ទស្សនៈ​មតិ​៖ ថ្ងៃ​២៣ តុលា ជា​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជា​ថ្ងៃ​ចុង ក្រោយ ដែលជា​កំណត់​ក្នុង​បុណ្យជាតិ ត្រូវ​ឈប់សម្រាក

433
ចែករម្លែក

ភ្នំពេញ​៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ រហូតមកដល់​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ នេះ មាន​អាយុកាល ២៨ ឆ្នាំ​ហើយ​។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​ដើម្បី​បញ្ចប់ វិបត្តិ​បែកបាក់​ផ្ទៃក្នុង​របស់​កម្ពុជា កាលពី​អតីតកាល​ដ៏​ជូរចត់ ក្រោយ​របប​ប្រល័យពូជសាសន៍ ខ្មែរក្រហម និង​សង្គ្រាមស៊ីវិល​។​

​កិច្ចព្រមព្រៀង​នេះ គឺ​កម្ពុ​ជាមាន ៤ ភាគី​៖ ទី​១-​ភាគី​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ទី​២-​ភាគី​ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច របស់​សម្តេចព្រះ នរោត្តម សីហនុ ទី​៣-​ភាគី​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ទី​៤-​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម ដឹកនាំ​ដោយ​លោក ខៀវ សំផន​។ ក្រៅពី នោះ ក៏មាន​ប្រទេស​ជា​ហត្ថលេខី ចំនួន ១៨ ប្រទេស​ទៀត ដែល​ក្នុងនោះ មាន​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និង​ប្រទេស​រុស្ស៊ី​។ ចំណែកឯ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ រួមមាន​៖ ឥណ្ឌូណេស៊ី វៀតណាម ឡាវ ថៃ សឹង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រទេស​ព្រុយ​ណេ​។ រីឯ​ប្រទេស ៤ ផ្សេងទៀត មានដូចជា ប្រទេស​ឥណ្ឌា ជប៉ុន កាណាដា និង​ប្រទេស​អូស្ត្រាលី​។
​ ​
​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គូភាគី​ជម្លោះផ្ទៃក្នុង​កម្ពុជា​បាន​រំលាយ អស់​ទៅហើយ ដោយ​ខ្លះ​ត្រូវបាន​រលាយបាត់​រូប​ទាំងស្រុង ដូចជា​ភាគី​ខ្មែរក្រហម ឯ​ភាគី​ខ្លះទៀត បាន​ប្រែខ្លួន​ទៅជា​គណបក្សនយោបាយ មានដូចជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​លោក តា​សឺ​ន​សាន​។ ចំណែកឯ​រដ្ឋ​កម្ពុជា បាន​ប្រែខ្លួន​ជា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ ប្រទេស​កម្ពុជា​រហូត​ប​ច្ចុ​ប្បន្ន​។ ពោលគឺ​ក្នុងចំណោម​ភាគី​កម្ពុជា​ទាំង ៤ មកដល់​សព្វថ្ងៃនេះ នៅសល់ តែ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​តួអង្គ​តែ​ម្នាក់​ប៉ុណ្ណោះ​។​
​ ​
​រីឯ​ស្មារតី​សំខាន់ៗ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស បាន​រលាយ​ចូលក្នុង​ស្មារតី «​រដ្ឋធម្មនុញ្ញ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​» ដែល​ត្រូវ​បានប្រកាស​ឲ្យ​ប្រើប្រាស់ ដោយ​សភាធម្មនុញ្ញ នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ក្រោយ​ការបោះឆ្នោត​រៀបចំ ដោយ​អ៊ុនតាក់​។ រដ្ឋធម្មនុញ្ញ បាន​អនុវត្ត​រយៈពេល​ជាង ២០​ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន និង​តទៅ​អនាគត ដើម្បី​កម្ពុជា​ធានាបាន​នូវ​គោលការណ៍​ប្រជា​ធិ​ប តេ​យ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ក្រោម​ស្មារតី​ឯករាជ្យ អធិបតេយ្យ បូរណភាព និង​អ​ព្យា ក្រឹត្យ ដែល​ធ្វើ​ឲ្យ​កម្ពុជា បោះជំហាន​ឆ្ពោះទៅមុខ ប្រកបដោយ​កិត្តិយស​ស្មើមុខស្មើមាត់​នៅលើ ឆាក​អន្តរជាតិ​។

​ដោយសារ​មានការ​បកស្រាយ​ខុសពី​ស្មារតី​រដ្ឋធម្មនុញ្ញ ពី​សំណាក់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​កំពុងតែបន្ត​ចិញ្ចឹមចិត្ត ចង់បាន​ប្រយោជន៍​នយោបាយ ពី​ប្រ​មោ​ល​អតីតកាល ទើប​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ហត្ថលេខី និង​ជា​សក្ខីភាព​តែមួយ​រូប​គត់ បាន​មាន ប្រសាសន៍ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ បៀ​ល​ប្រាយ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​ថា​៖ «​នៅពេលនេះ ជា​ពេលដែល​យើង​ត្រូវ អនុវត្ត​នូវ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​មិនមែន​ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ដូច​ការលើកឡើង​រប​ស់​ក្រុមប្រឆាំង​នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​ទៀតថា «​បើ​ទាមទារ​ឲ្យ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ប៉ារីស ពេលនេះ ត្រូវ​ដោះលែង ខៀវ សំផន ហើយក៏​មិនមាន​ស្ថាប័ន​ព្រះមហាក្សត្រ​ដែរ​។ ដូច្នេះ កិច្ច​ព្រម ព្រៀង​ប៉ារីស​នេះ សូមកុំ​ចេញមក​បកស្រាយ​តាមចិត្ត​ចង់​។ ឯ​យើង​យើង​យកចិត្តទុកដាក់​អនុវត្តតាម រដ្ឋធម្មនុញ្ញ​របស់​យើង​»​។
​ ​
​ជាការ​ពិត មិនអាច​ប្រកែក​បាន ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ កម្ពុជា​មិនទាន់​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល រវាង​ខ្មែរ និង​ខ្មែរ​ឡើយ​។ ពោលគឺ​នៅក្នុង​ការ បោះឆ្នោត ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​មិន​ព្រម ចូលរួម​ការបោះឆ្នោត​ទេ ហើយ​បាន​បង្កើត​តំបន់អប្បគមន៍ នៅតាម​ព្រំដែន​ខ្មែរ​-​ថៃ​បង្ក​អសន្តិសុខ នៅឡើយ​។

​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​គ្រប់យ៉ាង ដើម្បី​អូសទាញ​ខ្មែរក្រហម ឱ្យចូល​តុ​ចរចា​។ ទីបំផុត សម្តេច តេ​ជោ ហ៊ុន សែន បាន​រកឃើញ និង​ដាក់ចេញ នូវ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​រហូតដល់​ខ្មែរក្រហម ព្រម​ផ្តាច់ខ្លួន ចុះចូល​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ពោលគឺ​បានបញ្ចប់​ទាំងស្រុង នូវ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហម ព្រមទាំង​នាំមក​នូវ​សន្តិភាព​ពេញលេញ និង​គ្មាន​ការបែងចែក​ទឹកដី​កម្ពុជា ជា​ពីរ​ទៀតឡើយ​។​
​ ​
​ជារួម ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា តាំងពី​ត្រូវបាន​បង្កើតឡើង ដោយ​សភាធម្មនុញ្ញ ថ្ងៃ​២៤​កញ្ញា​ក្រោយ​ការ បោះឆ្នោត ឆ្នាំ​១៩៩៣ មក​ម្លេះ​។ ដូច្នេះ​គ្មានអ្វី ត្រូវគោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ទៀត​ទេ​។ ជា​រៀងរាល់ឆ្នាំ ជាពិសេស​ឲ្យ​តែ​ដល់​ថ្ងៃ ២៣​តុលា​ខួប​ចុះ ហត្ថលេខា នៃ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មាន​មនុស្ស​មួយចំនួន​ពិសេស ក្រុមប្រឆាំង តែងតែ​បកស្រាយ ដោយ​កេងចំណេញ​នយោបាយ និង​ទាមទារ​ឲ្យ​យក​កិច្ចព្រមព្រៀង នេះ មក​អនុវត្ត​នៅ​កម្ពុជា​ឡើងវិញ​។ ក៏ប៉ុន្តែ​ការទាមទារ ចង់បាន​របស់​មនុស្ស​មួយក្រុម​នេះ គ្រាន់តែ​ជា​របៀបវារៈ​នយោបាយ ដើម្បី​តែ​ប្រយោជន៍​បក្សពួក​ខ្លួន​តែប៉ុណ្ណោះ​ទេតើ​។​
​ ​
​នៅ​ថ្ងៃ ២៣​តុលា ឆ្នាំនេះ គឺជា​ថ្ងៃ​ចុងក្រោយ​ហើយ ដែល​ថ្ងៃ​២៣​តុលា ជា​ថ្ងៃ​បុណ្យជាតិ និង​ជា ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​។ ចាប់ពី​ឆ្នាំក្រោយ​តទៅ រាជរដ្ឋាភិបាល​បានសម្រេច​កាត់បន្ថយ​ចំនួន ថ្ងៃ​ឈប់សំរាក ក្នុងនោះ ក៏មាន​ការលុបចោល​នូវ​ថ្ងៃ​រំលឹក​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះដែរ​។ ការលុបចោល​ថ្ងៃ ២៣​តុលា ពីថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុវត្ត​ម្តង រួចមកហើយ កាលពីមុន​សម្តេចព្រះ នរោត្តម សីហនុ យាង​ចូល​ទិវង្គត ថ្ងៃ​១៥ ខែតុលា ឆ្នាំ​២០១២​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ មក រាជរដ្ឋាភិបាល បានកំណត់​យក​ថ្ងៃ ២៣​តុលា ជា​ថ្ងៃ​បុណ្យជាតិ ឈប់សម្រាក​វិញ​។​
​ ​
​ដូច្នេះ​ចាប់ពី​ឆ្នាំ​២០២០ តទៅ មនុស្ស​មួយចំនួន និង​ក្រុមប្រឆាំង លែងមាន​អ្វី​ត្រូវ​លើក​មក​តតាំង ទាមទារ នៅ​ថ្ងៃ ២៣​តុលា នៃ​ខួប​រម្លឹក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​ធ្វើជា​របៀប វារៈ​នយោបាយ​តទៅទៀត​ហើយ មើលទៅ​៕​ ដោយ៖ ម៉េងឆៃ