ទម្លាប់​អ្វីខ្លះ​ធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ឆាប់រហ័ស​?

195
ចែករម្លែក

ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​អាច​បង្ក​គ្រោះថ្នាក់​សុខភាព ជាពិសេស​ហានិភ័យ​នៃ​ជំងឺ​ទឹក នោម​ផ្អែម​។ ថា​តើ​ទម្លាប់​អ្វីខ្លះ​អាចធ្វើឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខុសធម្មតា​?

១. ទទួលទាន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ ឬ​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​
​ប្រសិនបើ​អ្នក​គិតថា​ភេសជ្ជៈ​គ្មាន​ជាតិ​ស្ករ​ដែល​ផ្ទុក​ជាតិ​ផ្អែម​សិប្បនិម្មិត​មិនអាច​ជះ ឥទ្ធិពល​អ្វី​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​ចូរ​គិត​ម្ដងទៀត​! តាមពិតទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត ជះឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផលប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

២. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក
ចូរ​កម្រិត​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាបូ​អ៊ី​ដ្រា​ត​ប្រសិនបើ​អ្នក​ចង់​ចៀសផុត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ នោះ​ក៏​ព្រោះតែ​កាបូ​អ៊ី​ដ្រា​ត​នឹង​ត្រូវបាន បំ​លែង​ជា​ជាតិ​ស្ករ​ដោយ​រាងកាយ​។​

៣. ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​ច្រើន​
ការទទួល​ទាន​អាហារ ឬ​ភេសជ្ជៈ​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន​ប្រាកដជា​អាច​បណ្ដាលឱ្យ កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​មិន​ខាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការ ទទួលទាន​របស់​អ្នក​។​

៤. ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន​
ថ្វីត្បិតតែ​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិន​បណ្ដាល​ឳ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ដោយផ្ទាល់​ប៉ុន្តែ​វា​រួមចំណែក​បង្កើន​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​របស់​រាង កាយ​។ លើសពីនេះទៅទៀត​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​ដែល អាច​ជះឥទ្ធិពល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ទោះជា​យ៉ាងណា​នេះ​មិន​មែនមាន ន័យ​ថា​អ្នក​កំពុងមាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​និង​អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​បានតែ​ម្ដង​នោះទេ គឺអាច​ញ៉ាំ​បាន​ក្នុង​បរិមាណ ឬ​កម្រិត សមល្មម​។​

៥. អសកម្ម​គ្រប់ពេល ឬ​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ
ការមិនធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។ ថា​តើ​អ្នក ធ្លាប់​ដឹង​ទេ​ថា​ការធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមបញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស​? យោងតាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​នៅលើ​ពិភពលោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០ នាទី​រាល់​សប្តាហ៍​។ ហើយ​ចំពោះ អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​មិនគួរ​ផ្អាក ឬ​រំលង​លើសពី ២​ថ្ងៃ​ជាប់​គ្នា ឡើយ​។​

៦. ជក់បារី​
មិន​ត្រឹមតែ​ជះឥទ្ធិពល​ខ្លាំង​ដល់​សួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការជក់បារី​ក៏បង្ក​បញ្ហា​ជាច្រើន​ចំពោះ សុខភាព​រាងកាយ​ពិសេស​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នីកូទីន ក្នុង​បារី​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​៕ ដោយៈ health.com.kh