ទស្សនា​វ​ដ្តី Time បង្ហាញ​ទីកន្លែង​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៩

177
ចែករម្លែក

​ទីកន្លែង​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៩ ត្រូវបាន​បង្ហាញ​ដោយ​ទស្សនា​វ​ដ្តី Time ។​

​វា​មាន​ទិសដៅ​ទេសចរណ៍​ចំនួន ១០០ មកពី​ជុំវិញ​ពិភពលោក​ដែល​គេ​ជឿថា​មាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មីៗ ដែល​កំពុង​នាំមុខ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​និង​ផ្តល់ជូន​អ្នកទស្សនា​នូវ​បទពិសោធន៍​អស្ចារ្យ​។​

​បញ្ជី​ឆ្នាំនេះ​រួមមាន​ផ្ទាំងទស្សនីយភាព Star Wars: Galaxy’s Edge នៅ​រមណីយដ្ឋាន Disneyland ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា សារមន្ទីរ V&A ថ្មី​នៅ​ទីក្រុង​ឌុន​ឌី រមណីយដ្ឋាន​ខៀវស្រងាត់​នៅលើ​ភ្នំ​នៃ​ប្រទេស​ប៊ូ​តង់ និង ឧទ្យាន​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ ដែល​បំផុសគំនិត​ដោយ​គម្ពីរ​កូ​អាន​។​

​ដើម្បី​បង្កើត​បញ្ជី​ប្រចាំឆ្នាំ​ទី ២ ទស្សនា​វ​ដ្តី Time បាន​សួរ​អ្នកជំនាញ​ជុំវិញ​ពិភពលោក​អំពី​ទីកន្លែង​សម្រិតសម្រាំង​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​រួមមាន​សារមន្ទីរ ឧទ្យាន ភោជនីយដ្ឋាន និង សណ្ឋាគារ​។​

​បន្ទាប់មក ទីតាំង​សម្រិតសម្រាំង​នីមួយៗ​ត្រូវបាន​វាយតម្លៃ​លើ​គុណភាព​ភាព ប្រភពដើម ការច្នៃប្រឌិត និង ឥទ្ធិពល​របស់​វា ហើយ​បញ្ជី​ចុងក្រោយ​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ​គឺ​កន្លែង​ទស្សនា កន្លែង​ស្នាក់នៅ និង កន្លែង​បរិភោគ​និង​ផឹក​ភេសជ្ជៈ​។​

​ផ្ទាំងទស្សនីយភាព​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ Star Wars: Galaxy’s Edge តម្លៃ​១​ពាន់​លាន​ដុល្លារ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា គឺ​ស្ថិតក្នុង​ប្រភេទ​ទីកន្លែង​ទស្សនា ដោយ​ទស្សនា​វ​ដ្តី Time និយាយថា វា​បាន​នាំ​ភព Batuu និង កន្លែង​ធ្វើ​ពាណិជ្ជកម្ម​របស់​វា​មានជីវិត​រស់​រវើក​ដូច​មែនទែន​។​

​ទស្សនា​វ​ដ្តី​នេះ​បន្ថែមទៀតថា “​នៅ Star Wars: Galaxy’s Edge ភ្ញៀវ​មិន​គ្រាន់​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​តួអង្គ​ដែល​ពួកគេ​ចូលចិត្ត​នោះទេ ពួកគេ​ថែមទាំង​រស់នៅ​ក្នុងចំណោម​តួអង្គ​ទាំងនោះ​ទៀតផង ខណៈ​អាច​ប្តូរ​យក​តួអង្គ​ផ្ទាល់ខ្លួន​បាន​ទៀត​នៅ Droid Depot”​។​

​សារមន្ទីរ V&A Dundee ជាប់​ជា​កន្លែង​ទស្សនា​ក្នុង​បញ្ជី​ផងដែរ ដោយ​ទស្សនា​វ​ដ្តី Time កោតសរសើរ​ជាងគេ​គឺ​បន្ទប់ Charles Rennie Mackintosh Oak Room របស់​អគារ​សារមន្ទីរ​នេះ​។​

​ឧទ្យាន Quranic Park របស់​ក្រុង​ឌូ​បៃ ដែលជា​ឧទ្យាន​បំផុសគំនិត​ចេញពី​គម្ពីរ​កូ​អាន​ដំបូង​គេ​លើ​ពិភពលោក ក៏​ជាប់​ជា​កន្លែង​ទស្សនា​ដ៏​ល្អ​បំផុត​មួយ​ដែរ​។​

​សួនច្បារ​របស់​វា​គឺ​ផ្អែក​តាម​រឿងរ៉ាវ​ពី​គម្ពីរ​ដ៏​ពិសិដ្ឋ​របស់​អ៊ីស្លាម​និង​រួមបញ្ចូល​ទាំង​បឹង​មួយ ញែក​ចេញពី​គ្នា​ដោយ​ផ្លូវ​ក្រាល​ថ្ម ដែលជា​និមិត្តរូប​នៃ​ដាច់ចេញ​នៃ​សមុទ្រ​ក្រហម​។​

​កន្លែង​ទស្សនា​មួយទៀត​ក្នុង​បញ្ជី គឺ អគារ The Shed ដែលជា​មជ្ឈមណ្ឌល​សិល្បៈ​នៅ​ជិត​តំបន់ Hudson Yards ក្នុង​ទីក្រុង​ញូវយ៉ក​។ អគារ​នេះ​គឺមាន​រាង​ដូច​អគារ​សម្រាប់​ស្តុក​ទុក​យន្តហោះ និង​លក់​សំបុត្រ​ចូល​ទស្សនា​សិល្បៈ​តម្លៃ ១០ ដុល្លារ​ក្នុង​មួយ​សន្លឹក​។​

​កន្លែង​ស្នាក់នៅ​ល្អ​ដាច់​គេ​គឺ​បាន​ទៅលើ​សណ្ឋាគារ Six Senses Bhutan ស្ថិតនៅ​តំបន់​ជ្រលង​ភ្នំ​ភាគ​ខាងលិច​នៃ​ប្រទេស​ប៊ូ​តង់ ដែល​បន្ទប់​ស្នាក់នៅ​គឺមាន​តម្លៃ ១.៥៨០ ដុល្លារ​ក្នុង​មួយ​យប់​។

​មួយទៀត​គឺ​សណ្ឋាគារ Omaanda នៅលើ​កោះ​មួយ​របស់​ប្រទេស​ណា​មី​ប៊ី ដែលមាន​ផ្ទះ​ប្រក់​ស្បូវ​ចំនួន ១០ ស្ថិតនៅ​តំបន់​អភិរក្ស​ធម្មជាតិ Naankuse កន្លែង​ដែល​ភ្ញៀវ​អាច​ទស្សនា​សត្វ​កវែង សេះ​បង្ក​ត់ រមាស និង សត្វ​ជាច្រើន​ទៀត ឬ គ្រាន់តែ​សម្រាក​លំហែកាយ​នៅក្នុង​អាងទឹក​របស់​សណ្ឋាគារ​។

​សណ្ឋាគារ​មួយទៀត​ត្រូវ​ស្នាក់នៅ​ដែរ គឺ University Arms Cambridge ក្នុង​ចក្រភព​អង់គ្លេស ដែល​ជួសជុល​ឡើងវិញ​កាលពី​ឆ្នាំមុន​ចំណាយ​អស់ ៩៧ លាន​ដុល្លារ​។ បន្ទប់​របស់​សណ្ឋាគារ​នេះ​ដាក់ឈ្មោះ​តាម​ជន​ល្បី​ដូចជា ញូវតុន និង ដា​វីន ហើយ​អ្នក​ក៏​អាច​ឃើញ​រូបថត​ពួកគេ​ព្យួរ​តាម​បន្ទប់​ផងដែរ​។

​កន្លែង​បរិភោគ​និង​ផឹក​ភេសជ្ជៈ​ល្អ​ដាច់​គេ​បាន​ទៅ​សណ្ឋាគារ Macallan Distillery ក្នុង​ទីក្រុង​ម៉ូ​រ៉េ ប្រទេស​ស្កុ​តឡែ​ន ដែលមាន​បារ​លំដាប់​ពិភពលោក​ឈ្មោះ Scotch​។ បារ​នេះ​ល្បី​ដោយសារ​ដំបូល​ក្រាល​ស្មៅ និង​ថ្ម​បុរាណ ដែល​ធ្វើ​ឱ្យគេ​នឹកឃើញ​ដល់​យុគសម័យ​សែ​ល​តិក​។

​ទីកន្លែង​ផ្សេងទៀត​ដែល​ចាត់​ថា​ល្អ​ដាច់​គេ​ដែរនោះ​គឺ​សណ្ឋាគារ The Long Bar at Raffles Hotel ក្នុងប្រទេស​សិង្ហ​បុរី ភោជនីយដ្ឋាន​ក្រោម​ទឹក​ក្នុងប្រទេស​ន័​រ​វែ​ស និង ភោជនីយដ្ឋាន All Square ក្នុង​រដ្ឋ​មីន​នី​សូ​តា​៕ ដោយ៖ កញ្ញាដាលីស