ទាហាន​ចិន​ចូលរួម​បោសសម្អាត​នៅ​ហុងកុង នៅ​ពេល​ពួក​តវ៉ា​ប្រឆាំង​ដកថយ​

525
ចែករម្លែក

​ទាហាន​ចិន​បាន​ចេញ​ពី​បន្ទាយ​នៅ​ហុងកុង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​វិច្ឆិកា តែ​មិនមែន​ដើម្បី​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ទេ គឺ​ជួយ​បោសសម្អាត​ទីក្រុង​ទៅ​វិញ​។​

​វា​ជា​ការបង្ហាញ​វត្តមាន​ដ៏​កម្រ​នៃ​កងទ័ព​រំដ៉​ប្រជាជនចិន​នៅ​តាម​ដង​វិថី​នៃ​ទឹកដី​ពាក់កណ្តាល​ស្វ័យភាព​នេះ ចំ​ពេល​រដ្ឋាភិបាល​មូលដ្ឋាន​មិន​មាន​លទ្ធភាព​បញ្ចប់​ភាពវឹកវរ​ចំណា​​ស់​ជា​ង​៥​ខែ​មកនេះ ដែល​បាន​នាំ​សេដ្ឋកិច្ច​ទីក្រុង​នេះ​ដើរ​ថយក្រោយ​ជា​លើកដំបូង​និង​បង្ក​អោយ​មាន​ការព្រួយបារម្ភ​អំពី​ការបញ្ចេញ​ទ័ព​ចិន​មក​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ទីក្រុង​​នេះ​។​

​រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​និយាយថា ខ្លួន​មិន​បាន​ស្នើសុំ​ជំនួយ​ពី​យោធា​ចិន​នៅក្នុង​ការ​បោសសម្អាត​នេះ​ទេ ដោយ​បាន​ពណ៌នា​វា​ថា​ជា​សកម្មភាព​សហគមន៍​ដោយ​ស្ម័គ្រចិត្ត​។​

​រត់​ជា​ជួរ​ជាមួយនឹង​អំបោស​ជំនួស​អោយ​កាំភ្លើង ពួកគេ​បាន​ស្រែក​ស្រុះៗ​គ្នា​តាម​បែប​យោធា មុន​ចូលរួម​ជាមួយ​អ្នក​បោសសម្អាត​តាមផ្លូវ ដោយ​រើស​ប្រមូល​យក​ចេញ​ដុំឥដ្ឋ​ដុំថ្ម​​និង​កំទេចកំទី​នៅ​ជិត​សកល​វិទ្យាល័យ​មួយ កន្លែង​ដែល​ប៉ូលិស​ទើប​បាញ់​គ្រាប់​បែកផ្សែង​ដាក់​ពួក​អ្នក​តវ៉ា​ប្រឆាំង​នៅ​ពេល​មុន​នោះ​។​

​ពេលនេះ ពួក​អ្នក​តវ៉ា​ប្រឆាំង​ភាគច្រើន​បាន​ចាកចេញ​ពី​សកល​វិទ្យាល័យ​ក្រោយពី​ពួកគេ​បាន​ចូល​កាន់កាប់​អស់​ពេល​ប្រមាណ​១​សប្តាហ៍​។​

​សម្រាប់​ទីក្រុង​មួយ​ដែល​ការប៉ះទង្គិច​កើតមាន​ជា​ប្រចាំ​នៅ​ចុង​សប្តាហ៍​រវាង​ប៉ូលិស​និង​អ្នក​ប្រឆាំង​តវ៉ា ហុងកុង​តែង​ស្ងាត់​នៅ​ថ្ងៃ​សៅរ៍​។​ពួក​អ្នក​ប្រឆាំង​តវ៉ា​ជា​ក្រុម​តូចៗ បាន​រំ​​ខាន​អ្នក​បោសសម្អាត​ខ្លះ និង​ខ្លះ​ទៀត​បិទផ្លូវ​។​

​នៅ​ម៉ោង​ប្រមាណ​១០​កន្លះ​យប់ ប៉ូលិស​បាន​រុលចូល​សំដៅ​អ្នក​តវ៉ា​នៅ​សកល​វិទ្យាល័យ​មួយ ដោយ​ប្រើ​គ្រាប់​បែកផ្សែង និង​ពួក​បាតុករ​ប្រើ​គ្រាប់បែក​សាំង​តប​វិញ​។​ការប៉ះទង្គិច​បាន​​បន្ត​រហូត​រំលង​អធ្រាត​។​

​ក្នុង​យប់​ដដែល​ក៏​មាន​ការប៉ះទង្គិច​តិចតួច​និង​ជម្លោះ​សម្តី​ជាច្រើន​កន្លែង​រវាង​អ្នក​តវ៉ា​ប្រឆាំង​និង​អ្នក​បោស​សម្រាម​។​

ទាហាន​ចិន​រាប់សិប​នាក់ ក្នុង​ឯកសណ្ឋា្ន​ខោខ្លី​ខ្មៅ​និង​អាវយឺត​ប្រផេះ ចេញពី​បន្ទាយ​មកជួយ​បោសសម្អាត​និង​ប្រមូល​កំទេចកំទី​ចេញពី​ផ្លូវ​កាលពី​ថ្ងៃ​សៅរ៍​

​សូមបញ្ជាក់​ថា ចិន​ដាក់​ទាហាន​អោយ​ឈរជើង​នៅ​ហុងកុង​ប្រមាណ​១០.០០០​នាក់ ហើយ​អាច​ត្រូវ​ចេញ​មក​អន្តរាគមន៍​ភ្លាម​ក្នុងករណី​មាន​សំណើ​ពី​រដ្ឋាភិបាល​ហុងកុង​។​ការតវ៉ា​​ប្រឆាំង​នៅ​ហុងកុង​បាន​អូសបន្លាយ​ពេល​អស់​ជាង​៥​ខែ​មក​ហើយ ដោយ​ដំបូង​បង្ក​ឡើង​ពី​ពង្រាង​ច្បាប់​បត្យាប័ន​ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​​កាត់ទោស​នៅ​ចិន​ដីគោក​។​ឥឡូវ​ទោះជា​ពង្រាងច្បាប់​នេះ​ត្រូវ​លុបចោល​វិញ ពួក​អ្នក​ប្រឆាំង​តវ៉ា​មិន​បាន​បញ្ឈប់​សកម្មភាព​របស់​គេ​ទេ និង​ទាមទារ​កាន់តែ​ច្រើនឡើង​ចាប់ពី​​កំណែ​ទំរង់​នយោបាយ រហូតដល់​ការទទួលខុសត្រូវ​របស់​ប៉ូលិស​៕​ដោយ​៖​វាសនា​