ទាំង​រដ្ឋមន្ត្រី និង​ឧកញ៉ា​ល្បីឈ្មោះ​២​រូប ប្រកាស​ខ្លាំងៗ​ឲ្យ​ប្រយ័ត្ន​បំផុត​រឿង​ដី​ឡូ​តិ៍​ថោកៗ​

5290

​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ជាច្រើន​ប្រកាស​លក់​ផ្ទះល្វែង ដី​ឡូ​តិ៍​នៅតាម​ជាយក្រុង​ភ្លូកទឹកភ្លូកដី ក្នុង​តម្លៃថោកៗ បង់​រំលស់​មិនចាំបាច់​មាន​លុយ​កក់​មុន គ្មាន​ការប្រាក់​ជាដើម​។ ប៉ុន្តែ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីក្រសួង​ដែនដី និង​ឧកញ៉ា​ល្បីឈ្មោះ​ផ្នែក​អចលនទ្រព្យ​មួយរូប ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឲ្យ​មែនទែន ប្រយ័ត្ន​យកលុយ​ឲ្យ​គេ​ទទេៗ​។ ចង់ដឹង​ច្បាស់​យ៉ាងណា​សូម​ទៅ​ស្ដាប់​ប្រសាសន៍​លោក​ទាំងពីរ​ខាងក្រោម​នេះ​៖

១. ឯកឧត្ដម ជា សុផារ៉ា​

​កាលពី​ថ្មីៗ​កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី លើកឡើង​ខ្លាំងៗ​ថា នៅ​ភ្នំពេញ សព្វថ្ងៃ​មាន​ក្រុមមនុស្ស​បោកប្រាស់​ច្រើន ដែល​ក្រសួង​កំពុង​ដោះស្រាយ​។ ឯកឧត្តម​ថ្លែង​ហាក់​ហួសចិត្ត​ថា ក្រុមហ៊ុន​ពុះ​លក់​ដី​ឡូ​តិ៍​មួយ​មានឈ្មោះ​ជាង ២០​ឆ្នាំ​ហើយ បាន​បោកប្រាស់​លុយ​ប្រជាជន ដោយ​យក​ដី​គេ​មក​ដាក់លក់ ហើយ​ចាយ ៤០០​ដុល្លារ សម្រាប់​លើក​ផ្លាក​ប៉ាន់​ណូ​បំភាន់​ភ្នែក​។​

​រដ្ឋមន្ត្រីក្រសួង​ដែនដី មានប្រសាសន៍ថា​៖ «​មនុស្ស​ម៉ា​ក្រុមហ៊ុន បានដាក់​លក់​ដី​ឡូ​តិ៍​បោកប្រាស់​…​ហើយ​គាត់​(​អតិថិជន​) ជា​មន្ត្រីរាជការ ភាគច្រើន​ជា​គ្រូបង្រៀន បាន​ទៅ​ទិញ​គម្រោង​(​ដី​ឡូ​តិ៍​ពុះ​លក់​)​ហ្នឹង ហើយ​ក្រុមហ៊ុន​យកបាន​ប្រាក់​កក់ ហើយ​យក​ដី​គេ​លក់ ឡើង​គម្រោង ហើយ​គាត់​(​អតិថិជន​)​បង់លុយ​ប៉ាច់ វា​(​ក្រុមហ៊ុន​)​រត់​បាត់​»​។​

​តំបន់​ដី​ឡូ​តិ៍​ពុះ​លក់ បាន​រីកសាយ​តាម​ជាយក្រុង​ភ្នំពេញ និង​មាន​ក្រុមហ៊ុន​បាន​លើក​ផ្លាក​ដាក់លក់ ក្នុងតម្លៃ​ផ្សេងៗ​គ្នា​ទៅតាម​ទីតាំង​ដែល​គ្រោង​នឹង​អភិវឌ្ឍ​នៅពេល​យូរ និង​ឆាប់​។ ម្យ៉ាង មួយរយៈ​ចុងក្រោយ​នេះ តំបន់​ដី​ឡូ​តិ៍​ពុះ​លក់​ជាច្រើន​កំពុង​ហក់​ឡើង​ខ្លាំង​តាម​ជាយក្រុង ច្រើន​មាននៅ​តំបន់​សំរោង​អណ្ដែត ទំនប់​កប់​ស្រូវ ទំនប់ទឹក ភ្នំ​រាប និង​នៅ​តំបន់​តាខ្មៅ​ជាដើម​។​

២. ឧកញ៉ា សៀ​ឫទ្ធី​

​តាមរយៈ​បទសម្ភាសន៍​ដោយផ្ទាល់​ជាមួយ Sabay ឧកញ៉ា សៀ ឫទ្ធី ស្ថាបនិក​ក្រុមហ៊ុន WorldBridge ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​រឿង ដី ផ្ទះ​ប្រកា​សលក់​ថោកៗ​ពេញ​ហ្វេ​ស​ប៊ុ​ក​ត្រឹម​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ គ្មាន​ការប្រាក់ គ្មាន​លុយ​កក់ ប្រយ័ត្ន​យកលុយ​ឱ្យគេ​ទទេៗ​។​

​អ្នកជំនួញ​ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ បន្តទៀតថា ប្រជាពលរដ្ឋ​គួរ​ប្រយ័ត្ន​ពីព្រោះ​បើ​និយាយ​ពី​វិស័យ​អចលនទ្រព្យ មិនដឹងថា​នរណា​ជា​នរណា​ទេ​។ ឧទាហរណ៍​ថា អ្នកលក់​មាន​ដី​មួយ​ឡូត៍​ពុះ​លក់​នៅក្នុង​ប្លង់​មេ​មិនបាន​ដាក់ថា កន្លែង​ណា​លូ​? កន្លែង​ណា​ផ្លូវ​ទេ​? ហើយ​នៅពេលដែល​រដ្ឋ​ចេញ​ច្បាប់​មក​ត្រូវ​ថយ ត្រូវ​កាត់ អ្នក​ដែល​ប៉ះពាល់​គឺ​អ្នកទិញ​នោះ​ហើយ​។ ដូច្នេះ​នៅពេល​មាន​បញ្ហា​តើ​ទៅ​សួរ​អ្នកណា​? តើ​អ្នកណា​ជា​អ្នកដោះស្រាយ​?

​មកដល់​ចំណុច​នេះ​លោក ឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​លើកទឹកចិត្ត​គាត់​ឱ្យទៅ​ទិញ​ដី ផ្ទះ​ទាំង​នោះទេ មុននឹង​ទិញ​ត្រូវ​ពិនិត្យមើល​ក្រុមហ៊ុន​ឱ្យបាន​ច្បាស់លាស់ បើ​គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ប្រជាពលរដ្ឋ​មិនគួរ​ប្រថុយ​នោះទេ បើ​ប្រថុយ​មនុស្ស​ម្នាក់​យកលុយ​យើង​បាត់ តើ​យើង​ទៅរក​រឿង​អ្នកណា​? បើជា​ក្រុមហ៊ុន​មាន​រដ្ឋ​ជា​អាណាព្យាបាល​ការពារ ហើយ​ចំពោះ​បុគ្គល​ពន្ធ​ក៏​មិន​បង់ ឈ្មោះ​ក្រុមហ៊ុន​ក៏​មិនមាន​។​»

​ទាំង​ឯកឧត្ដម ជា សុផារ៉ា និង​ឧកញ៉ា សៀ ឫទ្ធី បានផ្ដល់​ជា​យោបល់​ថា ដើម្បី​ជៀសវាង​ករណី​ទិញ​ដី​ឫ​ផ្ទះ​ចាញ់បោក​គេ ត្រូវ​សិក្សា​ទៅលើ​បញ្ហា​មួយចំនួន​ដូចខាងក្រោម​៖

១. ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យបាន​ច្បាស់លាស់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិតនៅក្នុង​ដី​ប្រភេទ​ណា​? ជា​ដី​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ឬទេ​? តើ​មានច្បាប់​អនុញ្ញាតឱ្យ​ពុះ​លក់​ឬក៏​អត់​? តាមរយៈ​ការ​ស៊ើបសួរ​ពី​អាជ្ញាធរ និង​មេភូមិ មេឃុំ​ជាដើម​។​

២. ប្រជាពលរដ្ឋ​ត្រូវ​សិក្សា​មើលថា ជា​ក្រុមហ៊ុន​អ្វី​? មាន​ចុះបញ្ជី​ច្បាស់លាស់​ឬក៏​អត់​?

៣. ត្រូវ​ពិចារណា​ថា ដី ឫ​ផ្ទះ​លក់​ថោកៗ​គ្មាន​ការប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដជា​មិនអាច​ទុកចិត្ត​បានទេ ទោះ​តម្លៃ​ត្រឹម ៥ ០០០​ដុល្លារ ឫ​៦ ០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំរ​កដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​ឱ្យគេ​ស្រួលៗ​ម្ល៉េះ​?

​អត្ថបទ​៖ ថោ ច័ន្ទ​ឬ​ទ្ធិ /sn​