ទាត់ចោល​សេចក្តីថ្លែងការណ៍ ដែល​គ្មាន​លក្ខណៈ​ការទូត​ និង​ជ្រៀត​ជ្រែកចូល​កិច្ចការ​ ផ្ទៃក្នុង​កម្ពុជា​

664
ចែករម្លែក

គិតពី​ដើមខែ​មករា មកដល់​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ ចំនួន​បួន​លើក រួចមកហើយ ដែល​ក្នុង​អត្ថន័យ​នៃ​សេចក្តី ថ្លែងការណ៍​នីមួយៗ​មិនមាន​លក្ខណៈ​ការទូត​បន្តិច​ណា​ទាល់តែសោះ​។ ផ្ទុយទៅវិញ​វា មានន័យ​ជាការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា និង​មិន​គោរព​ចំពោះ​អធិប តេ​យ្យ​ភាព​របស់​កម្ពុជា​បន្តិច​ណា​ទាល់តែសោះ ។​

​សេចក្តីថ្លែងការណ៍​ទាំង​បួន​លើក​នេះ​មាន​លក្ខណៈ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង ទ្វេភាគី ដែល​បម្រើ​ដល់​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន​ទាំងពីរ​កម្ពុជា -​អាម៉េរិក ។

​សេចក្តីថ្លែងការណ៍​ដែលមាន​លក្ខណៈ​គំរោះគំរើយ​ទាំងនេះ​បានធ្វើ​ឡើង​ក្នុងពេលដែល​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន កាន់តែ​ត្រូវបាន​ជំរុញ​យ៉ាងរឹងមាំ​ហើយក៏ ក្នុងពេលដែល​ប្រទេស​កម្ពុជា​កំពុង មានការ​អភិវឌ្ឍ​យ៉ាង​លឿន​។ ជាពិសេស​ក្នុងខណៈ ពេលដែល​កម្ពុជា​ប្រកាន់ខ្ជាប់​គោលការណ៍​ដាច់ខាត​ការ ពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី មិន​ឱនក្បាល​ជាមួយ​បរទេស​ណា​ទាំងអស់ ។
​ ​
​សេចក្តីថ្លែងការណ៍​ដែល​ចេញ​មកពី​ស្ថានទូត​មួយ​នេះ ជាការ​រំខាន​ខ្លាំងណាស់​សម្រាប់ កម្ពុជា ដែល​កំពុងធ្វើដំណើរ​លើ​គន្លង​មាគ៌ា​មួយ​ដែល​ត្រឹមត្រូវ ។ យើង​គប្បី​រំឭក​ឡើង វិញ អំពី​សេចក្តីថ្លែងការណ៍​ដែល​បង្ក​ឲ្យ​មានការ​រំខាន​ទាំងនោះ​៖

១-​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថានទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​កម្ពុជា​អះអាងថា ខ្លួន​មិនមាន​ការពាក់ព័ន្ធ​ទៅនឹង​រដ្ឋប្រហារ​ទម្លាក់ សម្ដេចព្រះ​នរោត្តម សីហនុ ចេញពី ព្រះប្រមុខរដ្ឋ​ក្នុងអំឡុង ទសវត្សរ៍​៧០​ដែល​ដឹកនាំ​ដោយ សេនាប្រមុខ លន់ នល់ ។ មិនតែប៉ុណ្ណោះ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​អះអាងថា រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​យ៉ាង សកម្ម​ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ហេតុអ្វី​បានជា​នៅ​សុខៗ ស្ថានទូត​អាម៉េរិក​ចេញ​សេចក្តីថ្លែងការណ៍​បែបនេះ​? វា​មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ រំ​កាំ​ចិត្ត​រវាង​កម្ពុជា និង​អាម៉េរិក​ទេ ប៉ុន្តែ​ក៏បាន​បង្ក​ឲ្យ​មាន​ថ្នាំងថ្នាក់​រវាង​ចិន និង អាម៉េរិក​ដែរ ។ តាមពិត​អាម៉េរិក​បាន​យក កម្ពុជា​ធ្វើជា​សមរភូមិ​សម្រាប់​បង្កជម្លោះ រវាង​ខ្លួន​ជាមួយនឹង​ចិន ដោយ​មិន​បានគិត​ទៅដល់​អារម្មណ៍​របស់​ម្ចាស់​ប្រទេស​ឡើយ ។​

២-​សេចក្តីថ្លែងការណ៍​មួយ​របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១២ ខែកុម្ភៈ​បានធ្វើ​ជា​សំដែង​ការ​កង្វល់​ជាមួយ​អ៊ី​យូ​(EU)​ក្នុង​ការផ្តើម​ដំណើរការ​នីតិវិធី​អ៊ី​ប៊ី​អេ (EBA) ដោយ​ចោទប្រកាន់ថា កម្ពុជា កំពុង​ដើរ​ថយក្រោយ​យ៉ាងធ្ងន់ធ្ងរ ក្នុងការ ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ។ ស្ថានទូត​មួយ​នេះ បាន​ចោទ​ទាំង​ងងើល​ថា មានការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ការងារ​ដែលមាន ការទទួលស្គាល់​ជា​អន្តរជាតិ និង​សេរីភាព​ទាក់ទង​នឹង​អង្គការ​សមាគម និង​បាន​អំពាវ នាវ​អោយ​ថ្នាក់ដឹកនាំ​កម្ពុជា ស្តា​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ ពហុបក្ស​ពិតប្រាកដ ដូច​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។ អ្វីដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ហួស ចិត្ត​ហើយ​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​នោះ​គឺថា​ស្ថានទូត​នៃ​ប្រទេស​ដែល​តាំង ខ្លួន​ថា ជា​បិតា​ប្រជាធិបតេយ្យ បែរជា​និយាយ​កោតសរសើរ កឹម សុខា ថា​ជាម​នុស្ស ស្អាតស្អំ ត្រូវបាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់​មិន​ពិត គ្មាន​ភស្តុតាង គ្មាន​សវនាការ​កាត់ទោស គ្មាន​យុត្តិធម៌ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ទម្លាក់ ចោល​នូវ​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង នឹង​អ្នកទោសនយោបាយ​ដទៃទៀត ហើយ​អនុញ្ញាត​ឲ្យ​សហជីព​អង្គការ​សារព័ត៌មាន ឯករាជ្យ និង​ក្រុម​ដទៃទៀត​នៃ​សង្គម​ស៊ីវិល ដំណើរការ​ដោយ​គ្មាន​ការ​រឹតត្បិត​ដែល មិន​ត្រឹមត្រូវ ។ យើង​មិន​ចង់​បកស្រាយ​ច្រើន​ពី​បញ្ហា​នេះ​ទេ ពីព្រោះ​នេះ​ជា​ច្បាប់​របស់ កម្ពុជា ។ កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ ប្រកាន់យក​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន ។​

៣-​នៅ​ថ្ងៃទី​១៩​ខែមេសា ស្ថានទូត​អាម៉េរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយទៀត ដោយ​លើកឡើងថា ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅខាង​ប្រទេស​ចិន ។ ស្ថានទូត​មួយ​នេះ​ធ្វើជា​ព្រួយ បារម្ភ​ជំនួស​កម្ពុជា​ខ្លាំងណាស់ ដោយ​និយាយថា ប្រហែល ៨៧​ភាគរយ​នៃ​ទំនិញ​ដោះ ដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើឱ្យមាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ ។ នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ងាក ចេញពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែលមាន​តុល្យភាព​និង​លក្ខណៈ​ចម្រុះ​ច្រើន​ទៅរក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែលមាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន ។ ក្តី​ឈឺឆ្អាល​មួយ​នេះ បើ​វា​កើតចេញពី​បេះដូង​ពិតៗ​របស់​មន្ត្រី​ស្ថានទូត​អាម៉េរិក​ប៉ុន្មាន​នាក់​នោះ​មែន​យើង សូម​អរគុណ​ហើយ ។ ផ្ទុយទៅវិញ បើ​វា​ជា​ចេតនា​ដើម្បី​ជួយ​ឃោសនា​ឲ្យ​ពួក​ប្រឆាំង នោះ​គឺជា អំពើ និង​ជា​បំណង​ទុច្ចរិត​ខាង​នយោបាយ​ដ៏​អាក្រក់​ជួរជាតិ​បំផុត​ដែល​ប្រជា ជនកម្ពុជា​ស្អប់ខ្ពើម ដល់​ត្រកូល ។ កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​មួយ​មិន​ល្ងង់​ដល់​ថ្នាក់​នោះ ពេក​ទេ ។ ថ្នាក់ដឹកនាំ​កម្ពុជា​ដែល​បាន​នាំយក​ប្រទេស​ចេញពី​ភ្នក់ភ្លើង សង្គ្រាម​ឲ្យ​មក ទទួលបាន​សុខសន្តិភាព​ពេញលេញ និង​ធ្វើ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ដូច​សព្វថ្ងៃ ក៏មាន​ការគិតគូរ​ពិចារណា​ច្បាស់លាស់​ហើយ ។ យើង​ទទួល យក​ការ វិនិយោគ​ពី​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិនមាន​ការរើសអើង​មិនថាតែ​ប្រទេស ចិន​មួយ​ទេ ។ កន្លងមក​ក៏មាន​ប្រទេស​ជាច្រើន និង​វិនិយោគិន​ច្រើន​ជាតិ​សាសន៍ បានមក​រកស៊ី​នៅ​កម្ពុជា រាប់ទាំង​អ្នកវិនិយោគ​មកពី​សហ​រដ្ឋ​អាម៉េរិក​ផង ។ អ្វីដែល​យើង មិន​យល់ព្រម អ្វីដែល​យើង​មិន​អនុគ្រោះ អ្វីដែល​យើង​ប្រឆាំង​ដាច់ខាត​តែមួយគត់​នោះ គឺ​កុំ​នាំយក​ភ្លើងសង្គ្រាម​មក​ដុត​កម្លោច​ប្រទេស​យើង​សារជាថ្មី​ទៀត​នោះ​គឺ​គ្រប់គ្រាន់ ហើយ ។

៤-​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០១៩​នេះ ស្ថានទូត​អាម៉េរិក​បានចេញ​សេចក្តីថ្លែងការណ៍ មួយទៀត ដែល​ខ្លឹមសារ​របស់​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា មន្ត្រី​ដែល​ធ្វើការ​នៅ​ស្ថាន ទូត​នេះ មិន​យល់ដឹង​ពីអ្វី​ទាំងអស់ ដោយសារ​គេ​ប្រើពាក្យ​ថា «​ព្រឹត្តិការណ៍​ថ្មីៗ​នេះ​» បានធ្វើ​ឲ្យ​មានការ «​កាត់​ស្មាន​» អំពី​ផែនការ​ទៅ​ពេលអនាគត​របស់​ប្រទេស​កម្ពុជា សម្រាប់​មូលដ្ឋាន ជើង​ទឹក​រាម ដោយ​រួមមាន​លទ្ធភាព​នៃ​ការអនុញ្ញាត​ឲ្យ​មាន​ទីតាំង យោធា​របស់​ប្រទេស​ចិន ។ លោក​មន្ត្រី​ទូត​ប៉ុន្មាន​នាក់​នោះ ថែមទាំង​អំពាវនាវ​ឲ្យ មេដឹកនាំ​កម្ពុជា​រក្សា​ការប្តេជ្ញាចិត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុងការ​ប្រកាន់យក នយោបាយ​ការបរទេស​ឯករាជ្យ ហើយ​ការ​រពារ​យ៉ាងសកម្ម​នូវ​ឯករាជ្យភាព​របស់ ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ ។ មិនចាំបាច់​ទូន្មាន​កម្ពុជា​ទេ ប៉ុន្តែ អស់លោក​គួរស្វែងយល់​រៀនសូត្រ​ឲ្យ​បាន​ច្រើនជាង​នេះ ។ គ្រាន់តែ​យោង​លើ «​ព្រឹត្តិការណ៍​ថ្មីៗ​» អស់លោក​បែរជា​ហ៊ាន​ធ្វើការ «​កាត់​ស្មាន​» ទាំង​ប្រថុយប្រថាន​បែប នេះ​ទៅហើយ ។ ឯ​ព្រឹត្តិការណ៍​ថ្មី​នោះ គឺ​អ្វី​? គឺ​មន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ដើម្បី​ជួយ​ជួសជុល​អគារ​បញ្ជាការ​ដ្ឋា​ន​សន្តិសុខ លំហ​សមុទ្រ​រាម ។ ប៉ុន្តែ​កម្ពុជា​បាន ទទួល​រងចាំ​ស្វាគមន៍​ចំពោះ​ជំនួយ​សាងសង់​អគារ​អគ្គបញ្ជាការដ្ឋាន សន្តិសុខ​លំហ សមុទ្រ​ថ្មី ដែល​គ្រោង​នឹង​ផ្លាស់ប្តូរ​ទៅ​ទីកន្លែង​ផ្សេងទៀត ព្រោះ​វា​មាន​លក្ខណៈ​ល្អ សមស្រប មានការ​រីកចម្រើន និង​មាន​ប្រសិទ្ធ​ភាពល្អ​ក្នុងការ​បំពេញការងារ​ហើយ​យើង ទុក​តំបន់​រាម​នេះ ជាទី​តាំង​សម្រាប់​បម្រើ​ឲ្យ​ការអភិវឌ្ឍ ។ គ្រាន់តែ​រឿង​ប៉ុណ្ណឹង មន្ត្រី ស្ថានទូត​អាម៉េរិក​ហ៊ាន «​កាត់​ស្មាន​» ថា កម្ពុជា​អាចមាន​ផែនការ​អនុញ្ញាតិ​ឲ្យ​មាន​ទី តាំង​យោធា​របស់​ប្រទេស​ចិន សាងសង់​មូលដ្ឋាន​កងទ័ព​នៅទីនេះ​ទៅវិញ ។​

​កម្ពុជា​បានបញ្ជាក់​ជំហរ​ម្តង​ហើយ​ម្តងទៀត គឺ​រដ្ឋធម្មនុញ្ញ​របស់់​យើង​មិន​អនុញ្ញាតិ​ឲ្យ មានការ​ដាក់តាំង​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ ។ រឿងនេះ​ល្មម អាច​យល់បាន​ហើយ ។ ដូច្នេះ សេចក្តីថ្លែងការណ៍​ជា​ហូរហែ​របស់​ស្ថានទូត​អាម៉េរិក ប្រចាំ​នៅ​កម្ពុជា ពិតជា​បង្កប់​ទៅដោយ​ឧបាយកល​អាក្រក់​ជា​ពន់ពេក​ដែល​យើង​មិន អាច​ទទួលយកបាន ។ កម្ពុជា​រក្សា​ជំហរ​ច្បាស់លាស់​គឺ ការរក្សា និង​បង្កើត​ឲ្យ​មាន ចំណងទាក់ទង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ក្នុង​ពិភពលោក លើ​មូលដ្ឋាន​ស្មើ​សិទ្ធ​ស្មើភាព និង​មិន​លូកដៃ​ជ្រៀត​ជ្រែកចូល កិច្ចការ​ផង​គ្នា ៕ ដោយៈ​លី​ទួង​