ទស្សនៈវិស័យ​សំខាន់​ចំនួន​៦ ត្រូវបាន​សម្ដេច​តេ​ជោ​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២

2103
ចែករម្លែក
  • 287
    Shares

ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ដល់នូវ​ទស្សនវិស័យ​សំខាន់​ចំនួន​៦ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ ដែល​បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ប្រទេស​សឹង្ហ​បុរី​។ កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​យាង និង​អញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង ថ្នាក់ដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តល់នូវ​ទស្សនៈ​សំ​ខាន់ៗ​ចំនួន​៦​ដូចខាងក្រោម​៖

១.​អាស៊ាន​ត្រូវ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​ដែល​បានកំណត់​បញ្ចប់​កិច្ចព្រមព្រៀង ដោយ​បង្កើន​ប្រសិទ្ធិភាព​ក្នុងការ​សម្របសម្រួល​ស្ថាប័ន​ក្របខ័ណ្ឌ​ច្បាប់​ពង្រឹង​ការតភ្ជាប់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។ អាស៊ាន​ត្រូវ​រៀនសូត្រ​ឱ្យបាន​ទៀងទាត់​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​លក្ខខណ្ឌ​ថ្មី ចំពោះ​ការផ្លាស់ប្តូរ​គំនិត ពីព្រោះ​អ្វីដែល​ធ្វើឱ្យ​អាស៊ាន​ខុសពី​ក្រុម​ក្នុង​តំបន់​ដទៃទៀត គឺ​កិច្ចសហប្រតិបត្តិការ​ល្អ​ការទទួលយក​នូវ​ឱកាស​ថ្មីៗ​។​

២.​នៅក្នុង​បរិបទ​នៃ​ការកើនឡើង នៃ​សង្គ្រាម​ពាណិជ្ជកម្ម អាស៊ាន​ត្រូវតែ​ហ៊ាន​ប្រឆាំងនឹង​និន្នាការ​ការពារ​និយម​នេះ តាមរយៈ​ការបង្កើន​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​ការធ្វើសមាហរណកម្ម​តំបន់​ឱ្យបាន​ទូលំទូលាយ​តាមរយៈ​ការដោះស្រាយ​បញ្ហា​ធំៗ ដូចជា វិធានការ​មិនមែន​ព​ន្ធ​គយ​បញ្ហា​សម្របសម្រួល​ពាណិជ្ជកម្ម ការអនុវត្តន៍​ច្រកចេញចូល​តែមួយ​របស់​អាស៊ាន​។​

៣.​ដើម្បី​សម្រេចបាន​នូវ​សក្តានុពល​ពេញលេញ​លើ​ការធ្វើ​ពាណិជ្ជកម្ម និង​ផលិតកម្ម ក៏ដូចជា​ការ​សម្រប​ខ្លួន​ដោយ​ជោគជ័យ​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ អាស៊ាន​ប្រាកដជា​មានការ​ងារ​អា​ទិ​ភាពជា​ច្រើន​ត្រូវ​បានបញ្ចប់​រួមទាំង​បន្ត​ពង្រឹង​វិស័យ​អប់រំ និង​ការអភិវឌ្ឍ​ជំនាញ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ជាពិសេស​លើ​ការដឹកជញ្ជូន និង​ទូរគមនាគមន៍ ការស្រាវជ្រាវ​ការអភិវឌ្ឍ និង​ការបង្កើត​លក្ខខណ្ឌ​អំ​ណោ យ​ផល​សម្រាប់​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​។​

៤.​ប្រទេស​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ទស្សនៈ​របស់​មេដឹកនាំ​អាស៊ាន ដែលមាន​ភាពរឹងមាំ និង​ច្នៃប្រឌិត ដែល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន ក្នុង​ការកសាង​សហគមន៍​មួយ ដែល​ពោរពេញ​ទៅដោយ​ភាព​បើកចំហ តម្លាភាព និង​ការបញ្ចូល​គ្នា​ដោយ​ផ្តោត​អភិក្រម នៃ​ការយកចិត្តទុកដាក់​លើ​ប្រជាជន​ជាពិសេស​យុវជន និង​តម្រង់​ជាមួយនឹង​ឱកាស នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​និង​ការច្នៃប្រឌិត​ខ្ពស់​តាមរយៈ​ការតភ្ជាប់​ឌីជីថល ឆ្លាត​និង​ធន់​។​

៥.​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​ឌីជីថល គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។ ការប្រើ​អ៊ិន​ធឺ​ណេ​ត​សម្រាប់​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ក៏ដូចជា​ការផ្សព្វផ្សាយ​សកម្មភាព​ភេរវកម្ម គឺជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​ជាតិ​, តំបន់ និង​ពិភពលោក​។ ប្រទេស​កម្ពុជា​រំពឹងថា ការអនុវត្ត​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​អាស៊ាន ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ ដែល​បានអនុម័ត​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ ប្រាកដជា​នឹង​ជំរុញឱ្យមាន​ការសម្របសម្រួល​កាន់តែ​ជិតស្និទ្ធ ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន លើ​គោលនយោបាយ​សន្តិសុខ​អ៊ីនធឺណិត និង​គំនិត​ផ្តួចផ្តើម​កសាង​សមត្ថភាព តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​បទពិសោធន៍​និង​ការច្នៃប្រឌិត​ថ្មី​។​

៦.​ប្រទេស​កម្ពុជា​ជឿជាក់ថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​បណ្តាញ Smart Cities អាស៊ាន​នឹង​អាច​ស្វែងរក​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​ទាញយក​អត្ថប្រយោជន៍ នៃ​បច្ចេកវិទ្យា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​។ ដូច្នេះ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ការរៀបចំ​ទីក្រុង​អាស៊ាន Smart Cities ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​លើ​ចំនុច​មួយចំនួន​ដូចជា (១). បង្កើត​យន្តការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​។ (២). បង្កើត​យន្តការ​ហិរញ្ញវត្ថុ​ដែល​អនុគ្រោះ​ដែល​អាចអនុវត្ត​ជាក់ស្តែង ដើម្បី​ជួយ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​សម្រាប់​ប្រទេស​សមាជិក​អាស៊ាន នីមួយៗ និង (៣). បង្កើត​ស្តង់ដារ​រួម​និង​យន្តការ ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​ទីក្រុង​អាស៊ាន​ទាំងមូល​៕ ល​