ទាហានជើងទឹក​ថៃ​បន្ត​មុជទឹក​ទៅមុខ​ខណៈ​ក្មេង​បាល់ទាត់​និង​គ្រូ​របស់គេ​បាត់​ខ្លួន​ដល់​ថ្ងៃទី​៩

1638
ចែករម្លែក

ពួកអ្នកមុជទឹកទៅពីកងទ័ពជើងទឹកថៃបានចូលកាន់តែកៀនចំណុចសំខាន់មួយនៅក្នុងល្អាងភ្នំដែលមានទឹកជនន់លិច កន្លែងដែលក្មេង១២នាក់និងគ្រូបាល់ទាត់របស់ពួកគេបាននិងកំពុងបាត់ខ្លួនដល់ថ្ងៃទី៩ គិតមកត្រឹមថ្ងៃអាទិត្យទៅ០១កក្កដា នៅពេលអាកាសធាតុចាប់ផ្តើមអំណោយផលដល់ការងារស្វែងរកឡើងវិញ។

ក្មេងជំទង់ អាយុ១១ដល់១៦ឆ្នាំចំនួន១២នាក់និងគ្រូជំនួយរបស់គេអាយុ២៥ឆ្នាំបានបាត់ខ្លួនចាប់តាំងពីពេលដែលពួកគេផ្សងព្រេងចូលក្នុងល្អាងភ្នំថាំលួងនៅថៃខាងជើងនិងត្រូវរាំងខ្ទប់មិនអោយចេញមកវិញដោយសារភ្លៀងនិងទឹកហូរចូលល្អាង។

ក្រុមអ្នកមុជទឹកថៃប្តេជ្ញាមិនរាថយទេ គឺបន្តស្វែងរកក្មេងបាត់ខ្លួនទាល់តែឃើញ

កាលពីថ្ងៃអាទិត្យមេឃចាប់ផ្តើមស្រឡះនិងដោយមានជំនួយពីម៉ាស៊ីនបូមទឹក ពួកអ្នកមុជទឹកអាចបន្តការមុជទឹកនៅក្នុងល្អាងនាំអោយមានសង្ឃឹមថា ក្រុមបាល់ទាត់”ជ្រូកព្រៃ”នេះអាចត្រូវរកឃើញឆាប់ៗ។

ណារ៉ុងសាក់ អូសុតតាន់ក័រណេ អភិបាលខេត្តឈៀងរ៉ៃ បានប្រាប់អ្នកយកព័ត៌មានកាលពីរសៀលថ្ងៃអាទិត្យថា” ថ្ងៃនេះ មេឃស្រឡះ ផ្លូវក៏ស្រួលដើរ។កំរិតទឹកនៅក្នុងល្អាងបានស្រកនិងអ្នកមុជទឹកថៃនិងបរទេសប្រមាណ៦០នាក់ចូលរួមក្នុងការហារជួយសង្រ្គោះនេះ”។

មេបញ្ជាការកងទ័ពជើងទឹកថៃលោកឧត្តមនាវី អាប៉ាខន យូកុងកែវ បាននិយាយថា”ថ្ងៃនេះអ្វីដែលយើងត្រូវធ្វើគឺរួសរាន់ទៅកាន់កូនក្មេងបាត់ខ្លួន។យើងនឹងមិនឈប់ទេរហូតទាល់តែរកឃើញពួកគេ”។

អ្នកចូលរួមសង្រ្គោះដៃទៀតបានត្រៀមធុងខ្យល់អុកស៊ីសែន ខ្សែនិងអំពូលភ្លើងនៅតាមជញ្ជាំងល្អាង ក្នុងក្តីសង្ឃឹមថានឹងនាំផ្លូវទៅកាន់ល្អាងមានខ្យល់មួយដែលគេហៅថាPattaya Beach កន្លែងដែលពួកមន្រ្តីសង្ស័យថាក្មេងៗអាចកំពុងជ្រកនៅទីនោះដោយសារតែទីខ្ពស់ផុតពីទឹករបស់វា។

ពួកអ្នកជួយសង្រ្គោះបានធ្វើដំណើរបានចម្ងាយ៦០០ម៉ែត្រពីបាតល្អាងឆ្ពោះទៅកាន់Pattaya Beach ខណៈក៏មានការខួងទម្លុះចូលល្អាងមកពីខាងក្រៅនៅក្នុងការព្យាយាមចំរុះដើម្បីរកក្មេងៗទាំងនេះអោយឃើញ។

អាកាសធាតុអំណោយផលនេះកើតឡើងបន្ទាប់ពីការធ្លាក់ភ្លៀងជាប់នៅតំបន់ជិតព្រំដែនមីយ៉ាន់ម៉ានិងឡាវ ដែលធ្វើអោយការងារជួយសង្រ្គោះនិងស្វែងរកជួបការលំបាកអស់មួយសប្តាហ៍។

ការទន្ទឹងរង់ចាំដំណឹងទាំងល្អនិងអាក្រក់អំពីវាសនារបស់ក្មេងទាត់បាល់ទាំង១២នាក់និងគ្រូរបស់គេហាក់ដូចជារឿងភាគ ដោយអ្នកប្រើបណ្តាញសង្គមក៏ដូចជាសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិសុទ្ធតែចាប់អារម្មណ៍។

លោកសង្ឃមកពីទូទាំងខេត្តឈៀងរ៉ៃបានជួបជុំនៅសាលារៀនមួយដើម្បីបន់ស្រន់អោយក្រុមបាល់ទាត់នេះជួបសំណាងល្អខណៈសាច់ញាតិក៏កំពុងធ្វើពិធីបន់ស្រន់ដូចគ្នានៅក្រៅល្អាង។ក្រុមអ្នកជំនាញការមកពីអាមេរិក អង់គ្លេស ចិន ជប៉ុននិងអូស្រ្តាលីក៏បានមកដល់តំបន់ព្រៃភ្នំភាគខាងជើងនេះដើម្បីចូលរួមជាមួយអ្នកជួយសង្រ្គោះថៃជាង១.០០០នាក់។ទីលានដែលក្រុមជ្រូកព្រៃធា្លប់តែហ្វឹកហាត់ឥឡូវក្លាយជាកន្លែងដាក់គ្រឿងម៉ាស៊ីនធុនធ្ងន់។

ជេសស៊ីកា ធៀត អ្នកនាំពាក្យនៃក្រុមជួយសង្រ្គោះអាមេរិក បានប្រាប់សារព័ត៌មានបារាំងថា” លក្ខខណ្ឌផ្លាស់ប្តូររាល់ថ្ងៃ។ដោយអាកាសធាតុកាន់តែល្អ សង្ឃឹមថាការងារនេះកាន់តែងាយស្រួលឡើង”។

ម៉ាស៊ីនបូមទឹកធំៗក៏ត្រូវបាននាំចូលនិងដំឡើងជិតភូមិមួយដើម្បីបូមទឹកចេញពីតំបន់នោះ។

ជាមួយនឹងប្រវែង១០គីឡូម៉ែត្រ ល្អាងថាំលួង ជាល្អាងរូងភ្នំវែងនិងស្មុគស្មាញពិបាកធ្វើដំណើរបំផុតនៅថៃ តែពួកអ្នកជំនាញខួងជីករូងសង្ឃឹមថាកំណកថ្មដោយដំណក់ទឹកអាចបង្កជារន្ធជាច្រើនដែលអាចស៊កកាមេរ៉ាចូលក្នុងល្អាង។

ស៊ូធិសាក់ សូរ៉ាលុម វិស្វករបច្ចេកទេសភូមិសាស្រ្តដែលកំពុងដឹកនាំការងារនេះ បាននិយាយថា” រំពឹងថានឹងមានការលំបាកខ្លះ ដោយសារយើងមិនត្រឹមតែខួងចុះត្រង់ តែតាមខ្សែដេកថែមទៀត”។

ពួកមន្រ្តីបាននិយាយថា ក្មេងៗទាំងនេះស្គាល់ទីតាំងនេះច្បាស់និងបានចូលទស្សនាជាច្រើនលើក ដូច្នេះពួកគេអាចរកកន្លែងជ្រកបាន។

ពួកអ្នកជួយសង្រ្គោះបានរកឃើញដានជើងនិងដៃនៅក្នុងល្អាងមួយនៅចម្ងាយពីកន្លែងដែលគេបានប្រទះឃើញស្បែកជើង សាក់កាដូនិងទោចក្រយានរបស់ក្មេងៗរងគ្រោះ ទោះជាយ៉ាងណា ៩ថ្ងៃក្រោយការបាត់ខ្លួន ទីតាំងក្មេងៗទាំងនេះនៅឯណាគ្រាន់តែជាការស្មាននិងក្តីសង្ឃឹមក៏កាន់តែរលាយទៅជាមួយនឹងពេលវេលា៕ដោយ៖វាសនា