ទិន្នន័យ​សំណង់​នៅ​ក្រុង​ប៉ោយប៉ែត​កើនឡើង បើទោះបី​ក្នុង​ឆ្នាំ​បោះឆ្នោត​ក៏ដោយ​

1827
ចែករម្លែក

​ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ទិន្នន័យ​បរិមាណ​និង​ទំហំ​នៃ​សំណង់​នៅ​ខេត្តបន្ទាយមានជ័យ ពិសេស​នៅ​ក្រុង​ប៉ោយប៉ែត បាន​បន្ត​កើនឡើង ទោះបីជា​ក្នុង​ឆ្នាំ​ដែល​ប្រទេស​ត្រូវ​រៀបចំ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពី​ឆ្នាំទៅ និង​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​នេះ ក៏ដោយ​។​

​លោក​ប្រាក់ ប៉ូ​លី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់ និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថ្ងៃទី​១៦​កក្កដា​ថា និន្នាការ​បរិមាណ​គម្រោង​សំណង់​នៅ​ខេត្តបន្ទាយមានជ័យ ពិសេស​គឺ​នៅ​ក្រុង​ប៉ោយប៉ែត ក្បែរ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ព្រំដែន​ថៃ​បាន​កើនឡើង​ពី​៣០​ទៅ​៤០​ភាគរយ នា​ដើមឆ្នាំ​មកទល់​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។ លោក​បញ្ជាក់ថា ក្នុងចំណោម​សំណង់​ទាំងនោះ មាន​សំណង់​ធំៗ​របស់​ក្រុមហ៊ុនចម្រុះ​ខ្មែរ​និង​បរទេស ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក​និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​កសាង​អគារ​ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម សហគ្រាស ឃ្លាំង បូរី និង​លំនៅដ្ឋាន​។​

​លោក សាន ស៊ានហូ អភិបាលក្រុង​ប៉ោយប៉ែត ក៏​ធ្លាប់​និយាយ​នាពេល​កន្លងមក​ដែរ​ថា នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​បូរី​ជាង​១០​កន្លែង ខណៈ​ក្រុង​សិរីសោភ័ណ​មាន​តិចតួច​។ ចំណែក ការ​ពុះ​បំបែក​ក្បាលដី​ល្វែង​សម្រាប់​ការសាងសង់​មាន​ដល់​៣០​កន្លែង​។ ជាងនេះទៅទៀត សំណង់​ធំៗ​និង​ខ្ពស់ៗ​ច្រើន​ជាន់​ក៏​រីក​ព្រោងព្រាត​ជាង​មុន​ដែរ​។ លោក​បញ្ជាក់ថា ការវិនិយោគ​ប្រសើរឡើង ហើយ​មិនមាន​ក្តីបារម្ភ ឬ​ផលប៉ះពាល់​អី​ពី​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំទៅ និង​ការបោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​នេះ​ទេ​។​

​ចំណែក​ម្ចាស់​ដី​ដែល​ពុះ​បំបែក​ក្បាលដី និង​ម្ចាស់​ដី​លក់ដូរ​ខ្លះ​បាន​បង្ហើប​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ជើង​កំពង់ ឬ​ហាងឆេង​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត បាន​ស្ទុះ​ងើបឡើង​គួរ​ភ្ញាក់ផ្អើល​នៅ​ជាង​១​ឆ្នាំ​មកនេះ​។ ដី​ឡូ​តិ៍ ដី​ល្វែង​រាប់រយ​ពាន់​ត្រូវបាន​លក់ដាច់ បង់​រំ​លោះ និង​កក់​ទិញ​ពី​អតិថិជន​ក្នុង​និង​ក្រៅ​ខេត្ត​។​

​លោក ប៉ង់ រ៉ុ​ម ប្រធានការិយាល័យ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម​និង​សំណង់​នៃ​ម​ន្ទិ​រ​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​ថ្ងៃទី​១៦​ខែកក្កដា​ថា​: ទិន្នន័យ​វិស័យ​សំណង់​ឆ្នាំ​២០១៧​កន្លងមក​មានច្បាប់ ចំនួន​១២៥ គម្រោង លើ​ផ្ទៃក្រឡា​ជាង​៥​ម៉ឺន​ម៉ែត្រក្រឡា ប្រើ​ទុនវិនិយោគ​ជិត​២០​លាន​ដុល្លា​សរ​អា​។ ក្នុងនោះ​ប្រភេទ​សំណង់​លំនៅដ្ឋាន​មាន​១០៣​គម្រោង ក្រៅពីនោះ​ជា​ប្រភេទ​សំណង់​ពាណិជ្ជកម្ម ឧស្សាហកម្ម សាធារណៈ​របស់​រដ្ឋ សាធារណៈ​មិនមែនជា​ថវិកា​របស់រ​ដ្ឋ ទេសចរណ៍​និង​វិនិយោគ​។ សំណង់​ទាំងនោះ​ភាគច្រើន​នៅ​ក្រុង​ប៉ោយប៉ែត បន្ទាប់មក​នៅ​ក្រុង​សិរីសោភ័ណ​។​

​លោក ប៉ង រ៉ុ​ម ឲ្យ​ដឹង​បន្តថា ចំពោះ​ទិន្នន័យ​សំណង់​ថ្មី​ប្រចាំ​ខែមករា ដល់​ខែមិថុនា​ឆ្នាំ​២០១៨​នេះ មាន​៨៥ គម្រោង លើ​ផ្ទៃដី​រាប់ម៉ឺន​ម៉ែត្រក្រឡា និង​ប្រើ​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លា​សរ​អា​។​

​ទោះយ៉ាងណា លោក​ក៏​បង្ហាញ​ការលំបាក់​លើ​ការត្រួតពិនិត្យ​សំណង់​ដែរ​ថា សំណង់​នៅ​តំបន់​ខ្លះ របស់​បុគ្គល​ខ្លះ និង​នៅពេល​ខ្លះ មាន​រដូវ​បោះឆ្នោត​នេះ​ជាដើម ជា​សំណង់​អត់​ច្បាប់ សំណង់​ខុសច្បាប់​។​ល​។ ប៉ុន្តែ ទិន្នន័យ​បរិមាណ​សំណង់​នៅ​ដើមឆ្នាំ​២០១៨​នេះ បាន​កើនឡើង​ជាង​ពាក់កណ្តាល​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ឬ​ឆ្នាំមុនៗ​ទៀត​៕