ទាល់​តែមាន​ក្លិនស្អុយ ​ទើប​ដឹងថា​មាន​មនុស្ស​ស្លាប់​នៅក្នុង​ផ្ទះ​ជាន់​ទី៣ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​

227
ចែករម្លែក

ដោយ:​ចាន់តូ/​ភ្នំពេញ ៖ ស្ត្រី​ជា​គ្រូទាយ​ម្នាក់​បាន​ដេកស្លាប់​ក្នុង​រយៈពេល៧​ថ្ងៃ​មកហើយ ​រហូតដល់​ធំុក្លិនស្អុយ ​ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​នាំគ្នា​ដើររក​មើល​ ទើប​ដឹងថា​មាន​ស្ត្រី​ជា​គ្រូទាយ​ម្នាក់​ដេកស្លាប់​នៅក្នុង​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩​និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​១៧ ខែមីនា​ឆ្នាំ ២០១៩ នៅ​ផ្ទះ​លេខ ៤៦E៣ នៅ​ជាន់​ទី ៣ ក្នុង​សង្កាត់​អូរ​ឫស្សី​ទី ១ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​ខាងលើដែល​ស្លាប់​មានឈ្មោះ ដួង ពុទ្ធា អាយុ ៤៩ ឆ្នាំ មុខរបរ​ជា​គ្រូទាយ​បៀនៅ​ផ្សារកណ្ដាល សព្វថ្ងៃ​គាត់​រស់នៅ​តែម្នាក់ឯង ជា​ស្ត្រី​មេម៉ាយ​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ស្ត្រី​រងគ្រោះ​មានកូន​ចំនួន​៣នាក់ ស្រី​ម្នាក់ ប្រុស២​នាក់​ដែល​រស់នៅ​រៀងៗ​ខ្លួន មិន​នៅ​ជុំគ្នា​ទេ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹងថា​ គាត់​រស់នៅ​ជិតខាង​ចេះតែមាន​ក្លិនស្អុយ​អសោច ​គាត់​ចេះតែ​ឆ្ងល់​មួយថ្ងៃ​ទៅមួយថ្ងៃ។ ​ទើបតែ​ថ្ងៃកើតហេតុ​ខាងលើនេះ​ គាត់​បាន​បបួល​បងប្អូន​ដើររកមើល​ក៏​មកដល់​ផ្ទះកើតហេតុ​ខាងលើ​ក្លិន​រឺត​តែ​ស្អុយ​ខ្លាំង សង្ស័យ​ក៏​អឺត​មើលឃើញ​សាកសពស្ត្រី​ខាងលើ​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះ មាន​ដង្កូវ​ប៉ុន​កូនដៃ​ទៅហើយ​ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច មូលដ្ឋានបាន​ចុះ​មកដល់ ហើយក៏​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល​វិ​ច្ច័យ​បាន​ចុះ​មកដល់​ក៏​ចូល​មិនបាន​ដោយសារ​ចាក់សោ​ពី​ខាងក្នុង។ ខណៈ​ពេលនោះ​ក៏មាន​ប្អូនប្រុស​ម្នាក់ ដែល​រស់នៅ​ជិតខាង​ក៏​ផ្លោះ​ពី​ផ្ទះ​របស់គាត់​មក​ខាងមុខ​វ៉ៃ​កញ្ចក់ទ្វារ​លូកដៃ​បើ​កក​ន្លឹះ​ចូលក្នុង​ផ្ទះកើតហេតុ​ខាងលើ​ដើរមក​ទ្វារ​ខាងក្រោយ ក៏​ចាក់សោឲ្យ​សមត្ថកិច្ច​ចូល មក​ពិនិត្យ​ទើប​ដឹងថា​ស្ត្រី​ខាងលើ​ពិតជា​ដេកស្លាប់​ដោយសារតែ​គាំងបេះដូង​ពិតប្រាកដ​មែន ស្លាប់​រយៈពេល​៧​ថ្ងៃ​មកហើយ​។​

​ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទួល​សង្កែ​៕​B/Ha