ទស្សនិកជន​ជាង​១០០០​នាក់ បានមក​ទស្សនា ការសម្តែង​ថ្មី​នៅ​សាល​មហោស្រព​ណា​បា​ ​

717

ដោយ : សុផល​/ ​ភ្នំពេញ ៖ ​ការសម្តែង​ថ្មី​ចុងក្រោយ​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី​២​ដែល មាន​ឈ្មោះថា “​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​” ឬ Viva La Colours បាន​ទាក់ទាញ​ទស្សនិកជន​ជាង ១០០០ នាក់​កាលពី​ចុង​សប្តាហ៍​មុន ។​

​ការសម្តែង​លំដាប់​ពិភពលោក​នេះ​ មានការ​ចូលរួម​សម្តែងដោយ​សិល្បករ សិល្បការិនី​ជាតិ និង​អន្តរជាតិ​ជាច្រើន រូប​ដែល​ក្នុងនោះ​មានការ​សម្តែង​សៀក​បង្វិលខ្លួន​លើ​អាកាស​របស់​បងប្អូន​ពីរ​នាក់​មកពី​ប្រទេស​អេ​ត្យូ​ពី​ក្នុង​ទ្វីបអាហ្វ្រិក​ពី​កម្មវិធី Spain’s Got Talent ដែល​ពួកគេ​ទាំងពីរ​ទទួលបាន​ការ​ចុច​ប៊ូ​តុង​មាស​ពី​គណៈកម្មការ​សម្រាប់​ការ សម្តែង​ដែល​គ្មាន​អ្នកណា​ធ្វើ​ដូច ។

​ការសម្តែង​ដ៏​រស់​រវើក​មួយទៀត គឺជា​ការសម្តែង​រាំ​ដោយ​ក្រុម​រាំ​មកពី​ប្រទេស​កូ​ឡុំ​ប៊ី​ដែល​ពួកគេ​ទទួល​បានការ​ទះដៃ​អបអរសាទរ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ។​

​កែម ស្រី​កែវ ដែលជា​កញ្ញាឯក​កម្ពុជា​ចំណាត់ថ្នាក់​លេខ​បី​ប្រចាំឆ្នាំ ២០១៧ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ពិតជា​រំភើប​យ៉ាងខ្លាំង​ដែល​បានឃើញ​ការសម្តែង​រាំ​របាំ​ឡាតាំង​ដ៏​រស់​រវើក​នេះ​។​ខ្ញុំ​មិន​ធ្លាប់បាន​ទស្សនាការ​សម្តែង​ដ៏​អស្ចារ្យ​ដូច្នេះ​ទេ​ពីមុនមក​វា​ពិតជា​ប្លែក​ខ្លាំងណាស់​!” ។​

​មួយទៀត គឺជា​ការសម្តែង​សៀក​រហ័ស​កម្ម​របស់​ក្រុម​សៀក Wonder Changers មកពី​ប្រទេស​រុស្ស៊ី​ដែល​ពួកគេ​អាច​ប្តូរ​សម្លៀកបំពាក់​រហ័ស​ដូច​ផ្លេកបន្ទោរ ខណៈ​ការសម្តែង​សៀក​សន្លឹក​បៀរ​បស់​អ្នកលេង​សៀក​មកពី​តៃវ៉ាន់​ក៏​មិនធម្មតា​ដែរ​។​ការសម្តែង​លំដាប់​អន្តរជាតិ​នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​ងើប​ពី​កៅអី និង​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់ ។​

​ចំណែក ដូ​រី​កូ ដែលជា​តារា​ដែល​ទើបនឹង​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​សិល្បៈ​ខ្មែរ បាន​និយាយ​ផងដែរ​ថា “​វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​។​កាល​មុន​ខ្ញុំ​ធ្លាប់តែ​ឃើញ​តាម​ទូរទស្សន៍ តែ​ឥឡូវ​ខ្ញុំ​បានឃើញ​ផ្ទាល់​ភ្នែក ។ ពិតជា​រហ័ស​! ពួកគេ​អាច​ប្តូរ​សម្លៀកបំពាក់​ជាច្រើន​ឈុត​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​!” ។​

​ការសម្តែង​ថ្មីស្រឡាង​នេះ មានការ​សម្តែង​ចម្រុះ​ជាច្រើន​ដែល​រួមមាន ការសម្តែង ចម្រៀង រាំ និង​សៀក​ជាដើម​អម​ជាមួយ​ការចាក់​បញ្ចាំង រូបភាព​វីដេអូ​នៅលើ​ជញ្ជាំង​ដ៏​ប្លែក​ភ្នែក​នៅក្នុង​សាល មហោស្រព 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​

​សាល​មហោស្រព NABA បើក​ឲ្យ​សាធារណជន​ទូទៅ ចូល ទស្សនាការ​សម្តែង ដោយ​សេរី​ដែលមាន​ជាង ១០០០ កៅអី​សម្រាប់​ការសម្តែង​នីមួយៗ​! មក​មុន បាន​មុន ហើយ​លោកអ្នក​អាច​នាំ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​ព្រមទាំង​កូនតូចៗ​មក​ទស្សនា​ក៏បាន​។​ទស្សនា​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​ពណ៌​ដ៏​ប្លែក និង​អស្ចារ្យ​នេះ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី ១២ សីហា នៅ​ម៉ោង ៧:៣០ យប់ ពី​រៀងរាល់ថ្ងៃ​ពុធ​ដល់​អាទិត្យ នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី​២៕B