ទាហាន​អាមេរិក​៧​នាក់​បាត់​ខ្លួន​បន្ទាប់ពី​យន្តហោះ​ចម្បាំង​២​គ្រឿង​ជួប​គ្រោះ​ថ្នាក់លើ​សមុទ្រ​ជប៉ុន​

201

ការស្វែងរកនិងសង្រ្គោះកំពុងត្រូវធ្វើឡើងនៅឯនាយឆ្នេរជប៉ុន បន្ទាប់ពីយន្តហោះកងទ័ពម៉ារីនអាមេរិក២គ្រឿង​ជួបគ្រោះថ្នាក់ធ្លាក់ ដោយបណ្តាលអោយបាត់ខ្លួនទាហានអាមេរិក៧នាក់។

កងទ័ពម៉ារីនបានផ្តល់ព័ត៌មានតិចតួចអំពីគ្រោះថ្នាក់ដែលបានកើតឡើងនៅម៉ោងប្រមាណ២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ទី៦ធ្នូ។

បើតាមកងទ័ពម៉ារីនMarine Corps យន្តហោះបានចេញដំណើរពីស្ថានីយរបស់កងទ័ពម៉ារីននៅអ៊ីវ៉ាគូនី ប្រទេសជប៉ុន និងបានធ្វើការហ្វឹកហាត់តាមទម្លាប់ធម្មតានៅពេលគ្រោះអាក្រក់កើតឡើង។

បេសកកម្មចាក់ប្រេងពេលយប់ជាការងារលំបាកមួយ

មន្រ្តីអាមេរិកដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា យន្តហោះមួយគឺជាយន្តហោះប្រយុទ្ធធុនF/A 18និងមួយទៀតជាយន្តហោះចាក់សាំងKC-130 ដែលមានទាហានសរុប៧នាក់នៅក្នុងយន្តហោះទាំងនោះ។ពួកមន្រ្តីអាមេរិកមិនដឹងថាតើគ្រោះថ្នាក់នេះបានកើតឡើងយ៉ាងណាទេ ហើយការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង។

តែបើតាមសារព័ត៌មានអូស្ត្រាលី យន្តហោះទាំង២បានបុកគ្នានិងធ្លាក់ចូលក្នុងសមុទ្រនៅចម្ងាយប្រមាណ៣០០​គីឡូ​ម៉ែត្រពីស្ថានីយ​អ៊ី​វ៉ា​គូ​នី នៅម៉ោង២រំលងអធ្រាតហើយក្រុមអ្នកសង្រ្គោះរបស់ជប៉ុនបានស្រង់បានទាហានម៉ារីនម្នាក់នៅរស់ ខណៈការស្វែងរកអ្នកបាត់ខ្លួន៦នាក់ទៀតកំពុងប្រព្រឹត្តទៅ។

ទាហានម៉ារីនអាមេរិកក៏បាននិយាយថាក្រុមស្វែងរកនិងសង្គ្រោះជប៉ុនបានឆ្លើយតបភ្លាមៗដើម្បីជួយការងារស្វែងរក៕ដោយ៖វាសនា