ទស្សនវិជ្ជា​សំខាន់ៗ នៃពិធី បុណ្យ​កាន់បិណ្ឌ និងភ្ជុំបិណ្ឌ​

262
ចែករម្លែក
​ចំណងជើង​រូបៈ ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ( សឿ ហេង )

ដោយៈ មេសា​:​ភ្នំពេញៈ ដោយ​មិនទា​ន់​ពិភាក្សា​អំពី​បរិបទ នៃជំនឿ​ពាក់ព័ន្ធ​ទៅនឹង​ប្រេត ត្រូវបាន​យល់ស្រប​គ្នា​ជាទូទៅ​ថា គោលបំណង​ដ៏​សំខាន់បំផុត​ ​១ នៃពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺ​ការផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះសង្ឃ ព្រោះ​រយៈពេល​នេះ​គឺជា​រដូវ​កាល​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំងជាងគេ​បំផុត នៃឆ្នាំ ពិបាក​សម្រាប់​ព្រះសង្ឃ​ក្នុងការ​និមន្ត​ស្វេ​ងរ​ក​ចង្ហាន់ ហើយក៏​ជា​ពេលដែល​ព្រះសង្ឃ​កំពុង​គង់​ចាំ​ព្រះវស្សា​ផង ។

​ប៉ុន្តែ​ព្រះ​ភិក្ខុ សឿ ហេង ព្រឹទ្ធបុរស​រង នៃ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ បាន​បកស្រាយ​ថា ទស្សនវិជ្ជា​ដែល​បង្កប់​នៅក្នុង​នេះ មិនមែន​គ្រាន់តែ​ជា​ការយក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឡើយ ប៉ុន្តែ​ក៏​ជា​បង្រៀន​មនុស្ស​គ្រប់រូប ជាពិសេស​អ្នកមាន​សមត្ថភាព ឱ្យ​ចែករំលែក​ក្តី​សុខ ឬធនធាន​របស់ខ្លួន​ដល់​អ្នកដទៃ ជា​ចំពោះ​ពិសេស​ចំពោះ​ជន​ក្រខ្សត់​ផងដែរ ។

​ព្រះមហា​សមណៈ សឿ ហេង បាន​ពន្យល់ថា “ រយៈពេល បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាទូទៅ​ស្រូវ​ក្នុង​ជង្រុក​របស់​អ្នកស្រុក ត្រូវបាន​បរិភោគ​ប្រើប្រាស់​ជិត​អស់ ខណៈ​ស្រូវ​ក្នុង​ស្រែ​មិនទាន់​ទុំ​នៅឡើយ គឺ​មានតែ​ស្រូវស្រាល​តិចតួច​ប៉ុណ្ណោះ ពោលគឺ​រយៈពេល​នេះ ជាទូទៅ​គឺជា​ពេលដែល​មនុស្ស​ខ្វះ​ស្បៀងអាហារ គឺ​មានតែ​អ្នកមាន​ជីវភាព​ធូរធា​គួរសម​ប៉ុណ្ណោះ ទើប​អាចមាន​នៅសល់​ស្បៀងអាហារ​ច្រើន​គួរសម ។ លើសពីនេះ​ទៅ សម្រាប់​រយៈកាល​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជួបប្រទះ​ទឹកជំនន់ ឬ គ្រោះរាំងស្ងួត​ជា​ហូរហែ ដែល​កត្តា​ទាំងនេះ ត្រូវការ​នូវ​ការចូលរួម​ចំណែក​ពី​អ្នក​មនុស្ស​គ្រប់គ្នា ជាពិសេស​ពី​អ្នកមាន​សមត្ថភាព ក្នុងការ​បែងចែក​ធន​ធាន​ដែល​ពួកគេ​មាន ជាពិសេស​ស្បៀងអាហារ ដើម្បីចែករំលែក​ដល់​អ្នក​ដែល​ត្រូវការ ។ ហេតុនេះ ទើប​ដូនតា​ខ្មែរ​តាក់តែង​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ​ឡើង ដើម្បី​បង្រៀន និងបង្កើត​វប្បធម៌​ចែករំលែក​ជួយសង្គ្រោះ​គ្នា ក្នុង​គ្រា​លំបាក ហើយ​ការធ្វើ​ទាន​បែបនេះ ទោះជា​ចំពោះ​អ្នក​មិន​កាន់​ព្រះពុទ្ធសាសនា ក៏​សុទ្ធតែជា​បំណង នៃបុព្វបុរស​ខ្មែរ​ដែល​បាន​តាក់តែង​ពិធីបុណ្យ​នេះ​ឡើង​ដែរ “ ។​

​ទស្សនវិជ្ជា​ដ៏​សំខាន់​ផ្សេងទៀត​គឺ​ការគោរព​ដឹង គុណ និង ចងចាំ​ដល់​បុព្វបុរស​របស់ខ្លួន ក៏ដូចជា​បុព្វបុរស​របស់​ប្រទេសជាតិ ទាំង​អ្នក​ដែល​នៅរស់ និង អ្នក​ដែល​បាន​ស្លាប់​ទៅហើយ ព្រោះ​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​ស្លាប់ទៅ​ផង ជាពិសេសដើម្បី គិតគូរ​យកចិត្តទុកដាក់​ដល់​ជីវភាព​របស់​នៅ​របស់​លោកអ្នក​ទាំងនោះ​ដែល​កំពុង​រស់នៅ​ផង ។​

ប្រការនេះ គេ​ក៏​អាច​បរិយាយ​ឱ្យ​ទូលាយ​ឆ្ងាយ​ជាង​នេះ​បន្តិច​ថា បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជា​ការមិន​បំភ្លេច​នូវ​អតីតភាព ឬ ប្រវត្តិសាស្ត្រ ពីព្រោះ​បុព្វបុរស ដែល​គេ​ច្រើន​និយម​ហៅថា បុព្វការី​ជន បានសេចក្តីថា គឺជា​រឿងរ៉ាវ​ដែល​ធ្លាប់បាន​កើតឡើង ឬ ធ្លាប់​ត្រូវបានធ្វើ​ពី​អតីតកាល គឺ​មិន​គ្រាន់តែ​មិន​បំភ្លេច​ទេ ក៏​ថែមទាំង​ដឹងគុណ​ទៀតផង ដែល​ប្រការនេះ ត្រូវបាន​ទទួលស្គាល់​ជាស​កល​ថា គឺជា​គ្រឹះ​ដ៏​សំខាន់​និង ទូលំទូលាយ​បំផុត​មួយ​សម្រាប់​កសាង​បុគ្គល គ្រួសារ និង សង្គមជាតិ ឱ្យ​ប្រកបដោយ​គុណភាព គុណធម៌ សុភមង្គល និង វឌ្ឍនភាព ។​

ក៏​នៅមាន​ទស្សនវិជ្ជា​ដ៏​សំខាន់​ដទៃទៀត ក្នុងនោះ​ដូចជា​ផ្ទុក​ទៅដោយ​សាមគ្គីភាព ឬ ភាពចុះ​សម្រុង​គ្នា ព្រោះ​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​នេះ ត្រូវបានធ្វើ​ក្នុង​ថ្ងៃ​ដូចគ្នា​ទាំងអស់​នៅ​ទូទាំងប្រទេស គឺ​ចាប់​ពីថ្ងៃ ០១ រោច ដល់​ថ្ងៃ ១៥ រោច ខែ ភទ្របទ ដែល​ឆ្នាំនេះ ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី ២៨ ខែ កញ្ញា ។ បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ត្រូវបាន​ដូនតា​ខ្មែរ​តាក់តែងឡើង​ធ្វើជា​វេន ហើយ​ក្នុង​វេន​នីមួយៗ អាចជា​ភូមិ ឬ ជា​ក្រុម ដែលមាន​មនុស្ស​ជាច្រើន​គ្រួសារ ជា​សមាជិក​វេន ។ គឺ​នោះឯង​ហើយ ដែល​ស្តែងចេញ ឬ បង្រៀន​មនុស្ស​ឱ្យ​ចេះ​សាមគ្គី និង ចុះសម្រុង​គ្នា រួមគ្នា​ទទួលខុសត្រូវ ។

នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ មនុស្ស​គ្រប់គ្នា មាន​ឋានៈ​ត្រឹមតែ​ជា​ពុទ្ធសាសនិក ដូចៗ​គ្នា ( រាប់បាត្រ ១, រាប់បាត្រ ២) ​រូបៈ ឯកសារ​

ម្យ៉ាងទៀត​បុណ្យ​នេះ ក៏​បង្កប់​ទៅដោយ​សមភាព ឬ ភាពស្មើគ្នា នៃសង្គម​ខ្មែរ ព្រោះថា ដោយសារ​ការ​ទៅធ្វើ​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ មនុស្ស​គ្រប់គ្នា ពី​គ្រប់​និ​ន្នា​ន​ការ គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ជីវភាព និង គ្រប់​និគម​ន៍ មានឱកាស​ទៅ​ជួបជុំគ្នា​នៅតាម​ទី​វត្ត​អារាម​ជាមួយគ្នា ធ្វើអំពើ​ជា​កុសល​ជាមួយគ្នា ទទួលទាន​អាហារ​ជាមួយ ក្នុងឋានៈ​ត្រឹមតែ​ជា​ពុទ្ធសាសនិក​ស្មើៗ​គ្នា ។​

ទីទៃ​ពីនេះ​ទៅ ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ក៏​ជាការ​រួមចំណែក​សម្រាប់​ចរន្ត​សេដ្ឋកិច្ច​ឱ្យ​ដំណើរការ តាមរយៈ​តម្រូវការ​របស់របរ​នានា ដែល​ប្រើប្រាស់​នៅក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដូចជា​បន្លែ​ផ្លែឈើ និង ត្រី​សាច់​ជាដើម និង ក៏​ជាការ​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ឯក នៃខេ​មរ​ពុទ្ធសាសនិក ចំពោះ​ពុទ្ធសាសនិក​ទូទាំង​ពិភពលោក​ផងដែរ ព្រោះ​ពិធីបុណ្យ​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​នេះមាន​ធ្វើ​តែ​ប្រទេស​ខ្មែរ ១ ប៉ុណ្ណោះ គឺ​គ្មាន​ធ្វើ​នៅក្នុង​ប្រទេស​ណា​ផ្សេង​ឡើយ ៕Ha