ទាហានថៃចាប់ថ្នាំញៀនជិត៨លានគ្រាប់និងម៉ាទឹកកក៥០គីឡូ

3212
ចែករម្លែក

កម្លាំងយោធាថៃភាគខាងជើងកាលពីយប់ថ្ងៃសុក្រទី១៨ឧសភា បានចាប់បានថ្នាំញៀនមេតំហ្វេតាមីនជិត៨លានគ្រាប់និងម៉ាទឹកកកចំនួន៥០គីឡូក្រាម ពីរថយន្តបាំងកន្លះមួយដែលពួកឈ្មួញបោះបង់ចោលក្រោយសមត្ថកិច្ចដេញតាមចាប់នៅក្នុងខេត្តឈៀងរ៉ៃភាគខាងជើង។

ទាហានដែលយាមចំណុចត្រួតពិនិត្យមួយនៅភូមិបានផា ក្នុងឃុំដូង ម៉ាហាវ៉ាន បានផ្តល់សញ្ញាអោយរថយន្តToyota Hilux Revo ឈប់ដើម្បីឆែកឆេរនៅម៉ោងប្រមាណ៩:៤៥នាទីយប់ថ្ងៃសុក្រ តែអ្នកបើកបានបង្កើនល្បឿនហើយទាហានបានដេញតាម។

អ្នកបើកបានបាត់បង់ម្ចាស់ការនិងបានបុកចូលស្នាមភ្លោះតាមចិញ្ចើមផ្លូវនៅចម្ងាយប្រមាណ៣៥០ម៉ែត្រពីចំណុចឆែកឆេរ។អ្នកបើកបានបើកទ្វាររត់គេចខ្លួនចូលទីងងឹតបាត់ដោយបន្សល់ទុករថយន្ត។

ទាហានបានរកឃើញថ្នាំញៀន ៧,៨លានគ្រាប់និងមេតាំហ្វេតាមីនក្រាម(ម៉ាទឹកកក)ចំនួន២បាវស្មើ៥០គីឡូក្រាមនៅកន្ទុយរថយន្ត៕ដោយ៖វាសនា

ទាហានថតជាមួយថ្នាំញៀនជិត៨លានគ្រាប់ដែលពួកគេចាប់បាននៅខេត្តឈៀងរ៉ៃជាប់ព្រំដែនឡាវនិងមីយ៉ាន់ម៉ាកាលពីព្រឹកថ្ងៃសៅរ៍