ទាក់ចិត្ត Angelina Jolie ឲ្យ​ត្រឡប់មក​ជាថ្មី ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​

168

​ព្រឹក​មិញ​នេះ នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​បានធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ប្រកាស​ការវិល​ជាថ្មី​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ដែល​ត្រៀម​នឹងធ្វើ​ជា​លើក​ទី​៨ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៨​ខាងមុខ​។​

​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​បានធ្វើ​ឡើង​៧​ដង​រួចមកហើយ ថែម​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើងៗ​ជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តួយ៉ាង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ មហោស្រព​ខាងលើនេះ​ទទួលបាន​ការគាំទ្រ​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​ទទួលបាន​ទស្សនា​ជាង​២​ម៉ឺន​នាក់​ក្នុង​រយៈពេល​៥​ថ្ងៃ​។​

​ចំនួន​ដ៏​ច្រើន​លើសលប់​នេះ ត្រូវបាន​នាយកដ្ឋាន​ភាពយន្ត​បច្ចុប្បន្ន លោក ប៉ុក បូរ​ក្ស រម្លឹកថា​ដោយសារតែ​មហោស្រព​ទទួល​ភាពយន្ត​ជាច្រើន​ប្រទេស មិន​ថា​អឺរ៉ុប​អាស៊ី បូក​រួមទាំង​កម្ពុជា​ផង​មក​ដាក់​បញ្ចាំង​។ ពិសេស​ជាងនេះទៅទៀត គឺ​ដោយសារ​វត្តមាន​កំពូល​តារា​សម្ដែង​លំដាប់​ហូលីវូដ Angelina Jolie ចូលរួម​ក្នុង​ពិធី​បើ​មហោស្រព​ទើប​អាច​ទាក់ទាញ​អ្នកគាំទ្រ​បាន​យ៉ាង​សន្ធឹក​ដូចនេះ​។​

​ក្នុងនោះ​លោក Eloyan Kalyan អ្នកចាត់ចែង​កម្មវិធី​ខាងលើ បាន​សង្កត់​ន័យ​ថា ក្នុងឆ្នាំនេះ​លោក និង​ក្រុមការងារ​បានស្នើ​ទៅ Angelina Jolie ឲ្យ​ចូលរួម និង​គាំទ្រ​ជាថ្មី​សម្រាប់​កម្មវិធី​នេះ​។

Eloyan Kalyan

​លោក​បន្ត​ឲ្យ​ដឹង​ទៀតថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ដែលមាន​ការគាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះ នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​៥ ដល់​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រមូលផ្ដុំ​ភាពយន្ត​សរុប​១២០​ចំណងជើង មកពី​ប្រទេស​ជាច្រើន​ដូចជា បារាំង ថៃ កាណាដា អូស្ត្រាលី បែ​ល​ហ្សិ​ក ជប៉ុន ថៃ កាណាដា វៀតណាម ភូមា ចិន និង​សិង្ហ​បុរី​។​

​ភាពយន្ត​ទាំងនេះ​នឹងត្រូវ​ដាក់បញ្ចាំ​ង​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា និង​វាល​ហាល នៅ​កោះ​ពេជ្រ​៕​អត្ថបទ​៖ Men Sokna​/sn