ទល់​លាមក​៥​ថ្ងៃ ដោយសារ​តែ​គុជ​

1072
ចែករម្លែក

​អ្នក​និយម​ចូលចិត្ត​ភេសជ្ជៈ​តែ​គុជ គួរ​មាន​ការប្រុងប្រយ័ត្ន​ពី​មេរៀន​មួយ​នេះ​។​ក្មេងស្រី​ចិន​អាយុ​១៤​ឆ្នាំ បាន​ចូល​ដេកពេទ្យ ក្រោយ​ទល់លាមក​មិន​អាច​ស៊ី​អាហារ​និង​ឈឺ​ពោះ​​អស់​៥​ថ្ងៃ​។​

​ក្មេង​ស្រី​មក​ពី​ខេត្ត ហ្សេ​ជាំង​នេះ បាន​ត្អូញត្អែរ​អំពី​ឈឺពោះ​បត់ជើង​មិន​ចេញ និង​មិន​អាច​ស៊ី​អាហារ​ថែម​។​យោង​តាម​សារព័ត៌មាន​ចិន នាង​ត្រូវបាន​ឪពុក​ម្តាយ​នាំ​ទៅកាន់​​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​២៨​ឧសភា​។​

​ដោយ​មិន​អាច​រកឃើញ​មូលហេតុ​ឈឺពោះ​ឃើញ ពេទ្យ​បាន​ស្គែ​ន​និង​រក​ឃើញ​ស្រមោល​គ្រាប់​តូចៗ​នៅក្នុង​ពោះ​របស់​នាង​។​គ្រូពេទ្យ​សន្និដ្ឋានថា ស្រមោល​គ្រាប់​នេះ​មាន​ប្រមាណ​១០០​គ្រាប់ ជា​ដុំ​ម្សៅ​ស្វិត​មូលៗ​ដែល​គេ​ដាក់​ក្នុង​តែ​ដែល​នាង​បាន​ផឹក​។​

​ដោយ​ទំនងជា​មិន​ចង់អោយ​ឪពុក​ម្តាយ​ស្តីបន្ទោស ដំបូង​នាង​ស្ទាក់ស្ទើរ​មិន​ចង់​ប្រាប់​ពេទ្យ​ថា​នាង​បាន​ផឹក​តែ​គុជ​ទេ និង​ថា​នាង​ផឹក​វា​តែ​មួយ​កែវ​ទេ​មុន​ធ្លាក់ខ្លួន​ឈឺ​។​តែបើ​​តាម​គ្រូពេទ្យ ស្ថានភាព​នេះ​បង្ហាញ​ថា​នាង​ផឹក​វា​ជា​ញយៗ​ដែល​ធ្វើអោយ​ស្ទះ​ពោះវៀន និង​អាចឈាន​ទៅ​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​ទីបំផុត ពេទ្យ​បាន​ប្រើ​ថ្នាំ​បញ្ចុះ​ដើម្បី​យក​គ្រាប់​តែ​គុជ​ទាំងនោះ​ចេញ​។​

​អ្នកជំនាញ​វេជ្ជសាស្ត្រ​ម្នាក់​ក៏​បាន​ព្រមាន​ថា គ្រាប់​តែ​គុជ​ធ្វើ​ពី​ម្សៅ​នេះ រឹង​ពិបាក​រំលាយ​។​ហាង​ខ្លះ​ថែម​ទាំង​ដាក់​បញ្ជូន​សារធាតុ​គីមី​អោយ​វា​ស្វិត​រឹង​មិន​ងាយ​រលាយ​ថែម​ទៀត​។​ការ​​ទទួលទាន​វា​ញយៗ​នឹង​នាំអោយ​មាន​បញ្ហា​ពោះវៀន​៕​ដោយ​៖​វាសនា​

#