ទាហាន​ស៊ី​រី​និង​តួ​ក​គី​វាយប្រហារ​គ្នា​យ៉ាង​សាហាវ​នៅ​បណ្តោយ​ព្រំដែន​

1108
ចែករម្លែក

​កងទ័ព​ស៊ី​រី​និង​តួ​ក​គី​បាន​បាញ់ប្រហារ​គ្នា​យ៉ាង​សាហាវ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​បើក​ការវាយលុក​ប្រឆាំងនឹង​ពួក​ឃឺ​ដ​កាលពីដើម​ខែតុលា នៅពេលដែល​រុស្ស៊ី​ប្រកាសថា កងកម្លាំង​ឃឺ​ដ​បាន​ដកថយ​ចេញពី​តំបន់​ព្រំដែន​សំខាន់ៗ​រួចហើយ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គី សយ​ហ្គូ និយាយថា កងកម្លាំង​ឃឺ​ដ​បាន​ដកថយ​ពី​ព្រំដែន​តួ​ក​គី​-​ស៊ី​រី​ទាំងស្រុង​ស្របតាម​កិច្ចព្រមព្រៀង​ដែល​បានធ្វើ​ឡើង​រវាង​ទីក្រុង​អង់កា​រ៉ា​និង​អ្នកគាំទ្រ​របប​អាសាដ​គឺ​ទីក្រុង​មូ​ស្គូ​នៅ​ទីក្រុង​សូ​ជី​កាលពី​ដើមខែ​នេះ​។​

​បណ្តា​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​ដកស្រង់​សម្តី​លោក​សយ​ហ្គូ​ដោយ​និយាយថា “​ការដក​អង្គភាព​ប្រដាប់អាវុធ​ចេញពី​ដែនដី ដែល​អាច​បង្កើតជា​ច្រករបៀង​សន្តិសុខ​នោះ ត្រូវបាន​បំពេញ​រួចរាល់​មុនពេល​កំណត់​”​។​

​យោធា​តួ​ក​គី​និង​ក្រុម​កងជីវពល​ស៊ី​រី​គាំទ្រ​ដោយ​តួ​ក​គី​បាន​បើក​ការវាយលុក​ប្រឆាំងនឹង​កងកម្លាំង​ឃឺ​ដ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃទី ៩ តុលា​ក្នុង​គោលបំណង​បង្កើត​តំបន់ទ្រនាប់​មួយ​ដែលមាន​ជម្រៅ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​ព្រំដែន​។​

​កាលពី​ដើមខែ​នេះ កងកម្លាំង​ឃឺ​ដ​បាន​យល់ព្រម​ដកខ្លួន​ចេញពី​តំបន់​ព្រំដែន​អារ៉ាប់​ដែលមាន​ប្រវែង ១២០ គីឡូម៉ែត្រ​ក្នុង​តំបន់​ព្រំដែន​ប្រវែង​សរុប ៤៤០ គីឡូម៉ែត្រ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​បាន​កើតឡើង​ចាប់តាំងពី​ពេលនោះ​មក​។​

​ប្រធានាធិបតី​តួ​ក​គី​និយាយថា ការ​ល្បាត​រួមគ្នា​របស់​តួ​ក​គី​-​រុស្ស៊ី ដែល​គ្រោង​ធ្វើ​ផងដែរ​នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​សូ​ជី នឹងធ្វើ​ការផ្ទៀងផ្ទាត់​ការដក​កងទ័ព​របស់​ពួក​ឃឺ​ដ​។​

​លោក​សយ​ហ្គូ​និយាយថា ឆ្មាំ​ព្រំដែន​ស៊ី​រី​និង​យោធា​រុស្ស៊ី​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​តំបន់​នោះ​។ ប៉ុន្តែ​ស្ថានការណ៍​កាន់តែ​ស្មុគស្មាញ​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​ស៊ី​រី​និង​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​តុលា​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ថា “​ការប្រយុទ្ធ​គ្នា​យ៉ាងខ្លាំង​ក្លា​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​រវាង​កងទ័ព​ស៊ី​រី​និង​តួ​ក​គី​” ដោយ​បន្ថែមថា​ទាហាន​ស៊ី​រី ៦ នាក់​ត្រូវបាន​សម្លាប់​នៅ​ជិត​ទីប្រជុំជន​រ៉ា​ស់អា​ល់​អ៊ី​ន​។​

​ប្រធាន​អង្គការ​លោក​រ៉ា​មី អាប់​ឌែ​ល រ៉ា​ម៉ាន់ បាន​ប្រាប់ AFP ថា “​ការបាញ់​កាំភ្លើង​ធំ​របស់​តួ​ក​គី​បានសម្លាប់​កងកម្លាំងរ​បប​អាសាដ ៥ នាក់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅ​ចុង​ភូមិ​អាសា​ឌី​យ៉ា​”​។​

​លោក​បាន​បន្ថែមថា យុទ្ធជន​ស៊ី​រី​ដែល​ប្រើប្រាស់​ដោយ​តួ​ក​គី​ជា​កម្លាំង​ជើងគោក​សម្រាប់​ការ​លុកលុយ​នោះ បាន​ប្រហារជីវិត​ទាហាន​រដ្ឋាភិបាល​ម្នាក់ ដែល​ពួកគេ​បាន​ចាប់បាន​។​

​នៅ​យប់​ថ្ងៃ​អង្គារ អង្គការ​បាន​រាយការណ៍​អំពី​ការប៉ះទង្គិច​គ្នាច្រើន​ទៀត​រវាង​កងកម្លាំងរ​បប​អាសាដ​និង​កងជីវពល​ស៊ី​រី​គាំទ្រ​ដោយ​តួ​ក​គី​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​តួ​ក​គី​ឈរជើង​នៅ​ភាគ​ខាងកើត​ទីប្រជុំជន​រ៉ា​ស​អាល់​អ៊ី​ន បាញ់​ទៅលើ​ទីតាំង​ឈរជើង​កាន់កាប់​ដោយ​កងកម្លាំង​ឃឺ​ដ​កាលពី​ថ្ងៃ​អង្គារ