ទស្សនៈ​មតិ​៖ ប្រសិនបើ​អ្នកប្រើប្រាស់​ផ្លូវ មិន​ខ្លាច​ច្បាប់ ខ្លាច​តែ​ប៉ូលិស​នោះ អ្នកស្លាប់​ដោយ គ្រោះថ្នាក់​ចរាចរណ៍ នឹង​នៅតែ​បន្ត​កើនឡើង

313
ចែករម្លែក

អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ដែល​នគរបាល​ចរាច​រណ៍ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​ផាកពិន័យ ចំពោះ​អ្នក​ល្មើសច្បាប់​។ ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ ក៏ដោយ ក៏​គេ​សង្កេតឃើញថា អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួនធំ នៅតែ​ប្រកាន់​ទម្លាប់ ចាស់​មិន ខ្លាច​ច្បាប់ តែ​បែរជា​នាំគ្នា​ខ្លាច ប៉ូលិស​ទៅវិញ ។ ដូចនេះ​បញ្ហា គឺ​ទាមទារ​ឲ្យ​អ្នកប្រើប្រាស់ ផ្លូវថ្នល់ ត្រូវតែ​ភ្ញាក់រលឹក ដោយមាន​ស្មារតី គោរព​ច្បាប់​ជាធំ ។​

​ជាង​មួយឆ្នាំ​មកហើយ ដែល​នគរបាល​ចរាច​រណ៍​ខ្មែរ នៅ​ទូទាំងប្រទេស បានចាប់ផ្ដើម​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ។ មាត្រា​មួយចំនួន នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ មាន​លក្ខណៈ​រឹតត្បិត និង​តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់ ដោយ​ចំពោះ​ការផាកពិន័យ ។ យោងតាម​ច្បាប់​ថ្មី​នេះ ជន​ណា​ដែល​ប្រព្រឹត្តល្មើស ឬ​រំលោភ​ទៅលើ​មាត្រា​ណាមួយ នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នឹងត្រូវ​ផាកពិន័យ ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ ឬ អាច​នឹងត្រូវ​ផ្ដន្ទាទោស ដាក់ពន្ធនាគារ ថែម​ទៀតផង​។ ចាប់តាំងពី​បើក​យុទ្ធនាការ រឹតបន្តឹង​ការអនុវត្ត​ច្បាប់ នគរបាល​ចរាចរណ៍ បាន​ត្រួតពិនិត្យ​យានជំនិះ រាប់សែន​គ្រឿង ។ ក្នុងនោះ​ការផាកពិន័យ​ម្ចាស់​យានជំនិះ​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ បានធ្វើ​ឡើងជា​បន្តបន្ទាប់​។​

​ក៏ប៉ុន្តែ​តួលេខ​នៃ​ចំនួន​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅតាម​ដងផ្លូវ​បែរជា​មានការ​កើន ឡើងទៅ​រិញ​។ របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញ ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ ២០១៩ មានការ​កើនឡើង​ចំនួន ៤៥៤ លើក ស្មើនឹង ២៦% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង ១២% ស្មើនឹង ២២០ នាក់ និង របួស​១,៣៧១ នាក់​ស្មើនឹង​២៩% បើ​ប្រៀប​ទៅ​ឆ្នាំ ២០១៨ ។

​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​ហេតុផល​ថា ដោយសារ​កត្តាសេដ្ឋកិច្ច ចំនួន​មធ្យោបាយ​ធ្វើដំណើរ នៅ​ឆ្នាំ ២០១៩ បាន​កើនឡើង ៣៧% ដោយ​មធ្យោបាយ​ធ្វើដំណើរ សរុប​ទូទាំងប្រទេស មាន​ចំនួន ៥.៣៣៨.៣៩៤ គ្រឿង ក្នុងនោះ ម៉ូតូ​មាន​ចំនួន ៤.៥៥៥.២២៤ គ្រឿង ស្មើនឹង ៨៣ % រថយន្ត​គ្រប់​ប្រភេទ មាន​ចំនួន ៧៨៣.១៧៣ គ្រឿង​។ បរិមាណ​យានយន្ត​គ្រប់​ប្រភេទ មានការ​កើនឡើង ដូច្នេះ​គឺជា​កត្តា​ជម្រុញ​ឲ្យ​ចរាចរណ៍ នៅ​ទូទាំងប្រទេស មាន​ភាព​មមាញឹក និង​ចង្អៀត ហើយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​ការកើនឡើង ទៅតាម​ហ្នឹង​ដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​បានចាត់ទុក​ថា​តួលេខ​នេះ​ជា​តួលេខ​មួយ ដែល​ត្រូវតែ​ប្រកាស អាសន្ន​ហើយ​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ប្រកាសអាសន្ន ព្រោះ​វា​កើនឡើង​ច្រើនពេក​។ សម្តេច​បាន​បន្តថា វា​ត្រូវ​ដល់ពេល ប្រកាសអាសន្ន​ហើយ យើង​មិនអាច​បន្ត​ឲ្យ​ជីវិត​មនុស្ស ស្លាប់ កើនឡើង ២២០ នាក់ ជា​រៀងរាល់ឆ្នាំ​នោះទេ ។ សម្តេច​បានចាត់ទុក វិធាន​ដែល​បានដាក់​ចេញ កន្លងមក អនុវត្តន៍​គ្មាន​ប្រសិទ្ធភាព ។ សម្តេច​ក្រឡាហោម បាន​ស្នើថា ឆ្នាំ២០២០​នេះ​គឺជា​ឆ្នាំ​អនុវត្តន៍ច្បាប់​ចរាចរណ៍ឲ្យ​បាន​តឹងរឹង​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លងទៅ ។

​ទោះបី​មានការ​លើកឡើងថា ដោយសារ​កត្តា​ផ្លូវថ្នល់ កត្តា​យានយន្ត និង​កត្តាសេដ្ឋកិច្ច​រីក​ចំរើន លឿន ទើប​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ មានការ​កើនឡើង វា​ជាការ​ត្រឹមត្រូវ​មួយ​អាច ទទួលយកបាន​។ ក៏ប៉ុន្តែ​បើ​យើង​នាំគ្នា​ពិនិត្យ ឲ្យ​បាន​ម៉ត់ចត់ ជាង​នេះ​បន្តិច យើង​នឹង​ឃើញថា កត្តា​ដែល​បង្ក​គ្រោះថ្នាក់ ធំ​បំផុត​នោះ គឺ​ដោយសារតែ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ មិន​ថា ប្រជាពលរដ្ឋ​ធម្មតា​នោះទេ សូម្បី​មន្ត្រី និង​កងកម្លាំងប្រដាប់អាវុធ មួយចំនួនធំ មិនមាន​ស្មារតី គោរព​ច្បាប់​នោះទេ ។ គេ​ជឿថា បើទោះបី​កត្តាសេដ្ឋកិច្ច រីកចំរើន ចំនួន​យានយន្ត កើនឡើង កត្តា​ផ្លូវថ្នល់​តូចចង្អៀត ក៏ដោយចុះ តែបើ​មាន​ស្មារតី គោរព​ច្បាប់​នោះ គ្រោះថ្នាក់​ចរាចរណ៍ វា​មិន​អាចមាន​តួលេខ ខ្ពស់​បែបនេះ​ទេ ។

​ជាការ​ពិត ការ​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី តាមរយៈ​ការផាកពិន័យ ដូច្នេះ​បានក្លាយ​ទៅជា​ដង្កៀប ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ អនុវត្តតាម ។ ប៉ុន្តែ​ជាការ​កត់សម្គាល់ បើទោះបីជា​មានការ​ផាកពិន័យ ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេត ឃើញថា អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំ​នួ ធំ​នៅតែ​មិន​ខ្លា​ចនឹង ប្រព្រឹត្ត​ល្មើសច្បាប់ ។ មិនមែន​ដោយសារ​ការផាកពិន័យ ធូររលុង​ហើយ ប្រើប្រាស់​ផ្លូវ​មិនទាន់ សម្រប​ខ្លួន​បាន​ទៅនឹង​ច្បាប់​ថ្មី ដែល​តឹងតែង​នោះទេ ។ គឺ​មកពី​សង្គម​កម្ពុជា ដែល​និយម​នាំគ្នា ខ្លាច​ប៉ូលិស ជាង​ខ្លាច​ច្បាប់​តែម្ដង ។ ចំណុច​នេះ ក៏​អាច​និយាយ បាន​ថា មកពី​ទម្លាប់​ផងដែរ បើទោះបីជា​នគរ​បាលច​រា​ចរណ៍​បើក​ប្រតិបត្តិការ​រឹតបន្តឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយក៏​ដោយ គេ​នៅតែ​សង្កេតឃើញថា អ្នកប្រើប្រាស់​ផ្លូវ នៅ​កម្ពុជា នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដដែល នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា​។

មនុស្ស​មួយចំនួន មិនបាន​យក​ច្បាប់​ជាធំ​ឡើយ តែ​បែរជា​នាំគ្នា​ប្រព្រឹត្ត តាម​ការនឹក ឃើញ និង​ប្រើ​កម្លាំងបាយ ឬ​កម្លាំង​អំណាច រៀងៗ​ខ្លួន​ទៅវិញ​។ នៅតាម​ផ្លូវ គេ​នៅតែ​ប្រទះឃើញ ការ​ជិះ​បញ្ច្រាស​ផ្លូវ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍ ។ អ្នកបើកបរ​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព ។ អ្នកជិះ​ម៉ូតូ​ខាងក្រោយ ដែល​មិន​ពាក់មួក​សុវត្ថិភាព ។ អ្នកបើកបរ​ដោយ​គ្រឿង​ស្រវឹង និង​មិន​ពាក់​ខ្សែក្រវាត់ និយាយ​ទូរស័ព្ទ និង​មិន​លើក កម្ពស់ស្មារតី​ប្រុងប្រយ័ត្ន ពេល​បើកបរ​រថយន្ត ជាដើម​។

​បញ្ហា​នេះ គេ​ក៏​ពិបាក​នឹង​បន្ទោស អ្នកប្រើប្រាស់​ផ្លូវ តែឯង​ណាស់ ដែល​នៅ​ប្រកាន់​ទម្លាប់​ចាស់ មិន​ព្រម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ។ ការអនុវត្ត​ច្បាប់​មិនបាន​ទូលំទូលាយ​ស្មើភាព​គ្នា ចំពោះ​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅតែ​រក្សា​ទម្លាប់​ប្រើប្រាស់​ផ្លូវ​បែប​ចាស់​ដដែល​។​

​មួយវិញទៀត ការផាកពិន័យ​បែប​ធូររលុង វា​ក៏​ជា​ទម្លាប់​មួយ​ផងដែរ​នៅពេលដែល​សមត្ថកិច្ច ចរាចរណ៍ នៅតែ​យកលុយ ដោយ​គ្មាន​វិក្កយបត្រ គឺ​អ្នកប្រើប្រាស់​ផ្លូវ​ក៏​មិន​ខ្លា​ចនឹង​បោះបង់ ចោល ទម្លាប់​ចាស់​នោះដែរ ។​

​ការ​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍ ដែល​នគរបាល​ចរាច​រណ៍ បានធ្វើ​កន្លងមកនេះ គឺជា​រឿង​គួរ​ឲ្យ​លើកទឹកចិត្ត ព្រោះ​វា​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ងាក​មក​ចាប់អារម្មណ៍​ស្វែងយល់​ពី​ច្បាប់ ។ ប៉ុន្តែ​ការស្វែងយល់​ពី​ច្បាប់ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​តាំងចិត្ត​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន បើ​មិនទាន់បាន​ទាំងស្រុង ក៏ត្រូវ​ធ្វើជា​បណ្ដើរៗ​ដែរ ។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ដងផ្លូវ ខ្លួនឯង គឺជា​អ្នក​ដែល​ខាតបង់ ។ ខាតបង់​ដោយសារ​ប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​ត្រូវ​រង​ការផាកពិន័យ ឬ​អាក្រក់​ជាង​នេះ គឺ​ខាតបង់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្ដាលមកពី​ទម្លាប់ មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ខ្លួនឯង ។

ដូចនេះ​ចំណុច​គោល​សំខាន់បំផុត ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការស្លាប់ ជីវិត​មនុស្ស គឺត្រូវធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់ មាន​ស្មារតី​ភ្ញាក់រលឹក ចេះ​គោរព​ច្បាប់ ។ ចំណែក អ្នកអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នគរបាល ត្រូវតែ​ធ្វើ​ឲ្យ​បានជា​ប់លាប់ និង​ធ្វើ​ការពិន័យ​ឲ្យ​បាន តឹងរឹង តាមច្បាប់​កំណត់ ។ ទន្ទឹមគ្នានេះ ការអប់រំ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ទៅដល់​ប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេស​នៅ​តំបន់​ដាច់ស្រយាល ក៏​ជា​រឿង​ចាំបាច់ មិនអាច​ខ្វះ​បាន​ដូចគ្នា​ដែរ​៕ ដោយ​៖​តារា​រិ​ទ្ធ​