ទាហាន​ចិន​ហាត់​បាញ់​កាំជ្រួច​ដែល​អាច​បំផ្លាញ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អាស៊ី​

5749
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​បញ្ចេញ​ជា​លើកដំបូង​នៃ​ការបាញ់​កាំ​ជ្រួច​Dongfeng-16​របស់​ខ្លួន​ក្នុងអំឡុងពេល​ហ្វឹកហាត់​មួយ​កាលពី​ពេល​ថ្មីៗ​។​

Dongfeng-16​ដែល​ជា​សមាជិក​អាថ៌កំបាំង​នៃ​ត្រកូល​កាំជ្រួច​របស់​ចិន ជា​កាំជ្រួច​ផ្លោង​បាញ់​ពី​ដី​ទៅកាន់​ដីគោក​ជាមួយនឹង​ចម្ងាយ​ហោះ​ប្រមាណ​១.៦០០​គីឡូម៉ែត្រ​។​ជាមួយនឹង​​ភាព​វាយ​ចំ​គោលដៅ​ត្រង់ៗ​របស់​វា កាំជ្រួច​ចម្ងាយ​ខ្លី​និង​មធ្យម​នេះ​អាច​បំផ្លាញ​គោលដៅ​នានា​នៅ​កម្រង​កោះ​នៅ​អាស៊ី​ខាងកើត រួម​ទាំង​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​ជប៉ុន នេះ​​បើ​តាម​ការអះអាង​របស់​កាសែត​ចិន People’s Daily​។​

ទាហាន ហ្វឹកហាត់​បាញ់​កាំជ្រួច​DF-16 នៅ​ចិន​ក្នុង​សមយុទ្ធ​នាពេល​ថ្មីៗ

Dongfeng-16 ឬ​DF-16 ត្រូវ​បាន​បញ្ចេញ​អោយឃើញ​ជា​សាធារណៈ​នៅក្នុង​អំឡុង​ព្យុហយាត្រា​កងទ័ព​ដើម្បី​ប្រារព្វ​ខួប​ទី​៧០​នៃ​ការចុះចាញ់​របស់​ជប៉ុន​នៅ​សង្គ្រាមលោកលើកទី​២​។​​នៅ​ចិន​វា​ត្រូវ​បាន​ផ្តល់​រហ្សនាម​ថា​Okinawa Express​ដែល​ទំនងជា​ចង់​មានន័យថា វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ការពារ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទល់នឹង​ការ​គំរាម​ពី​មូលដ្ឋានទ័ព​​អាម៉េរិក​នៅលើ​ទឹកដី​ជប៉ុន​។​

​រូបភាព​បង្ហាញ​ដោយ​សារព័ត៌មាន​យោធា​China’s Military Report​កាលពី​សប្តាហ៍​មុន​ក្នុងពេល​និយាយ​អំពី​ការហ្វឹកហាត់​របស់​ទាហាន​ក្នុង​កងកម្លាំង​រ៉ុក្កែត​នៃ​កងទ័ព​រំដោះ​​ប្រជាជន​។​

​និ​ញ លូ​កាវ មេបញ្ជាការ​នៅ​សាលា​នាយទាហាន​កងកម្លាំង​រ៉ុក្កែត បាន​ប្រាប់​សារព័ត៌មាន​CCTV​ថា​«​យើង​ត្រូវតែ​វាយ​តំលៃ​លទ្ធផល​នៃ​ការសិក្សា​របស់​យើង​អំពី​សមត្ថភាព​ប្រយុទ្ធ​​និង​ផ្តល់​ជំនាញ​អំពី​សង្គ្រាម​និង​ការ​ឈ្នះ​សង្គ្រាម​»​។​

​ចំណែក​អ្នកជំនាញការ​យោធា​ចិន ឌូ វេន​ឡុង បាន​ប្រាប់ People’s Daily ថា​DF-16 អាច​ការពារ​ប្រទេស​ទល់នឹង​ការ​គំរាម​ណាមួយ​ចេញពី​កម្រង​កោះ​ទី​១ ជា​កម្រង​កោះធំ​នៅ​អា​​ស៊ី​ដែល​លាតសន្ធឹង​ពី​ជប៉ុន​ទៅដល់​ឥណ្ឌូនេស៊ី កាត់​កោះ​កោះ​តៃវ៉ាន់​និង​ហ្វីលីពីន​។​

​លោក​បាន​បន្ថែមថា កម្រង​កោះ​ទី​១​នេះ ជា​លទ្ធផល​នៃ​សង្គ្រាមត្រជាក់ ដែល​អាម៉េរិក​បាន​បង្កើត​មូលដ្ឋានទ័ព​ផ្សេងៗ​នៅតាម​បណ្តា​កោះ​ដើម្បី​រារាំង​ការ​គំរាម​ពី​ចិន​និង​សហភាព​​សូ​វៀត​។​«​បើ​ប្រទេស​យើង​មាន​សព្វាវុធ​ដែល​អាច​វាយ​ចំ​គោលដៅ​បានល្អ វា​នឹង​ជាការ​វាយ​សំពង​ដ៏​ធ្ងន់​មួយ​លើ​បណ្តា​មូលដ្ឋាន​នៅ​កម្រង​កោះ​ទី​១​ក្នុងករណី​ផ្ទុះ​សង្គ្រាម​ណាមួយ​»​។​

​អាម៉េរិក​ឥឡូវ​មាន​មូលដ្ឋាន​យោធា​ជាង​៨០០​នៅ​ជាង​៨០​ប្រទេស រួមមាន​១២២​នៅ​ជប៉ុន ៨៣​នៅ​កូរ៉េ​ខាងត្បូង និង​ខ្លះទៀត​នៅ​ហ្វីលីពីន ៕​ដោយ​៖​វាសនា​