ទាំងនេះ​ជា​មូលហេតុ​ដែល​អ្នក​គួរ “​ទទួលទាន​ទឹក​” ឱ្យបាន​គ្រប់គ្រាន់​ជាប្រចាំ​

385
ចែករម្លែក
  • 3
    Shares

ទឹក ជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ និង​ទ្រទ្រង់​ជីវិត​មនុស្ស គ្រប់រូប​។ រាងកាយ​របស់​មនុស្ស​មាន​ផ្ទុក​ជាតិ​ទឹក​ស្ទើរតែ ៦០ ភាគរយ​។​

​អ្នកជំនាញ​ជាច្រើន​ណែនាំ​ឲ្យ​ទទួលទាន​ប្រមាណ​ជា ២ លីត្រ ឬ​ពី ៨ ទៅ ៩ កែវ​ក្នុង​មួយថ្ងៃ ដើម្បី​រក្សាបាន​សុខភាព​ល្អប្រសើរ​ជៀស​ផុតពី​បញ្ហា​ផ្សេងៗ​។ ទឹក​ជួយ​ក្នុងការ​រំលាយ​អាហារ និង​កម្ចាត់​កាកសំណល់ ក៏ដូចជា​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​។​

​អត្ថបទ​នេះ នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​សំខាន់ៗ​ដែល​អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ ៖

១. បង្កើន​ថាមពល​មិនសូវ​អស់កម្លាំង​
ការទទួល​ទាន​ទឹក​ច្រើន​គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​អ្នក​ផ្ដោតអារម្មណ៍​បានល្អ និង​ស្វាង​ជានិច្ច​។ ទឹក​ក៏​ជួយ បង្កើន​កម្រិត​ថាមពល​នៃ​រាងកាយ​ដោយ​មិនចាំបាច់​មាន​ជំនួយ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​ភេសជ្ជៈ កាហ្វេ​អ៊ី​ន​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​

២. ព្យាបាល​អាកា​រៈ​ឈឺក្បាល​
អាកា​រៈ​ឈឺក្បាល​មួយចំនួន​អាច​បណ្ដាលមកពី​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ការទទួល​ទាន​ទឹក​អាច កាត់បន្ថយ​បំបាត់​អា​ការៈឈឺ​ក្បាល​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ចូរ​សាកល្បង​ទទួលទាន​ទឹក​ធម្មតា ២ ទៅ ៣ កែវ​កំឡុងពេល​ឈឺក្បាល​។ ប្រសិនបើ​អាកា​រៈហាក់​ដូចជា​មិន​ធូរស្បើយ​សោះ ហើយ​ការ ឈឺចាប់​នៅតែ​បន្ដ​ខ្លាំង​ឡើង ចូរ​ប្រញាប់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

៣. សម្រួល​បង្កើន​ការរំលាយ​អាហារ​
ការទទួល​ទាន​ទឹក​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​ជាពិសេស​ម្រា​ប់ អ្នក​ដែលមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​ទល់លាមក​។ ការទទួល​ទាន​ទឹក​ច្រើន​រួមជាមួយ​អាហារ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ជួយ​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​។​

៤. ស្បែក​ស្រស់ថ្លា​
ទឹក​ជួយ​កម្ចាត់​នូវ​រាល់​ជាតិពុល​ក្នុង​រាងកាយ រួមទាំង​បាក់តេរី​បង្កបញ្ហា​ស្បែក​ផ្សេងៗ​ដូចជា រោគ​មុន​, ការ​រោល​រលាក និង​ស្ទះ​រន្ធ​ញើស​។ ការទទួល​ទាន​ទឹក​ឱ្យបាន​ពី ១០ ទៅ ១២ កែវ ជាប្រចាំ​អាចជួយ​ឱ្យ​ស្បែក​ប្រែជា​ស្រស់ថ្លា និង​មើលទៅ​មាន​សុខ​ភាពល្អ​។​

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
ទឹករងៃ គឺជា​សារធាតុ​រាវ​ដែលជា​ផ្នែក​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។ ទឹករងៃ​រួមផ្សំ​ពី​សមាសធាតុ​ជាច្រើន រួមបញ្ចូល​ទាំង​ទឹក​។ បង្កើន​ការទទួល​ទាន​ទឹក​អាចជួយ​ពង្រឹង ក៏ដូចជា​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ កាន់តែ​ប្រសើរឡើង​។​

៦. ល្អ​សម្រាប់​តម្រងនោម​
តម្រងនោម គឺជា​សរីរាង្គ​ដែល​ច្រោះ​រាល់​ជាតិពុល​ក្នុង​រាងកាយ​ដែល​នឹង​ប្រែ​ក្លាយទៅជា​ទឹកនោម​។ ទឹក​អាចជួយ​តម្រងនោម​ក្នុងការ​ច្រោះ​ជាតិពុល​បាន​កាន់តែ​ងាយ​។ ហើយ​ការ​ទទួលទាន​ទឹក កាន់តែច្រើន​ក៏​ជួយ​ទប់ស្កាត់ និង​បំបែក​គ្រួស​ក្នុង​តម្រងនោម​ផងដែរ​។​

៧. សុខភាព​សន្លាក់
រាល់​សន្លាក់​ក្នុង​រាងកាយ​មាន​ផ្ទុក​សារធាតុ​រាវ​ម្យ៉ាង​ហៅថា Synovial Fluid ដែល​ធ្វើឱ្យ​សន្លាក់​ជៀស​ផុតពី​ការ​ប៉ះ​ទ​ង្កិ​ច ឬ​សង្កៀត​គ្នា​កំឡុង​ពេលធ្វើ​ចលនា​។ ការទទួល​ទាន​ទឹក​ច្រើន​អាចជួយ រាងកាយ​ក្នុងការ​ផ្ដល់នូវ​សារធាតុ synovial fluid លើ​សន្លាក់ និង​រក្សា​នូវ​ជាតិ​ខ្លាញ់ ឬ​រំអិល​។​

៨. រក្សា​ចរន្តឈាម​
​ទឹក​ជួយ​រក្សា​ចរន្តឈាម​ត្រឹមត្រូវ​។ វា​ជួយ​ក្នុងការ​ដឹកជញ្ជូន​សារធាតុចិញ្ចឹម​តាមរយៈ​ឈាម ទៅកាន់​គ្រប់ផ្នែក​នៃ​រាងកាយ​។ ប្រសិនបើ​គ្មាន​ទឹក​គ្រប់គ្រាន់​សរីរាង្គ​នឹងមិន​ផ្ដល់ឱ្យ​រាងកាយ នូវ​សារធាតុចិញ្ចឹម​ត្រឹមត្រូវ​ឡើយ​៕ ដោយ​: health.com.kh