ទារកក្បាល​ប៉ុន​បាល់ទាត់ កំពុង​រង់ចាំ​ការវះកាត់​កែប្រែ​ជីវិត​

960
ចែករម្លែក

​ទារក ដែល​កើត​ជំងឺ​មួយ​បណ្តាលឱ្យ​ក្បាល​របស់គេ​លូតលាស់​ស្ទើរតែ​ប៉ុន​បាល់ទាត់​នោះ កំពុង​រង់ចាំ​ការវះកាត់​ផ្លាស់​ប្តូរជីវិត​។​

​ទារក​អាយុ ៩ ខែ ឈ្មោះ មូ​ហា​ម៉ាត់ ហាំ​ម៉ាត់ មកពី​ទីក្រុង​គូស​ដា ប្រទេស​ប៉ា​គី​ស្ថាន កើត​ជំងឺ​ឈ្មោះ Hydrocephalus ដែលជា​សារធាតុ​រាវ​ពូន​ផ្តុំ​ក្នុង​លលាដ៍ក្បាល​។​

​ក្បាល​របស់​មូ​ហា​ម៉ាត់ ដែលមាន​អង្កត់ផ្ចិត ២៥ អ៊ី​ញ បាន​បណ្តាលឱ្យ​ទារក​នេះ​មិនអាច​កម្រើក​បាន មិនអាច​ញ៉ាំ ឬ​គេង​បាន​ត្រឹមត្រូវ​ឡើយ​។​

​បន្ទាប់ពី​ឪពុកម្តាយ​របស់​មូ​ហា​ម៉ាត់ បាន​យក​កូនប្រុស​របស់​ពួកគេ​ធ្វើដំណើរ​ជាង ៤២០ គីឡូម៉ែត្រ​តាម​រថយន្តក្រុង​សម្រាប់​ការព្យាបាល ពួកគេ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រាប់ថា ក្មេង​នេះ​ឆ្លង​មេរោគ​ទឹកនោម និង​មិនអាច​វះកាត់​បានទេ​រហូត​ទាល់តែ​ជំងឺ​នេះ​ជាសះស្បើយ​សិន​។​

​ឪពុក​របស់​មូ​ហា​ម៉ាត់ ឈ្មោះ សា​ហ្វី​ក ហ៊ូ​ស​សា​អ៊ី​ន អាយុ ៣៣ ឆ្នាំ ដែល​រកប្រាក់​បាន ១៤០ ដុល្លារ ក្នុង​មួយខែ​នៅ​រោងចក្រ​វាយនភ័ណ្ឌ​មួយ ព្រួយបារម្ភ​ថា គ្រួសារ​របស់គាត់​នឹង​ត្រូវបាន​បង្ខំចិត្ត​ត្រឡប់ទៅផ្ទះ​វិញ នៅពេល​ពួកគេ​អស់​លុយ ហើយ​កាលបរិច្ឆេទ​ប្រសូត​របស់​ភរិយា​មាន​ផ្ទៃពោះ​របស់គាត់​ក៏​កំពុង​ខិតជិត​មកដល់​ទៀត​។​

​គាត់​បាន​និយាយថា “​វេជ្ជបណ្ឌិត​បាន​ប្រាប់​យើង​ថា​វា​មានឱកាស​ស្តួចស្តើង​ណាស់ ដែល​កូនប្រុស​យើង​ជាសះស្បើយ​ធម្មតា​វិញ ប៉ុន្តែ​រឿង​អព្ភូតហេតុ​ពិតជា​អាច​កើតឡើង​”៕ ដោយ៖ កញ្ញាដាលីស