ទារក​អាយុ​ទើប​ប៉ុន្មាន​ខែ​បាត់​បង់ជីវិត​ដោយសារ​ស្វា​ទម្លាក់​ដុំថ្ម​លើ​

141
ចែករម្លែក

​ទារក​អាយុ​ទើបតែ​បួន​ខែ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ស្ទើរ​មិនគួរ​ឱ្យ​ជឿ បន្ទាប់ពី​ត្រូវ​ស្វា​កោងកាច​មួយ​ក្បាល​ទម្លាក់​ដុំថ្ម​លើ​។​

​អាជ្ញាធរ​និយាយថា​ស្វា​នោះបាន​ទម្លាក់​ដុំថ្ម​ពី​រានហាល​ផ្ទះ​ត្រូវចំ​ទារក​រងគ្រោះ​ខណៈ​ទារក​នេះ​កំពុង​នៅ​ជាមួយ​ឪពុកម្ដាយ នៅផ្ទះ​របស់ខ្លួន​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​។​

​យោងតាម​ទូរទស្សន៍ NDTV​បានឱ្យដឹងថា​ទារក​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ប៉ុន្តែ​ជា​អកុសល​សង្គ្រោះ​មិនបាន​ក៏​បាត់​បង់ជីវិត​គួរឱ្យ​សោកស្ដាយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ទី​២ ខែវិច្ឆិកា នៅក្នុង​ទីក្រុង​មូ​ហ្សា​ហ្វា​ណាហ្គា (Muzaffarnagar) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស ដែលជា​រដ្ឋ​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌា​។​

​ហ្វូង​ស្វា​បង្ក​ការគំរាមកំហែង​ជា​ញឹកញាប់​នៅក្នុង​ប្រទេស​នេះហើយ​ពួកវា​ច្រើនតែ​វាយប្រហារ​ទារក​ដែល​ខ្លះ​អាយុ​ទើបតែ​ប៉ុន្មាន​សប្ដាហ៍​។​

​កាលពី​ខែឧសភា ឆ្នាំនេះ​ស្វា​មួយ​ក្បាល​បានសម្លាប់​បុរស​វ័យ ៦០​ឆ្នាំ​ម្នាក់​និង​បង្ក​របួស​ដល់​មនុស្ស​៩​នាក់ ផ្សេងទៀត​ក្នុង ទីក្រុង​មួយ​នៅ​ភាគ កណ្ដាល​ប្រទេស​នេះ​។​

​កាលពី​ខែតុលា​កន្លងទៅ ទារក​អាយុ ១២ ថ្ងៃ​ម្នាក់​ត្រូវ​ស្វា​មួយ​ក្បាល​កញ្ឆក់​ដណ្ដើម​ពី​ដៃ​ម្ដាយ​ហើយ​សម្លាប់ចោល នៅ​ជាយក្រុង​អា​ហ្គ្រា (Agra)​។​

​កាលពី​ប៉ុន្មាន​ខែ​មុន ស្វា​មួយ​ហ្វូង​បាន​វាយប្រហារ​ភ្ញៀវទេសចរ​បរទេស​ពីរ​នាក់​នៅ​ប្រាសាទបុរាណ Taj Mahal ដ៏​ល្បីល្បាញ​របស់​ឥណ្ឌា​។​

​ស្វា​តែងតែ​អុកឡុក​ក្នុង​បរិវេណ​ប្រាសាទ​ដ៏​ល្បីល្បាញ​នេះ ហើយ​ពេលខ្លះ​ពួកវា​ធ្វើ​សកម្មភាព​ឆែកឆេរ​កាបូប ឬ​សាក់​កាដូ​របស់​ភ្ញៀវទេសចរ​រក​អាហារ​យ៉ាង​គឃ្លើន​។​

​កាលពីដើម​ឆ្នាំនេះ ប៉ូលិស​បានចាប់ផ្តើម​ប្រើ​ចំ​ពាម​បាញ់​ស្វា ដោយ​សង្ឃឹមថា​ពួកវា​នឹង​ខ្លាច​រត់ចេញ នៅពេល​ឃើញ​ពួកគេ​៕ ប្រែ​សម្រួលៈ​ខុម​

Four-month-old baby