ទស្សនា​វ​ដ្តី Time តែងតាំង “​ក្រុម​អ្នក​បំបែក​ភាពស្ងប់ស្ងាត់​” អំពី​ការ​បៀតបៀន​ផ្លូវភេទ ជា “​មនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​”

372

​ទស្សនា​វ​ដ្តី Time បានតែងតាំង “​ក្រុម​អ្នក​បំបែក​ភាពស្ងប់ស្ងាត់​” ដែល​សំដៅលើ​ស្ត្រី​និង​បុរស​ដែល​និយាយ​ប្រឆាំងនឹង​ការរំលោភបំពាន​ផ្លូវភេទ​និង​ការយាយី​ផ្លូវភេទ ជា “​មនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​”​។​

​ចលនា​នេះ​ត្រូវបាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ្ធ​បំផុត​ជាមួយនឹង​ចលនា​សញ្ញា​ទ្រង់​ជ្រូក #MeToo ដែល​បាន​កើតឡើង​យ៉ាង​ផុសផុល នៅពេលដែល​មានការ​ចោទប្រកាន់​អំពី​ការយាយី​ផ្លូវភេទ​ជាច្រើន​ករណី ប្រឆាំងនឹង​ផលិតករ​ហូលីវូដ លោក ហា​វី វេន​ស្តិ​ន​។​

​ប៉ុន្តែ​ទស្សនា​វ​ដ្តី Time និយាយថា សញ្ញា​ទ្រង់​ជ្រូក (#) “​ជា​ផ្នែក​មួយ​នៃ​រូបភាព ប៉ុន្តែ​មិនមែន​ទាំងអស់​នោះទេ​”​។​

​លោក អេ​ដ​វ៉ាដ ហ្វែ​ល​សិន​ថ​ល (Edward Felsenthal) និពន្ធ​នាយក​ទស្សនា​វ​ដ្តី​នេះ​បាន​និយាយថា “​នេះ​ជាការ​ផ្លាស់ប្តូរ​សង្គម​លឿន​បំផុត​ដែល​យើង​ធ្លាប់​បានឃើញ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​”​។​

​គាត់​បាន​ប្រាប់​កម្មវិធី Today របស់​ទូរទស្សន៍ NBC ថា ការផ្លាស់ប្តូរ​នេះ “​បានចាប់ផ្តើម​ដោយ​ទង្វើ​នៃ​ភាពក្លាហាន​ផ្ទាល់ខ្លួន​របស់​ស្ត្រី​រាប់រយ​នាក់ និង​បុរស​មួយចំនួន​ផងដែរ ដែល​បាន​ចេញមុខ​រៀបរាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​ពួកគេ​”​។​

​ទស្សនា​វ​ដ្តី​នេះ​បានបង្ហាញ​អំពី​លក្ខណៈ​ទូទៅ​នៃ​ការយាយី​ផ្លូវភេទ ដោយ​បង្ហាញ​ស្ត្រី​ជាច្រើន​នាក់ ដែលមាន​ប្រវត្តិ​ខុសៗ​គ្នា​នៅលើ​គម្រប​របស់ខ្លួន​។​

​តារា​ល្បី​ពីររូប​គឺ នាង អា​ស្លី ជូដ (Ashley Judd) ជា​មនុស្ស​ដំបូង​គេ​ដែល​និយាយ​ប្រឆាំងនឹង​លោក​វេន​ស្តិ​ន និង​តារាចម្រៀង ថា​យ​ល័​រ ស្វី​ហ្វ ដែល​ឈ្នះក្តី​រដ្ឋប្បវេនី​ប្រឆាំងនឹង​អតីត​ឌី​ជេ​វិទ្យុ​ម្នាក់ ដែល​នាង​និយាយថា បាន​ស្ទាប​គូទ​នាង​។​

​គម្រប​ទស្សនា​វ​ដ្តី​នេះ​បានបង្ហាញ​ផងដែរ​នូវ​រូបលោក​ស្រី អ៊ី​សា​បែ​ល ផា​ស្កាល់ (Isabel Pascual) ដែលជា​អ្នក​បេះ​ផ្លែ​ស្ត្រ​បឺ​រី​អាយុ ៤២ ឆ្នាំ​មកពី​ម៉ិ​ក​ស៊ិ​ក (​មិនមែន​ឈ្មោះ​ពិតប្រាកដ​របស់គាត់​ទេ​), លោកស្រី អា​ដា​ម៉ា អ៊ី​វូ (Adama Iwu) ជា​អ្នក​បញ្ចុះបញ្ចូល​របស់​ក្រុមហ៊ុន​សាជីវកម្ម អាយុ ៤០ ឆ្នាំ​នៅ​ទីក្រុង​សាក្រា​មិន​តូ (Sacramento) នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​នាង ស៊ូ​សាន ផូ​ល័​រ (Susan Fowler) អាយុ ២៦ ឆ្នាំ ជា​អតីត​វិស្វករ​របស់​ក្រុមហ៊ុន Uber ដែល​ការចោទប្រកាន់​របស់​នា​ង​បាន​ទម្លាក់​តំណែង​នាយក​ប្រតិបត្តិ​របស់ Uber ។​

​នៅមាន​មនុស្ស​ជាច្រើន​ទៀតផង​ដែរ​ជាប់​ជាម​នុស្ស​ឆ្នើម​ប្រចាំឆ្នាំ ដែល​រៀបរាប់​នៅក្នុង​ទស្សនា​វ​ដ្តី​នេះ​៕ ដោយ៖ កញ្ញាដាលីស

ទស្សនា​វ​ដ្តី Time បានតែងតាំង “​ក្រុម​អ្នក​បំបែក​ភាពស្ងប់ស្ងាត់​” អំពី​ការ​បៀតបៀន​ផ្លូវភេទ ជា “​មនុស្ស​ឆ្នើម​ប្រចាំឆ្នាំ​”