ទិន្នន័យសម្ងាត់របស់រដ្ឋាភិបាលចិនបង្ហាញថា តេស្តវិជ្ជមានជំងឺកូរ៉ូណាចំនួន ១ភាគ៣ គឺចេញពី “អ្នកដើរចម្លងស្ងាត់ស្ងៀម” គ្មានរោគសញ្ញា

2094
ចែករម្លែក

ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណា ដែលមិនបានបង្ហាញរោគសញ្ញាឬចេញរោគសញ្ញាយឺតយ៉ាវ អាចមានចំនួនរហូតដល់មួយភាគបីនៃអ្នកដែលបានធ្វើតេស្តវិជ្ជមានជំងឺនេះ។

យោងតាមទិន្នន័យសម្ងាត់របស់រដ្ឋាភិបាលចិន ដែលមើលឃើញដោយកាសែត South China Morning Post បានបង្ហាញថា ទំហំពិតនិងចំនួនលាក់បាំងនៃ “អ្នកដើរចម្លងស្ងាត់ៗ” ទាំងនោះអាចមានខ្ពស់ជាងការគិតពីដំបូង។

របាយការណ៍បានសរសេរថា នៅចុងខែកុម្ភៈមនុស្សជាង ៤៣.០០០ នាក់បានធ្វើតេស្តវិជ្ជមានក្នុងប្រទេសចិន ដោយមិនបង្ហាញរោគសញ្ញា និងត្រូវបានដាក់នៅដាច់ដោយឡែក ប៉ុន្តែមិនបានរាប់ទៅក្នុងតួលេខផ្លូវការ ដែលគ្រានោះមានចំនួនជាង ៨០.០០០ ករណីនោះទេ។

របកគំហើញនេះមានឥទ្ធិពលធំធេងចំពោះយុទ្ធសាស្ត្រ ដែលកំពុងប្រើដោយប្រទេសនានាដើម្បីទប់ទល់នឹងជំងឺនេះ។

បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រមិនអាចឯកភាពគ្នាលើតួនាទីអ្វីដែលការចម្លងដោយគ្មានរោគសញ្ញាកំពុងដើរតួក្នុងការរីករាលដាលជំងឺ និង របៀបដែលមនុស្សឆ្លងជំងឺមិនមានរោគសញ្ញានោះទេ។

អ្នកវិទ្យាសាស្ត្រកាន់តែច្រើនឡើងកំពុងតែជំទាស់នឹងសេចក្តីថ្លែងការណ៍ពីមុនរបស់អង្គការសុខភាពពិភពលោក (WHO) ថា ការចម្លងដោយគ្មានរោគសញ្ញា គឺជា “រឿងកម្រខ្លាំងណាស់”។

របាយការណ៍មុនរបស់បេសកម្មអន្តរជាតិរបស់អង្គការសុខភាពពិភពលោកប្រចាំប្រទេសចិនបានប៉ាន់ប្រមាណថា ការចម្លងមេរោគដោយគ្មានរោគសញ្ញា មានចំនួនពី ១ ទៅ ៣ ភាគរយនៃករណីឆ្លងទាំងអស់។

កាលពីខែកុម្ភៈ អ្នកជំនាញជប៉ុនមួយក្រុមដឹកនាំដោយលោក ហ៊ីរ៉ូស៊ី នីស៊ីយូរ៉ា អ្នកជំនាញខាងរោគរាតត្បាតនៅសាកលវិទ្យាល័យហុកកៃដូ បានសរសេរលិខិតមួយច្បាប់ទៅទស្សនាវដ្តីជំងឺឆ្លងអន្តរជាតិ។

លោកនីស៊ីយូរ៉ាបាននិយាយថា “ករណីឆ្លងវីរុសកូរ៉ូណាថ្មី (កូវីដ១៩) នៅទូទាំងពិភពលោកនៅតែបន្តកើនឡើង ហើយគម្លាតរវាងរបាយការណ៍ពីប្រទេសចិននិងការប៉ាន់ស្មានស្ថិតិនៃឧបទ្ទវហេតុផ្អែកលើករណីដែលធ្វើរោគវិនិច្ឆ័យនៅក្រៅប្រទេសចិនបង្ហាញថា ចំនួនករណីជាច្រើនមិនត្រូវបានធ្វើវិនិច្ឆ័យឃើញមេរោគនោះទេ”។

លោកនីស៊ីយូរ៉ាបានដាក់សមាមាត្រនៃអ្នកជំងឺជប៉ុនគ្មានរោគសញ្ញា ដែលជម្លៀសចេញពីទីក្រុងវូហាន នៅចំនួន ៣០,៨ ភាគរយ ដែលជាតួលេខប្រហាក់ប្រហែលនឹងទិន្នន័យសម្ងាត់របស់រដ្ឋាភិបាលចិន។

លោកនីស៊ីយូរ៉ាបានបន្ថែមថា “អនុបាតនៃការមិនបញ្ចេញរោគសញ្ញា…អាចមានខ្ពស់ក្នុងចំណោមក្មេងៗជាងមនុស្សចាស់។ នោះអាចនឹងផ្លាស់ប្តូរវិសាលភាពយ៉ាងសំខាន់ចំពោះការផ្ទុះមេរោគរាតត្បាត ហើយសូម្បីអន្តាគមន៍ល្អបំផុតក៏អាចផ្លាស់ប្តូរដែរ”។

អង្គការ WHO រាប់ទាំងអស់នូវចំនួនមនុស្សដែលតេស្តវិជ្ជមានថាជាករណីដែលបានបញ្ជាក់ មិនថាពួកគេមានរោគសញ្ញាឬអត់នោះទេ គឺដូចដែលកូរ៉េខាងត្បូងបានធ្វើយ៉ាងអ៊ីចឹង។

រដ្ឋាភិបាលចិនបានកែប្រែសេចក្តីណែនាំរបស់ខ្លួនកាលពីថ្ងៃទី៧កុម្ភៈ ដើម្បីរាប់តែអ្នកជំងឺដែលចេញរោគសញ្ញាជាករណីដែលបានបញ្ជាក់ប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស

បុរសម្នាក់ពាក់ម៉ាស់ ខណៈគាត់សម្រាកពីការហាត់ប្រាណនៅក្រុងប៉េកាំង