ទាហានតួកគី២៩នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមជើងអាកាសដោយកងកម្លាំងស៊ីរី

253
ចែករម្លែក

ទាហានតួកគី២៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយកងកម្លាំងរដ្ឋាភិបាលស៊ីរីនៅភាគឦសានប្រទេសស៊ីរី។

ការស្លាប់ដ៏ច្រើននេះកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងជម្លោះរវាងកងទ័ពតួកគីនិងកងកម្លាំងស៊ីរីដែលគាំទ្រដោយរុស្ស៊ី ដែលបានធ្វើសង្គ្រាមចាប់តាំងពីដើមខែកុម្ភៈមក។

លោក រ៉ាមី ដូហ្គាន អភិបាលខេត្តហាតាយរបស់តួកគីជាប់នឹងខេត្តអ៊ីដលីបរបស់ស៊ីរីបាននិយាយថា ទាហាន ២៩ នាក់ត្រូវបានសម្លាប់និងអ្នកផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងការវាយប្រហារកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧កុម្ភៈ។

ក្រៅពីទាហានតួកគី ៣ នាក់ដែលត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅខេត្តអ៊ីដលីប ការស្លាប់និងរបួសនេះកត់សម្គាល់ពីការស្លាប់ច្រើនបំផុតសម្រាប់តួកគីក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីរបបក្រុងអង់ការ៉ាបានធ្វើអន្តរាគមន៍នៅស៊ីរីកាលពីឆ្នាំ ២០១៦ ។

សរុបមកទាហានតួកគីយ៉ាងហោចណាស់ ៤៣ នាក់ត្រូវបានសម្លាប់នៅក្នុងខេត្តអ៊ីដលីបចាប់តាំងពីដើមខែកុម្ភៈមក។

ទីភ្នាក់ងារសារព័ត៌មាន Anadolu ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន កំពុងបើកកិច្ចប្រជុំសន្តិសុខគ្រាអាសន្នមួយនៅទីក្រុងអង់ការ៉ា។

រដ្ឋមន្ត្រីការបរទេសតួកគីលោក មេវុល ខាវូសូគ្លូ ក៏បាននិយាយជាមួយលោក ជេន ស្តូលធិនបឺក អគ្គលេខាធិការអង្គការណាតូតាមទូរស័ព្ទផងដែរ។

ការវាយប្រហារតាមអាកាសនេះធ្វើឡើងបន្ទាប់ពីគណៈប្រតិភូរុស្ស៊ីបានចំណាយពេលពីរថ្ងៃនៅទីក្រុងអង់ការ៉ាដើម្បីពិភាក្សាជាមួយមន្រ្តីតួកគីស្តីពីស្ថានភាពនៅអ៊ីដលីប កន្លែងដែលការវាយលុករបស់រដ្ឋាភិបាលស៊ីរីបានបញ្ជូនជនស៊ីវិលរាប់សែននាក់ភៀសខ្លួនឆ្ពោះទៅព្រំដែនតួកគី៕ ដោយ៖ កញ្ញាដាលីស

ទាហានតួកគី២៩នាក់ស្លាប់ក្នុងការវាយប្រហារតាមជើងអាកាសដោយកងទ័ពស៊ីរីកាលពីថ្ងៃព្រហស្បតិ៍