ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​បាក់ជើង​ដោយ​ឆ្លងដែន​ចូល​បេះ​ផ្កាអ័រគីដេ​

285
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​ទាហាន​ថៃ​បាន​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​បណ្តាលឱ្យ​បាក់ជើង​ដោយ​ឆ្លងដែន​ចូលទៅ​បេះ​ផ្កាអ័រគីដេ​។​

​លោក​វរសេនីយ៍ទោ​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បានដឹង​កាលពី​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៩​ថា​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់​រស់នៅ​ភូមិ​អូ​ក្សាន្ត​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​ឆ្លងដែន​ចូលក្នុង​ទឹកដី​ថៃ​តាម​ភ្នំ​ច្រក​ដំណាក់​ជ្រៃ​។​

​ពួកគាត់​ទៅរក​បេះ​ផ្កាអ័រគីដេ​និង​ខ្លះទៀត​បេះ​ផ្លែ​សម្រង់​ដើម្បី​យកមក​លក់​ដោះស្រាយ​ជីវភាព​។​ប៉ុន្តែ​ចៃដន្យ​អាក្រក់​បាន​ជួបនឹង​ក្រុម​ទាហាន​ថៃ​ដែល​កំពុង​ដើរល្បាត​ត្រូវ​ក្រុម​ទាហាន​ថៃ​នោះ​បាញ់រះ​បណ្តាលឱ្យ​រត់​ចែក​ជើង​គ្នា​ត្រឡប់មក​ដី​ខ្មែរ​វិញ​និង​រងរបួស​ត្រូវ​ជើង​ម្នាក់​។​

​លោក​អធិការ​បាន​បន្តថា ជនរងគ្រោះ​ត្រូវ​ទាហាន​ថៃ​បាញ់​ឈ្មោះ​ឈិន​ឡាង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ រស់នៅ​នៅ​ភូមិ​ឃុំ​ខាងលើ​។​គឺ​បាញ់​ត្រូវ​កជើង​ខាងស្តាំ​ត្រូវបាន​ក្រុម​ក្រុមគ្រួសារ​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​។​ជាមួយគ្នា​នោះដែរ​លោក​អធិការ​ស្រុក​បានធ្វើ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅជាប់​ព្រំដែន ត្រូវ​បញ្ឈប់​ការឆ្លង​ដែន ដោយ​ខុសច្បាប់​តទៅទៀត​។

លោក​បាន​បន្តថា​ជាទូទៅ​ការឆ្លង​ដែន​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មិនដែល​ទទួលបាន​លទ្ធផល​ល្អ​ទេ អ្នកខ្លះ​ត្រូវ​ជាន់មីន​បណ្តាល​ឱ្យស្លាប់ និង​របួស ខ្លះ​ត្រូវ​ទាហាន​ថៃ​ចាប់​ដាក់គុក រាប់​ខែ​ឆ្នាំ​នៅ​ស្រុក​គេ និង​ខ្លះទៀត ត្រូវ​ទាហាន​ថៃ​បាញ់​បណ្តាលឱ្យ​របួស​ពិការ​ទៀតផង​៕S/​