ​មានតម្លៃ​ពី​២ ០០០ ទៅ​២ ៥០០​រៀល​។​​បុរស​ម្នាក់​កំពុង​បាញ់​ទឹក​ចូល​ម៉ាស៊ីន​លាង​សម្អាត​ត្រី​

ចំណែក​លោក សួន ស៊ង កំពុង​អង្គុយ​រើស​ត្រី​ដែល​ទើប​លាង​សម្អាត​រួច​មានប្រសាសន៍ថា​ត្រី​ឆ្នាំនេះ​ហាក់​ឡើងថ្លៃ​ជាង​ឆ្នាំមុន​បន្តិច ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​ប្រមូល​ទិញ​បាន​តិច​។ លោក​បន្ថែមថា​រាល់​ឆ្នាំ លោក​ទិញ​ត្រី​បាន​ប្រហែលជា​៣០០​គីឡូក្រាម​តែ​ឆ្នាំនេះ​លោក​ទំនងជា​ទិញ​បាន​ប្រហែលជា​២០០​គីឡូក្រាម​ប៉ុណ្ណោះ​។​

​ត្រី​ដែល​លាង​សម្អាត​រួចហើយ​ត្រូវ​បូម​បញ្ជូន​តាម​បំពង់​មួយ​មកលើ​ច្រាំង​

​បុរស​វ័យ​៧០​ឆ្នាំ មកពី​ខេត្តតាកែវ​រូបនេះ​បន្តថា លោក​មិន​យល់​ទេ​ថា​ហេតុអ្វី​បានជា​ត្រី​ឆ្នាំនេះ​ឡើងថ្លៃ​បែបនេះ​។ លោក​រៀបរាប់ថាៈ «​តម្លៃ​ស្រេច​តែ​ឈ្មួញ នៅលើ​មាត់​(​គេ​)»​។​

លោក សួន ស៊ង កំពុង​រើស​ក្បាល​ត្រី ចេញពី​ត្រី​ដែល​ទើប​លាង​រួច​

​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​កំពុង​អង្គុយ​រើស​ត្រី​ដែល​សម្អាត​រួច​នៅក្រោម​ដំបូល​តង់​ជាប់​មាត់ទន្លេ​នោះ អះអាងថា​ពួកគាត់​មិន​ហ៊ាន​ទទួលទាន​ប្រហុក​ទិញ​នៅ​ផ្សារ​នោះទេ ដោយ​ថា​បារម្ភ​ពីសា​រា​ធាតុគីមី និង​ម្យ៉ាង​ទៀតថា​ប្រហុក​នៅលើ​ទីផ្សារ​សព្វថ្ងៃ​ក៏មាន​តម្លៃ​ថ្លៃ​មិន​ទាប​ជាង​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះដែរ​។ អ្នក​ទាំងនោះ​លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ប្រជាពលរដ្ឋ​ទទួលទាន​ប្រហុក​ជា​ទម្លាប់​ទៅហើយ ដែល​ទម្លាប់​នេះ​មិនអាច​បង់​បោះ​បានទេ ដោយ​ថា​ម្ហូបអាហារ​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ត្រូវការ​ប្រហុក​។​

​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ត្រី​បាន​អង្គុយ​រង់ចាំ​ទូក​ដឹក​ត្រី​ចូលមក​គៀក​ច្រាំង ម្នាក់ៗ​ពិនិត្យ និង​ទទួល​ទិញ​ទៅតាម​លទ្ធភាព​។ ប្រជាពលរដ្ឋ​ទាំងនោះ​មិន​លាង​សម្អាត និង​កាត់​ក្បាល​ត្រី​ដោយ​ខ្លួនឯង​នោះទេ ពោលគឺ​បន្ទាប់ពី​ទិញ​ហើយ ពួកគាត់​ជួ​លង​ម៉ាស៊ីន​ដែល​នៅក្បែរនោះ​ដើម្បី​លាង​សម្អាត ដោយ​១០០​គីឡូក្រាម​ត្រី​ស្រស់​ចំណាយ​ថ្លៃឈ្នួល​ចន្លោះ​ពី​២០ ០០០​រៀល ទៅ​២៥ ០០០​រៀល​។​

​ប្រជាពលរដ្ឋ​ផ្សេងទៀត​កំពុង​រើស​ក្បាល​ត្រី​ដែល​សេសសល់ ចេញពី​ត្រី​ដែល​លាង​រួច​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​ដឹងថា​ពីថ្ងៃ​ទី​២២​ដល់​២៧ ខែធ្នូ ឆ្នាំ ២០១៧ និង​ពី​ថ្ងៃទី​២១ ដល់​២៦ ខែមករា ឆ្នាំ​២០១៨ ជា​ពេលដែល​អាច​នេសាទ​ត្រី​បាន​ច្រើន បើសិនជា​មេឃ​ស្រឡះ​គ្មាន​ភ្លៀង​។ សម្រាប់​រយៈពេល​នេះ រដ្ឋបាល​ជលផល​ថា​ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​ត្រី​ប្រហុក​អាច​ឡើងមក​ទិញ​ទុក​ធ្វើ​ប្រហុក ផ្អក​បាន​៕​អត្ថបទ​៖ ទូច សុខា​/sn​