ទាហាន​ថៃ​បាញ់​សម្លាប់​អ្នក​លួច​នាំ​ចូល​ថ្នាំញៀន​២​នាក់​និង​ដកហូត​បាន​ថ្នាំញៀន​៦០០​គីឡូក្រាម​

170
ចែករម្លែក

​សមាជិក​ក្រុម​ដឹកជញ្ជូន​ថ្នាំញៀន​២​នាក់​ត្រូវបាន​បាញ់​សម្លាប់​និង​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​៦០០​គីឡូក្រាម ដែល​មាន​តំលៃ​​ប្រមាណ​៣០០​លាន​បាត​(៩៩៥.០០០​ដុល្លារ​)​នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​កងកម្លាំង​យោធា​នៅក្នុង​ស្រុក​មួយ​ក្នុង​ខេត្ត​ឈៀង​ម៉ៃ​ភាគ​ខាងជើង​កាលពី​​ថ្ងៃ​សុក្រ​ទី​២៧​ធ្នូ​។​

​ទាហាន​បាន​សង្កេតឃើញ​មនុស្ស​ប្រុស​ពី​១៥​ទៅ​២០​នាក់​ដើរការ​ភូមិ​មួយ​នៅ​ម៉ោង​ប្រមាណ​៤​កន្លះ​ជិត​ភ្លឺ ដោយ​ពួកគេ​សុទ្ធ​តែ​កាន់​យួរ​និង​លី​បាវ​។​

​ទាហាន​បាន​ស្រែក​អោយ​ពួក​គេ​ឈប់​ដើម្បី​ឆែកឆេរ តែ​ពួកគេ​មិន​ព្រម​និង​បាន​បាញ់ ជាហេតុ​នាំ​អោយ​ទាហាន​បាញ់​តប​។​ការបាញ់​គ្នា​បាន​ប្រើពេល​អស់​ប្រមាណ​២០​នាទី​និង​បន្ទាប់​ពី​ស្ងប់​កាំភ្លើង ទាហាន​បាន​រកឃើញ​មនុស្ស​ប្រុស​២​នាក់​ត្រូវ​គ្រាប់​ស្លាប់​នៅ​កន្លែង​ផ្ទុះអាវុធ​។​បាវ​ចំនួន​២០​ក៏​ត្រូវបាន​រកឃើញ​នៅ​ទីនោះ ជាមួយ​​នឹង​ថ្នាំញៀន​ម៉ា​ទឹកកក​សរុប​៦០០​គីឡូក្រាម​នៅក្នុង​បាវ​ទាំងនោះ​។​

​នាយ​ប៉ូលិស​ម្នាក់​បាន​និយាយថា ពួក​ឈ្មួញ​ថ្នាំញៀន​បាន​ឆ្លៀត​ឱកាស​បុណ្យ​ចុង​និង​ដើមឆ្នាំ​ដើម្បី​នាំ​ថ្នាំញៀន​ពី​តំបន់​ព្រំដែន​ចូលមក​តំបន់​ខាងក្នុងៗ ជាពិសេស​​នៅ​ខេត្ត​ឈៀង​ម៉ៃ និង​ឈៀង​រ៉ៃ​៕​ដោយ​៖​វាសនា​

ប៉ូលិស​ថតរូប​បាវ​ថ្នាំញៀន​ដែល​ពួក​ស៊ីឈ្នួល​ដឹកជញ្ជូន​បន្សល់​ទុក​ចោល​ក្រោយ​ការបង្ក្រាប​របស់​ទាហាន​ព្រំដែន​នៅ​ឈៀង​ម៉ៃ​កាលពី​ថ្ងៃ​សុក្រ​