ទស្សនកិច្ច​របស់លោក​ស៊ី​នៅ​កូរ៉េខាងជើង​ជា​ឱកាស​ពង្រឹង​ទំនាក់ទំនង និង ដាក់​ឥទ្ធិពល​លើ​អាម៉េរិក​

452
ចែករម្លែក

នៅក្នុង​ពិភព​ដែលមាន​លក្ខណៈ​ផ្លូវការ​ខ្ពស់​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​កូរ៉េខាងជើង ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី ជីន​ពីង​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​មាន​សារៈសំខាន់​ជា​និមិត្តរូប​យ៉ាង​ធំធេង​។ ថ្វីបើ​ពុំ​សូវ​មាន​ភាពប្រាកដប្រជា ក៏ប៉ុន្តែ​វា​អាច​នាំមក​នូវ​លទ្ធផល ដែល​អាចធ្វើឱ្យ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​មាន​ឥទ្ធិពល​លើ​សហរដ្ឋ​អាម៉េរិក​។​

​ជាមួយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​ពាណិជ្ជកម្ម កោះ​តៃវ៉ាន់ និង​ហុងកុង​គ្របដណ្តប់​លើ​របៀបវារៈ​ការទូតរ​បស់​លោក​ស៊ី ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ផ្តល់នូវ​ចន្លោះ​ទំនេរ​ដើម្បី​ដកដង្ហើម​ខ្លះ​ផងដែរ​ខណៈ​សម្ព័ន្ធមិត្ត​ប្រពៃណី​ទាំងពីរ​ប្រឹងប្រែង​ពង្រឹង​ចំណងទាក់ទង ដែល​ជួនកាល​រង្គោះរង្គើ​ម្តងម្កាល​ទាក់ទង​ទៅនឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

លោក​ស៊ី​និង​លោក​គីម​ចាប់ដៃគ្នា​នៅ​ប៉េកាំង​កាលពី​ខែមីនា​ឆ្នាំ ២០១៨

​ទោះបីជា​ទំនាក់ទំនង​រវាង​លោក​ស៊ី​និង​ប្រមុខ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បានចាប់ផ្តើម​ទាំង​រអាក់រអួល​ក៏ដោយ ក៏ប៉ុន្តែ​លោក​គីម​បានធ្វើ​ទស្សនកិច្ច​ចំនួន​បួន​លើក​ទៅកាន់​ប្រទេស​ចិន​រួចមកហើយ ចាប់តាំងពី​ខែមីនា​ឆ្នាំ ២០១៨ ដែល​ក្នុង​ទស្សនកិច្ច​មួយ​លើកៗ​គឺ​ដើម្បី​បង្ហាញ​ការគោរព​សមរម្យ​ចំពោះ​សម្ព័ន្ធមិត្ត​សំខាន់បំផុត​របស់ខ្លួន​និង​ជា​អ្នកគាំទ្រ​ខាង​ជំនួយ ពាណិជ្ជកម្ម​និង​ការទូត​។ ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ស៊ីក្នុង​នាម​ជា​ប្រធានាធិបតី នៅមុន​ជំនួប​កំពូល G20 នៅក្នុង​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ ទំនងជា​ចង់​បង្ហាញថា ប្រទេស​ចិន​នៅតែ​ជា​អ្នកដើរតួ​សំខាន់​នៅក្នុង​កិច្ចការ​របស់​ឧបទ្វីប​កូរ៉េ​។​

​លោក​លូ ចាវ អ្នកឯកទេស​អំពី​ទំនាក់ទំនង​ទ្វេភាគី​នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​លាវ​នី​ង​នៅ​ភាគ​ឦសាន​ប្រទេស​ចិន​បាន​និយាយថា “​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​និង​ការសម្រេចបាន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​គឺមាន​សារៈសំខាន់​ចំពោះ​ប្រទេស​ចិន​។ ចិន​មានបំណង​ដើរតួ​យ៉ាងសំខាន់​ក្នុងនាម​ជា​អ្នកសម្របសម្រួល​”​។​

​ដំណើរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋ​នេះ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​ដោយ​ប្រទេស​ទាំងពីរ​ដែល​នៅតែ​សង្កត់ធ្ងន់​លើ​តួនាទី​របស់​អ្នក​បដិវត្តន៍​ដូចជា លោក​ម៉ៅ សេទុង និង ជីតា​របស់​គីម គឺ​គីម អ៊ី​ល​ស៊ុ​ង​ក្នុងការ​បង្កើត​ទំនាក់ទំនង ដែល​គេ​ហៅថា “​ជិតស្និទ្ធ​ដូច​មាត់​និង​ធ្មេញ​”​។​

​ទំនាក់ទំនង​នោះបាន​ប្រែប្រួល​បន្ទាប់ពី​ចិន​បានចាប់ផ្តើម​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​កាលពី​បួន​ទសវត្សរ៍​មុន ខណៈ​កូរ៉េខាងជើង​នៅតែ​ប្រកាន់ខ្ជាប់​រដ្ឋ​ជា​ម្ចាស់​លើ​អាជីវកម្ម​តាមបែប​កុំម្មុយនីស្ត​និង​ធ្វើ​សេដ្ឋកិច្ច​ផែនការ សូម្បី​សេដ្ឋកិច្ច​របស់ខ្លួន​កំពុង​ចាប់ផ្តើម​ធ្លាក់ចុះ​និង​ការអត់ឃ្លាន​កំពុង​កើនឡើង​ក្តី​។​

​តម្រូវការ​ជា​ចាំបាច់​បាន​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ចូលទៅ​ឱបក្រសោប​ប្រទេស​ចិន ប៉ុន្តែ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​បានធ្វើឱ្យ​អស្ថិរភាព​ក្នុង​តំបន់​និង​ធ្វើឱ្យមាន​កំហឹង​ដល់​ពួក​មេដឹកនាំ​ចិន​ដែល​ងុប​ង​ល់​នឹង​ស្ថិរភាព​។​

​នៅក្នុង​កិច្ចប្រជុំ​របស់​ពួកគេ លោក​ស៊ី​ទំនងជា​អះអាង​ជាថ្មី​ពី​សេចក្តីសង្ឃឹម​របស់​ចិន​សម្រាប់​ការចាប់ផ្តើម​ឡើងវិញ​នៃ​កិច្ចចរចា​រំសាយ​នុយក្លេអ៊ែរ​ដែលមាន​៦​ប្រទេស ដែល​ពីមុនមក​ខ្លួន​ជា​អ្នករៀបចំ​។ ចិន​បាន​ខិតខំ​ប្រឹងប្រែង​ខាង​នយោបាយ​យ៉ាងខ្លាំង​ដើម្បី​ធ្វើ​ដូច្នេះ​នៅពេលដែល​កូរ៉េខាងជើង​មើលទៅ​សឹងតែ​ជិត​បញ្ចប់​កម្មវិធី​អាវុធ​របស់ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ​សេដ្ឋកិច្ច​និង​ការរំពឹងទុក​នៃ​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ផ្លូវការ​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ឆ្នាំ ១៩៥០-៥៣ មុន​ពេលដែល​កូរ៉េខាងជើង​បោះបង់ចោល​ការចរចា​នៅពេល​ក្រោយ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​អន្ទះអន្ទែង​ចង់​លើកទឹកចិត្ត​ឱ្យ​កូរ៉េខាងជើង​ដែល​ពឹង​លើ​នុយក្លេអ៊ែរ​ងាក​ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិញ​ផងដែរ​។

​លោក​លូ​បាន​និយាយថា រាល់​ចំណាត់ការ​ណាមួយ​លើ​បញ្ហា​នុយក្លេអ៊ែរ​អាច​ផ្តល់នូវ​ឱកាស​ថ្មី​ដល់​កិច្ចចរចា​ជាប់គាំង​រវាង​អាម៉េរិក និង កូរ៉េខាងជើង ដោយ​ផ្តល់ឱ្យ​ប៉េកាំង​នូវ​លទ្ធភាព​ទទួលបាន​ការ​តបស្នង​ពី​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ង​តោន ចំពេល​ប្រទេស​ទាំងពីរ​កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​។​

​ទោះយ៉ាងណា ថ្វីបើ​ចិន​បន្ត​គាំទ្រ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អ​.​ស​.​ប​ដ៏​ខ្លាំងក្លា​ក៏ដោយ ក៏ប៉ុន្តែ​លោក​ស៊ី​ទំនង​មិន​រុញច្រាន​ខ្លាំងក្លា​ពេក​ទេ​ព្រោះ​វា​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ឥទ្ធិពល​របស់​ចិន​លើ​ក្រុង​ព្យុងយ៉ាង​។ លោក​លូ​និយាយថា ប្រទេស​ចិន​គឺជា​មហាអំណាច​ដ៏​ធំ ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ និង គិត​សំខាន់​លើ​តួនាទី​របស់ខ្លួន​ជា​អ្នកសម្របសម្រួល​។ លោក​លូ​បាន​សង្កត់ធ្ងន់ថា ក្រុង​ប៉េកាំង​កំពុង​សំឡឹង​មើលទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ធានា​អំពី​បញ្ហា​នុយក្លេអ៊ែរ​និង​ចាត់វិធានការ​ជាក់លាក់​។​

​លោក តុង ចាវ មកពី​មជ្ឈមណ្ឌល Carnegie-Tsinghua សម្រាប់​គោលនយោបាយ​សកល បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីមែល​ថា “​ចំពោះ​ចិន មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ធានា​នូវ​ឥទ្ធិពល​រយៈពេល​វែងរ​បស់​ខ្លួន គឺ ពង្រឹង​ទំនាក់ទំនង​ពិសេស​របស់ខ្លួន​ជាមួយ​កូរ៉េខាងជើង​”​។​

​លោក​តុង​បានសរសេរថា “​ដោយ​បង្ហាញ​ពី​ទំនាក់ទំនង​ពិសេស​របស់ខ្លួន​ជាមួយ​កូរ៉េខាងជើង​នៅ​គ្រា​ដែល​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​មិនអាច​បន្ត​កិច្ចសហការ​នៅ​កម្រិត​ខ្ពស់​ជាមួយ​ព្យុងយ៉ាង​បាន ទីក្រុង​ប៉េកាំង​កំពុង​បង្ហាញ​សញ្ញា​ដល់​វ៉ាស៊ីនតោន​ថា ខ្លួន​នៅតែ​ជា​ដៃគូ​ដែលមាន​ប្រយោជន៍ ប្រក​ដ​ដោយ​ការស្ថាបនា និង មិនអាច​ខ្វះ​បាន ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​នៅក្នុង​តំបន់​”​។​

​លោក ប៉ាង ចុង​យី​ង សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​រ៉េ​ន​មីន​ក្នុង​ក្រុង​ប៉េកាំង​បាន​និយាយថា ការពិភាក្សា​របស់លោក​ស៊ី​និង​លោក​គីម ទំនងជា​នឹងមាន​ឥទ្ធិពល​លើ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នៅ​ជំនួប​កំពូល G20 ។​

​លោក​ប៉ាង​បាន​និយាយថា “​ដោយ​ឃើញ​ទិដ្ឋភាព​ផ្ទាល់​នៅលើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង លោក​ស៊ី​នឹង​អាច​និយាយ​សង្ខេប​ដល់​មេដឹកនាំ​អាម៉េរិក​និង​អ្នកដឹកនាំ​ផ្សេងទៀត ប្រសិនបើ​ចាំបាច់​។ ប្រទេស​ចិន​ច្បាស់​ជា​សង្ឃឹមថានឹង​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​កិច្ចប្រជុំ G-20 ហើយ​កូរ៉េខាងជើង​នឹង​យកចិត្តទុកដាក់​លើ​រឿងនេះ​”​។​

​លោក​ប៉ាង​មិនសូវ​ច្បាស់​ប៉ុន្មាន​ទេ​អំពី​របៀប​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​អាចមាន​ភាព​ជាប់ទាក់ទង​គ្នា​លើ​កិច្ចចរចា​រវាង​ស៊ី​និង​គីម​។ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ធ្លាប់​និយាយ​កាលពីពេល​មុននេះ​ថា ការជួយ​ដោះស្រាយ​របស់​ចិន​ជាមួយ​បញ្ហា​កូរ៉េខាងជើង​អាចជួយ​ឱ្យ​ប្រទេស​ចិន​ទទួលបាន​លក្ខខណ្ឌ​ល្អប្រសើរ​ក្នុងការ​ចរចា​ជំនួញ តែ​ទោះយ៉ាងណា​ការលើកឡើង​នោះ​គឺ​នៅមុន​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​បរាជ័យ ហើយ​សហរដ្ឋ​អាម៉េរិក​ឥឡូវ​បាន​ប្រកាន់​ជំហរ​របស់ខ្លួន​កាន់តែ​តឹងរ៉ឹង​។​

​ផ្ទុយ​ពី​បញ្ហា​ដ៏​តឹងរ៉ឹង​ជាច្រើន​ដូចជា​ហុងកុង កន្លែង​ដែលជា​គូប្រជែង​របស់​ប៉េកាំង​ដែល​កំពុង​បង្កើន​ការកាន់កាប់​លើទឹក​ដី​ចិន​ពាក់កណ្តាល​ស្វយ័ត​នេះ បានធ្វើ​បាតុកម្ម​តាម​ដង​ផ្លូវធំៗ ក្នុង​ខែ​នេះ និង​តៃវ៉ាន់ ដែល​រដ្ឋាភិបាល​ឯករាជ្យ​របស់ខ្លួន​បាន​ជំទាស់​នឹង​ការអះអាង​កាន់កាប់​របស់​ចិន​ចំពោះ​កោះ​សាធារណរដ្ឋ​មួយ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​ផ្តល់នូវ​រូបមន្ត​សាមញ្ញ​សម្រាប់​ការចូលរួម​។​

​លោក​តុង​បាន​និយាយថា “​ខណៈដែល​ការ​ប្រជែង​គ្នា​ជា​យុទ្ធសាស្ត្រ​រវាង​ចិន​និង​អាម៉េរិក​កើនឡើង ចិន​នឹង​ផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុង​ការរក្សា​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​លើ​ឧបទ្វីប​កូរ៉េ​ដើម្បី​ទប់​នឹង​សហរដ្ឋ​អាម៉េរិក​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ ដេលី​មែ​ល​

#