ទារក​ទើបនឹង​កើត​ត្រូវ​ស្វា​សម្លាប់ បន្ទាប់ពី​កញ្ឆក់​ពី​ដៃ​ម្តាយ​ពេល​កំពុង​បំបៅ​ដោះ​

204

ទារក​ទើបនឹង​កើត​ម្នាក់​ត្រូវបាន​ស្វា​មួយ​ក្បាល​សម្លាប់​បន្ទាប់ពី​ត្រូវ​វា​កញ្ឆក់​ពី​ដៃ​ស្ត្រី​ជា​ម្តាយ នៅ​ប្រទេស​ឥណ្ឌា​។​

​កាសែត Times of India បាន​ចុះផ្សាយ​ថា ខណៈពេល​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ណេ​ហា (Neha) កំពុង​បំបៅ​ដោះ​កូនប្រុស​ទើប​កើត​បាន ១២ ថ្ងៃ​ឈ្មោះ អា​រុស (Arush) ស្រាប់តែ​ស្វា​ចូលមក​ក្នុងផ្ទះ​របស់គាត់​នៅ​ជាយក្រុង​អា​ហ្គ្រា (Agra) កាលពី​ថ្ងៃ​ច័ន្ទ ទី​១២ ខែវិច្ឆិកា​។​

​ឪពុក​របស់​ទារករ​ង​គ្រោះ​ឈ្មោះ យូ​ហ្គេ​ស (Yogesh) ដែលមានរ​បរជា​អ្នករត់​រ៉ឺម៉ក​បាន ប្រាប់​កាសែត​នេះ​ថា ពួកគាត់​បាន​ដេញតាម​ស្វា​នោះ​។ ហើយ​ទីបំផុត​ស្វា​នោះបាន​ទម្លាក់​កូន លើដំបូល​ផ្ទះ​របស់​អ្នកជិតខាង ប៉ុន្តែ​វា​យឺត​ពេល​ហើយ​។​

​គាត់​និយាយទៀតថា ពួកគាត់​បាន​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ប៉ុន្តែ​ជា​អកុសល ទារក​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​។ ទារក​នេះ​គឺជា​កូន​តែមួយគត់​របស់​ប្តី​ប្រពន្ធ ខាងលើ បន្ទាប់ពី​រៀបការ​បាន ២ ឆ្នាំ​។​

​អ្នកស្រុក​បាន​រាយការណ៍​ថា ស្វា​ដដែល​បាន​ព្យាយាម​វាយប្រហារ​ក្មេងស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់​ប្រហែល ១៥ នាទី​មុននឹង​កញ្ឆក់​ទារក អា​រុស ហើយ​រត់​៕ ប្រែ​សម្រួល​: ខុម