ទាស់​ពាក្យសម្តី ដេញ​កាប់​គ្នា​តាមផ្លូវ​ផ្អើល​ក្រុង​តាខ្មៅ

275

​(​កណ្តាល​)៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ដើម​មៀន ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​មានទំនាស់​ពាក្យសម្តី​ជាមួយ​បុរស​រត់​ម៉ូតូឌុប​ម្នាក់ ឈានដល់​យក​កាំបិតប៉័ងតោ និង​ដុំ​ឈើ ដេញ​វាយ និង​កាប់ ទៅលើ​បុរស​រត់​ម៉ូតូឌុប​តែ​មិនត្រូវ ជនសង្ស័យ​ក៏​វាយ និង​កាប់​ម៉ូតូ​ជនរងគ្រោះ​ដើម្បី​រំសាយកំហឹង ។ ហេតុការណ៍​ហឹ​ង្សា​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​គល់ស្ពាន​ជប៉ុន ស្ថិត​ក្នុងភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។

​សមត្ថកិច្ច​ឱ្យដឹងថា បុរសរងគ្រោះ​មានឈ្មោះ ហម សុភា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​:​រត់​ម៉ូតូឌុប ។ រីឯ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ ទី​១ ឈ្មោះ សុខ សាន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ និង​ទី​២-​ឈ្មោះ ស៊ុម សុវណ្ណ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ អ្នក​ទាំងពីរ ស្នាក់នៅ​ក្រោម​ស្ពាន​ជប៉ុន​ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ រើស​អេតចាយ ។

ករណីនេះ បណ្តាលឱ្យ​ខូចខាត ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C125​ពណ៍​ខ្មៅ​សេរី​២០១៤ ផ្លាកលេខ​1cp4176 (​បែក​កុង​ទ័​រ​, បែក​ក្បាំង​, បែក​កាត់​ប៊ូ​ខាងក្រោយ​) ។ ចំណែក​វត្ថុតាង​ចាប់យក​មាន​៖ ដំបង​ឈើ​ចំនួន​ពីរ ប្រវែង​០,៦​ម៉ែត្រ​, រណា​អា​ទឹកកក​១ ប្រវែង​០,៦​ម៉ែត្រ​, កាំបិតប៉័ងតោ​ចំនួន​មួយ និង​ដែក​ជើង​តុ​ចំនួន​២​ជាប់​គ្នា ប្រវែង​០,៦​ម៉ែត្រ ។​

សមត្ថកិច្ច​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​អង្គុយចាំ​ម៉ូយ​នៅ​គល់ស្ពាន​ជប៉ុន ពេលនោះ​ក្រុម​ជនល្មើស​ក៏បាន​អង្គុយ​ផឹកស្រា​ថ្នាំ​នៅ​ជិត​នោះដែរ ហើយ​បាន​ទាស់សំដី​គ្នា​បន្ទាប់មក​ជនល្មើស​ទាំង​ពីរ​នាក់​ក៏បាន​នាំគ្នា​យក​ដំបង​ឈើ និង​ដំបង​ដែក​កាំបិតប៉័ងតោ​ដេញ​កាប់​ជនរងគ្រោះ តែ​កាប់​អត់​ត្រូវ ហើយ​នាំគ្នា​កាប់​ម៉ូតូ​ជនរងគ្រោះ​បណ្តាលឱ្យ​ខូចខាត​ជាច្រើន​កន្លែង​តែម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍​តាខ្មៅ ក៏បាន​ឃាត់ខ្លួន​ជនល្មើស​ទាំងពីរ​នាក់ យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​និង​បញ្ជូនបន្តរ​មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា ខ្លួន​មិនបាន​យក​ដំបង និង​កាំបិត​វាយ​ម៉ូតូ​ជនរងគ្រោះ​នោះទេ តែ​ពិតជា​បាន​យក​ដេញ​កាប់​ជនរងគ្រោះ​តែ​អត់​ត្រូវ​នោះទេ ។ ចំពោះ​បញ្ហា​គ្រឿងញៀន​វិញ ពួកខ្លួន​បាន​ប្រើប្រាស់​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ៕S/​ដោយ សុផាន់

​ទាស់​ពាក្យសម្តី ដេញ​កាប់​គ្នា​តាមផ្លូវ​ផ្អើល​ក្រុង​តាខ្មៅ