ទិញ​កាំភ្លើងខ្លី​ពី​កូនក្មេង​តម្លៃ​៣០​ដុល្លារ ភ្ជង់​គំរាម​ស្ត្រី​ម្នា​ក់នៅ​ស្រុក​ស្អាង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

158

ដោយ​:​ឆាយា​នាថ/​កណ្ដាល ​៖​ នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​យក​កាំភ្លើងខ្លី​ភ្ជង់​ស្ត្រី​ម្នាក់ នៅវេលា​ម៉ោង​១៥៖៣៥​នាទី ថ្ងៃទី​៨ ខែមករា នេះ ចំណុច​ភូមិ​ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ។

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាងថ្លែងថា ជនរងគ្រោះ​ឈ្មោះ នួន ដា​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ។ ជនសង្ស័យឈ្មោះ ឆាយ សា​លាភ អាយុ​៣៣​ឆ្នាំ ។

​វត្ថុតាង​ចាប់យក រួមមាន​កាំភ្លើងខ្លីមួយ​ដើម មិន​ស្គាល់​ម៉ាក គ្មាន​លេខ បង់​ចំនួន​មួយ​មាន​គ្រាប់​ចំនួន​៤​គ្រាប់, រថយន្តមួយគ្រឿងម៉ាកតូ​យូ​តាព្រីស ពណ៌ទឹកប្រាក់ ពាក់​ផ្លាកលេខភ្នំពេញ2AX-4029 និង​កូនសោរ​រថយន្ដ​ចំនួន​មួយ ។

​លោក​អធិការបន្តថា កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ឈ្មោះ ឆាយ សា​លាភ និង​ប្រពន្ធ ឈ្មោះ នួន ដា​នី បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​លែងលះគ្នា នៅ​សាលាឃុំ​រកា​ខ្ពស់ ។​

​លុះ​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង១៥​និង​៣៥​នាទី ឈ្មោះ ឆាយ សា​លាភ បាន​ជិះ​រថយន្ត មក​ផ្ទះ​ឈ្មោះ​នួន ដា​នី ស្ថិត​ក្នុងភូមិ ព្រែក​ខ្សេវ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។

​ពេលមកដល់​ឈ្មោះ ឆាយ សា​លាភ បាន​សួរ ឈ្មោះ នួន ដា​នី រក​ប្លង់​ផ្ទះ​ដែល​ស្ថិតនៅ​បុរី​ចំការ​ដូង ដើម្បី​ដាក់លក់​ផ្ទះ នៅ​ការិយាល័យ​បូរី​ចំការ​ដូង ពេល​ជាមួយគ្នា​នោះ ឈ្មោះ​​​នួន ដា​នី​មិន​ទៅតាម​ទើប​ឈ្មោះ ឆាយ សា​លាភ​កាន់​កាំភ្លើងខ្លី​អា​មេ​ប​ញ្ជូ​ល​គ្រាប់​ភ្ជុង​ឈ្មោះ​នួន ដា​នី​រួច​ចាប់​គ្រៀក ដើម្បីឲ្យចូល​រថយន្ត​របស់ខ្លួន ។

​ទន្ទឹមនឹងនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឃាត់​រថយន្ត ហើយ​ដណ្តើមបាន​អាវុធ​ពី​ឈ្មោះ ឆាយ សា​លាភ និង​ជួយ​ឈ្មោះ នួន ដា​នី​ចេញពី​រថយន្ត​មកវិញ។ ចំណែក​ឈ្មោះ ឆាយ សា​លាភ បាន​រត់គេចខ្លួន ។​

​ពេល​ទទួល​ព័ត៌មាន​នេះ នគរបាល​ប៉ុស្តិ៍​រកា​ខ្ពស់ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ឃាត់ខ្លួន ឈ្មោះ ឆាយ សា​លាភ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។​

​នៅ​ចំពោះមុខ​នគរបាល ឈ្មោះ​ឆាយ សា​លាភ​សារភាពថា ខ្លួន​បាន​ទិញ​អាវុធខ្លី​នេះ​ពី​ឈ្មោះ​រាក់​ភេទ​ប្រុស អាយុ​១៤​ឆ្នាំ តម្លៃ​៣០​ដុល្លារ នៅ​ចំណុច​វាល​ខ្សាច់ ចាក់អង្រែលើ កាលពី​ឆ្នាំ​២០១៦ ដើម្បី​ទុក​នៅផ្ទះ​និង​បាន​ជិះ​រថយន្ដ យក​អាវុធខ្លី​មក​ភ្ជុង​គំរាម​ឈ្មោះ​នួន ដា​នី ពិត​ប្រា​ដក​មែន​។​

​ឈ្មោះ​ឆាយ សា​លាភ សារភាព​បន្ថែមទៀតថា ខ្លួន​ពិតជា​បាន​ជក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​រយៈពេល​៦​ខែ​កន្លងមកហើយ ៕​B/