ទាហាន​អាម៉េរិក​ក្នុង​ស៊ី​រីនឹង​ត្រឡប់​ទៅ​អ៊ីរ៉ាក់ មិនមែន​មក​ស្រុក​វិញ ដូច​លោក​ត្រាំ​អះអាង​នោះទេ​

313
ចែករម្លែក

​ខណៈ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ទទូចថា​លោក​នឹង​នាំ​ទាហាន​អាម៉េរិក​ពី “​សង្គ្រាម​គ្មាន​ទីបញ្ចប់​” នៅ​មជ្ឈិមបូព៌ា​ត្រឡប់មក​ស្រុក​វិញ ប្រមុខ​មន្ទីរ​បញ្ច​កោណ​និយាយថា​កងទ័ព​អាម៉េរិក​ទាំងអស់​ដែល​ចាក​ចេញពី​ប្រទេស​ស៊ី​រី នឹង​ទៅ​ភាគ​ខាងលិច​អ៊ីរ៉ាក់ ហើយ​យោធា​អាម៉េរិក​នឹង​បន្ត​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ពួកគេ​នឹងមិន​ត្រឡប់មក​ស្រុក​វិញ​ទេ​ហើយ​សហរដ្ឋ​អាម៉េរិក​នឹងមិន​ចាកចេញ​ពី​តំបន់​មជ្ឈិមបូព៌ា​ដ៏​ច្របូកច្របល់​នោះទេ នេះ​យោងតាម​ផែនការ​បច្ចុប្បន្ន​ដែល​បាន​គូសបញ្ជាក់​ដោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក​លោក ម៉ាក អេ​ស្ពើ មុនពេល​គាត់​មកដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ ទី​២០ តុលា​។ ការប្រយុទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី​ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ធ្លាប់​ដឹកនាំ​ដោយ​ជនជាតិ​ឃឺ​ដ​សម្ព័ន្ធមិត្ត​អាម៉េរិក​ដែល​បោះបង់ចោល​ដោយ​លោក​ត្រាំ នឹង​ត្រូវបាន​អនុវត្ត​ដោយ​កងកម្លាំង​អាម៉េរិក ដែល​អាច​ធ្វើឡើង​ចេញពី​ប្រទេស​អ៊ីរ៉ាក់​។​

​លោក​អេ​ស្ពើ​ក៏​មិនបាន​ច្រានចោល​ផងដែរ​នូវ​គំនិត​ដែលថា​កងកម្លាំង​អាម៉េរិក​នឹងធ្វើ​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​ពី​អ៊ីរ៉ាក់​ចូល​ទឹកដី​ស៊ី​រី​។ ប៉ុន្តែ​លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដែល​ធ្វើដំណើរ​ជាមួយ​គាត់​ថា ព័ត៌មាន​លម្អិត​ទាំងនោះ​នឹងត្រូវ​លាតត្រដាង​នៅពេល​ក្រោយ​ទៀត​។​

​ទោះយ៉ាងណា លោក​ត្រាំ​បាន​សរសេរ​លើ Twitter ថា “​ទាហាន​អាម៉េរិក​មិនបាន​ស្ថិតនៅក្នុង​តំបន់​ប្រយុទ្ធ​ឬ​តំបន់​ឈប់​បាញ់​នោះទេ​។ យើង​បាន​ធានា​ការពារ​ប្រេង​។ នាំ​ទាហាន​មក​ស្រុក​វិញ​!”​។​

​ប្រធានាធិបតី​ត្រាំ​បានប្រកាស​នៅ​សប្តាហ៍​មុន​ថា​វ៉ាស៊ីនតោន​គ្មាន​ចំណែក​ការពារ​អ្នក​ប្រយុទ្ធ​ឃឺ​ដ ដែល​ស្លាប់​រាប់​រាប់ពាន់​នាក់​ក្នុងនាម​ជា​ដៃគូ​អាម៉េរិក​ប្រយុទ្ធ​នៅ​ស៊ី​រី​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម​នោះទេ​។ តួ​ក​គី​បានធ្វើការ​វាយលុក​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​ប្រឆាំងនឹង​ពួក​ឃឺ​ដ​មុនពេល​ផ្អាក​សកម្មភាព​យោធា​។​

​លោក​ត្រាំ​និយាយថា “​វា​ដល់ពេល​យើង​ត្រឡប់មក​ស្រុក​វិញ​ហើយ​” ដោយ​ការពារ​ការដក​កងទ័ព​អាម៉េរិក​ចេញពី​ស៊ី​រី និង កើត​សរសើរ​ការសម្រេចចិត្ត​របស់គាត់​ក្នុងការ​បញ្ជូន​ទ័ព​និង​យោ​ធូប​ករ​ណ៍​បន្ថែម​ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ជួយ​ព្រះរាជាណាចក្រ​មួយ​នេះ​ការពារ​ទប់ទល់​នឹង​អ៊ីរ៉ង់​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាម៉េរិក​ចេញពី​ស៊ី​រី​មក​អ៊ីរ៉ាក់ មិនមែន​មក​ស្រុក​វិញ​ទេ