ទស្សនកិច្ច​របស់លោក​ស៊ី​ទៅកាន់​នេ​ប៉ាល់​នឹង​បើកឱកាស​យុទ្ធសាស្ត្រ​ថ្មី​

479
ចែករម្លែក
ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ​របស់​នេ​ប៉ាល់

​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​ទៅកាន់​ប្រទេស​នេ​ប៉ាល់​នឹង​បើកឱកាស​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​ក៏ដូចជា​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ប្រទេស​ឥណ្ឌា​តាមរយៈ​ការជំរុញ​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​។​

​នៅពេល​ក្រឡេកមើល​មួយ​ភ្លែត អ្នកសង្កេតការណ៍​ជាច្រើន​ច្បាស់​ជា​គិតថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​បង្កើន​ការប្រកួតប្រជែង​រវាង​ចិន​និង​ឥណ្ឌា​លើ​ប្រទេស​គ្មាន​ព្រំដែន​សមុទ្រ​មួយ​នេះ​។ ទោះយ៉ាងណា ការពិនិត្យ​ឡើងវិញ​នៃ​ការវិវឌ្ឍ​ដែល​ពាក់ព័ន្ធ​បំផុត​នៅក្នុង​ប្រទេស​នេ​ប៉ាល់​នៅ​សតវត្សរ៍​នេះ​នឹង​ជួយ​ក្នុងការ​ស្វែងយល់​ពី​មូលហេតុ​ដែល​បញ្ហា​នេះ​គឺ​មិនមែនជា​ករណី​ចាំបាច់​។​

​ពីមុន​ជា​ព្រះរាជាណាចក្រ​ហិណ្ឌូ​រហូតដល់​ការលុបបំបាត់ចោល​រប​ប​រាជានិយម​ក្នុង​ឆ្នាំ ២០០៨ គឺ​ពីរ​ឆ្នាំ​បន្ទាប់ពី​បញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​យូរអង្វែង​របស់ខ្លួន នេ​ប៉ាល់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រដ្ឋ “​ចំណុះ​” របស់​ឥណ្ឌា​អស់​ជាច្រើន​សតវត្សរ៍​រហូត​ដល់​ពួក​កុម្មុយនីស្ត​បាន​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​និង​ទទួលជោគជ័យ​ដោយ​សន្តិវិធី​នៅ​ការិយាល័យ​បោះឆ្នោត​។​

​ហេតុ​ដូច្នេះហើយ ចលនា​ឥត​បក​ក្រោយ​របស់​ប្រទេស​នេះ​ឆ្ពោះទៅរក​ស្វ័យ​ភាពជា​យុទ្ធសាស្ត្រ​ក្នុង​កិច្ចការ​កិច្ចការ​ក្នុងស្រុក​និង​បរទេស​បានចាប់ផ្តើម ដោយ​ឃើញ​នេ​ប៉ាល់​ប៉ុនប៉ង​រក្សា​តុល្យភាព​ដោយ​ប្រុងប្រយ័ត្ន​រវាង​ប្រទេសជិតខាង​ធំៗ​ទាំងពីរ​របស់ខ្លួន​។ ខណៈ​ចិន​គោរព​ជម្រើស​របស់​ដៃគូ​របស់​ខ្លួន ឥណ្ឌា​បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​នៃ​ការគិតគូរ​ដោយ​ក្តី​សង្ស័យ​និង​មានការ​ព្រួយបារម្ភ​អំពី​យុទ្ធសាស្ត្រ​របស់​ចិន​។​

​ទំនាក់ទំនង​រវាង​នេ​ប៉ាល់​និង​ឥណ្ឌា​បាន​ឈានដល់​ចំណុច​ទាប​បំផុត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១៥ នៅពេល​នេ​ប៉ាល់​ចោទប្រកាន់​ឥណ្ឌា​ថា​អនុម័ត​ការ​បង្ខាំង​ផ្លូវចេញចូល​របស់​នេ​ប៉ាល់​ដែលជា​ទម្រង់​មួយ​នៃ​សម្ពាធ​ធ្វើឡើង​ដើម្បី​បង្ខំ​ឱ្យ​រដ្ឋអំណាច​ប្រគល់​សិទ្ធិ​ជា​រដ្ឋ​នៅក្នុង​តំបន់​ទៅដល់​ប្រជាជន​ម៉ា​ដេ​ស៊ី​នៅ​តំបន់​ទំនាប​ភាគខាងត្បូង​នេ​ប៉ាល់​និង​មាន​ទំនាក់ទំនង​សេដ្ឋកិច្ចសង្គម​ដ៏​សំខាន់​ជាមួយ​ឥណ្ឌា​។​

​ទោះបី​ឥណ្ឌា​បដិសេធថា​ខ្លួន​មិនបាន​បង្ខាំង​នេ​ប៉ាល់ ជាពិសេស​ជាមួយ​ចេតនា​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​នេ​ប៉ាល់​ក្នុង​ការបង្កើត​អង្គភាព​ចំណុះ​រដ្ឋ​មួយ​នៅតាម​ព្រំដែន​រួម​របស់​ពួកគេ​ក្តី ក៏ប៉ុន្តែ​ប្រជាជន​រងគ្រោះ​ភាគច្រើន​បាន​ស្តីបន្ទោស​អ្នកជិតខាង​នៅ​ភាគខាងត្បូង​របស់ខ្លួន​ចំពោះ​ទុក្ខលំបាក​ដែល​ពួកគេ​បាន​ជួបប្រទះ​ដោយសារតែ​ការ​បង្ខាំង​នេះ​។ គួរ​ជ្រាប​ដែរ​ថា ប្រទេស​នេ​ប៉ាល់​បាន​រង​ការវាយប្រហារ​ដោយ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​ដើមឆ្នាំ​នោះ (២០១៥) ដែល​ចាប់តាំងពី​ពេល​នោះមក​មិនទាន់​ស្តារ​វិញ​បាន​ពេញលេញ​ទេ​សូម្បី​រហូតមកដល់​សព្វ​ថ្ងៃ​ក្តី ដូច្នេះ​កង្វះខាត​ស្បៀងអាហារ​និង​ឥន្ធនៈ​គឺ​ពិតជា​មហន្តរាយ និង ត្រូវបាន​ចាត់ទុកថា​ជាការ​ដាក់ទណ្ឌកម្ម​យ៉ាង​សាហាវព្រៃផ្សៃ​ពី​ប្រទេស​ឥណ្ឌា​ដែលមាន​គំនិត​ចក្រ​ព​ត្ដិ​និយម ដែល​ចេះតែ​កើតក្តី​បារម្ភ​រហូត​អំពី​ការបាត់បង់​ប្រទេស​ចំណុះ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

​ទោះយ៉ាងណា ស្ថានភាព​នោះបាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចាប់តាំងពី​ពេលនោះ​មក បន្ទាប់ពី​នេ​ប៉ាល់​ផ្តល់​អាទិភាព​ដល់​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ចិន ក្រោយពី​មាន​វិបត្តិ​រញ្ជួយ​ដី ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​ប្រទេស​ឥណ្ឌា​។​

​គោលនយោបាយ​មួយ​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​រហូតមកទល់​ពេលនេះ ដោយ​នេ​ប៉ាល់​ថ្មីៗ​នេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ខ្លួន​ហើយ​ថែមទាំង​ប្តេជ្ញា​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ (BRI) ទៀតផង​។​

​សម្រាប់​ចិន​ឯណេះ​វិញ ក៏មាន​ការនិយាយ​អំពី​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​នៅ​ថ្ងៃ​ណាមួយ​ផងដែរ​ដើម្បី​ភ្ជាប់​ប្រទេស​ទាំងពីរ​និង​ភ្ជាប់​សេដ្ឋកិច្ច​នេ​ប៉ាល់​ឱ្យ​កាន់តែ​កៀក​ពិភពលោក​ទាំងមូល​ដើម្បី​ជា​មធ្យោបាយ​ធានាបាន​នូវ​កំណើនសេដ្ឋកិច្ច​ជា​និរន្ត​របស់ខ្លួន​។​

​ពិតណាស់​គឺមាន​សំឡេង​ជាតិនិយម​ជ្រុល​មួយចំនួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាត់ទុក​ការអភិវឌ្ឍ​គ្មាន​លម្អៀង​ខាង​នយោបាយ​គិតតែ​សេដ្ឋកិច្ច​សុទ្ធសាធ​នេះ​ថា​ជា “​ការគំរាមកំហែង​” ចំពោះ​សន្តិសុខ​របស់​ពួកគេ​។ ទោះយ៉ាងណា ខុសពី​កន្លះ​ទសវត្សរ៍​មុន រដ្ឋាភិបាល​ឥណ្ឌា​មិនមាន​ប្រតិកម្ម​ខ្លាំងពេក​ទេ​និង​ហាក់ដូចជា​បាន​រៀនសូត្រ​មេរៀន​របស់ខ្លួន​ថា ការដាក់​សម្ពាធ​លើ​នេ​ប៉ាល់​ឱ្យ​ផ្លាស់ប្តូរ​គោលនយោបាយ នឹងមិន​នាំ​ផលចំណេញ​ដល់ទី​ក្រុង​ញូវដែលី​ទេ​។​

​ផ្ទុយទៅវិញ វិធីសាស្ត្រ​ចាស់ទុំ​បំផុត​ក្នុងការ​ដោះស្រាយ​ចំពោះ​សន្ទុះ​ប្រែប្រួល​ខ្លាំង​នៅក្នុង​ប្រទេស​នេ​ប៉ាល់​នោះ​គឺ​ត្រូវ​លើកទឹកចិត្ត​ដល់​ដំណើរ​ការដែល​កំពុង​បន្ត​ទាំងអស់នេះ​និង​រក​វិធី​ដើម្បី​ធ្វើឱ្យ​វា​មាន​អត្ថប្រយោជន៍​ពហុភាគី ដែល​នាំទៅដល់​ការពិចារណា​អំពី​ទស្សនវិស័យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​។​

​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​រវាង​ចិន​និង​នេ​ប៉ាល់​តាមរយៈ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ គឺ មិនអាច​បញ្ឈប់​បាន​នោះឡើយ ដូច្នេះ​ឥណ្ឌា​គួរតែ​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែល​បានស្នើ​រវាង​ប្រទេស​ទាំងពីរ​ចេញពី​ភាគខាងត្បូង​ទៅ​ទីក្រុង​កំពង់ផែ​កុល​កាតា​នៅក្បែរ​តំបន់​វេស​បេង​ហ្គា​ល់​ដើម្បី​ភ្ជាប់​ប្រទេស​ទាំងបី​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​នៅក្នុង​ប្រព័ន្ធ​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​ខាង​សេដ្ឋកិច្ច​។​

​នេះ​អាច​រារាំង​ការផ្ទុះ​ឡើង​នៃ​ការ​ប្រណាំងប្រជែង​គ្នា​រវាង​សមាជិក BRICS និង SCO ដូចគ្នា​ជុំវិញ​ប្រទេសជិតខាង​របស់ខ្លួន ដោយ​ធ្វើឱ្យ​ឥណ្ឌា​ក្លាយជា​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ចិន និង នេ​ប៉ា​ល់ហើយ​ដូច្នេះ​វា​នឹង​លុបបំបាត់​ការព្រួយបារម្ភ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺជា​ការគំរាមកំហែង​ចំពោះ​ឥណ្ឌា​។​

​ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នាពេលខាងមុខ​នេះ​របស់​ប្រធានាធិបតី​ស៊ី​ទៅកាន់​ប្រទេស​នេ​ប៉ាល់​ត្រូវគេ​រំពឹងថា​នឹង​បើកឱកាស​យុទ្ធសាស្ត្រ​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​តំបន់​។​

​ការពង្រីក​ចំណង​សេដ្ឋកិច្ច​ទ្វេភាគី​នេះ​អាចជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​ពហុភាគី​ជាមួយ​ឥណ្ឌា​។​

​ពេលវេលា​ឥឡូវ​ក៏​មិនសូវ​ល្អប្រសើរ​នោះដែរ ពីព្រោះ​ចិន​និង​ឥណ្ឌា​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​រយៈពេល​វែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាម៉េរិក ហើយ​ទីបំផុត​ពួកគេ​មានឱកាស​ប្រើ​ប្រទេស​នេ​ប៉ាល់​ធ្វើជា​ស្ពាន​សម្រាប់​កសាង​ទំនាក់ទំនង​គួរឱ្យ​ទុកចិត្ត​នៅ​សតវត្សរ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព ៖ CGTN