ដោយ: សាវរក្ស / ភ្នំពេញ: បុរសម្នាក់ទាញកាំបិតកាប់បុរសម្នាក់ទៀតរយះក្បាល ដោយសារទាស់សម្តីបន្តិចបន្តួច ហើយបានត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ណែម ភឿន អាយុ៤២ឆ្នាំ មុខរបររត់ម៉ូតូ ចំណែកជនបង្កមានឈ្មោះ អ៊ុក សុជាតិ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយអ្នកទាំងពីរ ស្នាក់នៅត្រង់ទីតាំងកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា ដើមហេតុដំបូងដែលឈានដល់ការកាប់គ្នាបណ្តាលឲ្យរងរបួសនោះ គឺដោយសារភាគីបង្ក និងភាគីរងរបួសបានមានទំនាស់ជាមួយគ្នាយូរមកហើយ។ លុះដល់ថ្ងៃកើតហេតុនេះ ដោយជនបង្កទ្រាំនឹងសម្តីជនរងគ្រោះនិយាយឌឺដងគ្នាមិនបាន ក៏ទាញកាំបិតដើរចូលទៅកាប់ជនរងគ្រោះចំក្បាលមួយកាំបិត បណ្តាលឲ្យឈាមហូរស្រោចពេញខ្លួន បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរនោះ ជួយឃាត់ជនបង្កប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ តាមនីតិវិធី៕ ល