ទិវាឯករាជ្យជាតិ លីបង់

281
ចែករម្លែក

ស្រាវជ្រាវប្រែសម្រួលៈមេសា/ភ្នំពេញ ៖ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លីបង់ ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេ នៅថ្ងៃទី២២ ខែវិច្ឆិកា ដើម្បីរំឭកដល់ថ្ងៃដែលពួកគេបញ្ចប់ការត្រួតត្រារបស់បារាំង បន្ទាប់ ប្រទេសនេះ បានស្ថិតក្រោមការគ្រប់គ្រងរបស់ បារាំង អស់រយៈពេល ២៣ ឆ្នាំ ។

ភូមិសាស្ត្រ-ប្រជាសាស្ត្រសាធារណរដ្ឋ លីបង់ មានផ្ទៃដី ១០.៤៥២ គីឡូម៉ែត្រក្រឡា ស្ថិតនៅភាគខាងលិច នៃ ទ្វីប អាស៊ី មានព្រំដែនជាប់ប្រទេស ស៊ីរី អ៊ីស្រាអែល ស៊ីប និង សមុទ្ទ ម៉េឌីទែរ៉ាណេ ។ ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋ ជាង ៥ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនា អ៊ិស្លាម ។ ភាសាផ្លូវការគឺភាសា អារ៉ាប់ រដ្ឋធានីគឺទីក្រុង បេរូត ។

ប្រវត្តិសាស្ត្រគិតត្រឹមសតវត្សរ៍ទី ៤ តំបន់ដែលជាប្រទេស លីបង់ បច្ចុប្បន្ននេះ គឺជាទឹកដីរបស់អាណាចក្រ ប៊ីហ្សាំងតាំង ដែលជារដ្ឋដ៏ធំមួយ នៃ ចក្រភព រ៉ូម៉ាំង ហើយដែនដីនេះ បានក្លាយជាមណ្ឌលដ៏ធំមួយ នៃ គ្រិស្តសាសនិក ។ នៅក្នុងសម័យសង្គ្រាម រ៉ូម៉ាំង-ពែក ទឹកដីនេះត្រូវបានត្រួតត្រាដោយពួកជនជាតិ ពែក សាសានី ( អ៊ីរ៉ង់ ) ពីឆ្នាំ ៦១៩ រហូតដល់ឆ្នាំ ៦២៩ ។

ឆ្នាំ ៦៣៤ ( ដល់ឆ្នាំ ៦៣៨ ) ពួក អារ៉ាប់ មូស្ល៊ីម បានឈ្លានពានតំបន់ Levant ( បច្ចុប្បន្នប្រទេស ប៉ាឡេស្ទីន , ស៊ីរី , ហ្សុកដង់ , លីបង់ និង អ៊ីស្រាអែល ) ពី ប៊ីហ្សាំងតាំង ។ ដូច្នេះ សាសនា អ៊ិស្លាម និង ភាសាអារ៉ាប់ បានត្រូវសាបព្រោះ និង មានឥទ្ធិពលនៅតំបន់នោះ ។

អំឡុងសតវត្សរ៍ទី ១១ និកាយ សាសនា អ៊ិស្លាម ឈ្មោះ Druze បានបង្កើតឡើង ដោយការបែកចេញពីនិកាយ Shia ។ និកាយ Druze ទទួលបានអ្នកស្មោះស្ម័គ្រនៅតំបន់ភាគខាងត្បូងភ្នំ Lebanon ។ ចំណែកតំបន់ខាងជើងភ្នំ Lebanon ត្រួតត្រាដោយពួកត្រកូលសក្តិភូមិ Druze រហូតដល់សតវត្សរ៍ទី ១៤ ទើបត្រូវបានបញ្ចប់តាមរយៈការឈ្លានពានរបស់ពួករាជវង្ស Mamluk ។ ពួក Mamluk ចែកទឹកដីគ្នាត្រួតត្រា តំបន់នោះជាមួយចក្រភព អូតូម៉ង់ ( ទួកគី ) ។ ចំណែករាជធានីសំខាន់ចំនួនពីរនៅតាមឆ្នេរសមុទ្ទគឺទីក្រុង Acre និង ទីក្រុង បេរូត ត្រួតត្រាផ្ទាល់ដោយព្រះចៅ កាលីហ្វ មូស្លីម ហើយវប្បធម៌ អារ៉ាប់បានទាក់ទាញមនុស្សច្រើនទៅៗ ។ ចាប់ពីសតវត្សរ៍ទី ១១ ទៅ មានសង្គ្រាមយ៉ាងអូសបន្លាយរវាងពួក មូស្លីម និង គ្រិស្ត រ៉ូម៉ាំង ។

លីបង់ អូតូម៉ង់ អំឡុងពេលនោះ ទឹកដី លីបង់ ត្រូវបានបែងចែកទៅជាច្រើនខេត្ត គឺ ភាគខាងជើង និង ខាងត្បូង ភ្នំ Lebanon គឺខេត្ត Tripoli ខេត្ត Baalbek និង ជ្រលងភ្នំ Beqaa និង Jabal Ame ។ នៅភាគខាងត្បូងភ្នំ Lebanon លោក Fakhreddine បានឡើងស្នងអំណាចនៅឆ្នាំ ១៥៩០ ហើយបង្កើតរដ្ឋបាលស្វយ័ត នៅតំបន់ Lebanon ក្រោមអំណាចរបស់ ចក្រភព អូតូម៉ង់ ។ គាត់ត្រូវបាន អូតូម៉ង់ តែងតាំងជាអភិបាលខេត្តជាចំណុះច្រើនរបស់ អូតូម៉ង់ ទទួលបន្ទុកប្រមូលពន្ធ ។ គាត់ក៏បានពង្រីកដែនគ្រប់គ្រងរបស់គាត់បន្ថែមទៀតទៅតំបន់តូចៗ នៃ តំបន់ភ្នំ Lebanon ទៅតំបន់ឆ្នេរសមុទ្ទ ថែមទាំងបានបង្កើតបន្ទាយទ័ពទៀតផង ។

ទង្វើរបស់លោក Fakhreddine ធ្វើឱ្យអូតូម៉ង់ ទោមនស្ស ហើយចោទថា គាត់កំពុងរៀបចំផែនការបំបះបំបោរផ្តាច់ខ្លួនចេញពី អូតូម៉ង់ ។ ហេតុនេះ នៅឆ្នាំ ១៦៣៣ អូតូម៉ង់ បានបញ្ជូនមនុស្សទៅចាប់ខ្លួនគាត់ និង កូនប្រុសម្នាក់ ទៅដាក់គុក ២ ឆ្នាំ ទើបកាត់ទោសប្រហារជីវិតនៅខែ មេសា ឆ្នាំ ១៦៣៥ ។ សមាជិកគ្រួសារ Fakhreddine ដែលនៅរស់រាន ត្រូវបានអូតូម៉ង់ អោយបន្តគ្រប់គ្រងការងាររបស់គាត់ រហូតដល់ដាច់សតវត្សរ៍ទី ១៧ ប៉ុន្តែតំបន់គ្រប់គ្រងត្រូវបានកាត់បន្ថយនៅតិច។

ធ្លាក់ក្នុង អាណត្តិ គ្រប់គ្រងរបស់ បារាំងកុលសម្ព័ន្ធ Shihab បានគ្រប់គ្រងតំបន់ភ្នំ Lebanon រហូតដល់ឆ្នាំ ១៨៣០ ។ ពួកអ្នកកាន់សាសនា អិស្លាម និង ពួកអ្នកកាន់សាសនាគ្រិស្ត មានទំនាស់គ្នាជាខ្លាំង ឈានដល់កើតអំពើហិង្សានៅតាមឃុំនានា នៅឆ្នាំ ១៨៦០ ដោយពួក គ្រិស្ទាន ប្រមាណជា ១ ម៉ឺននាក់ត្រូវបានសម្លាប់ ។ ការកាប់សម្លាប់នេះ ត្រូវបានបញ្ឈប់ដោយកិច្ចអន្តាគមន៍របស់កងទ័ព បារាំង ។ គួរបញ្ជាក់ថា តាមរយៈសន្ធិសញ្ញា កាលពីឆ្នាំ ១៥២៣ បារាំង ( និង ពួកអឺរ៉ុបផ្សេងទៀត ) បានបង្កើតតួនាទីមួយហៅថា “ ការពារជនគ្រិស្ទាននៅក្នុងទឹកដី ចក្រភពអូតូម៉ង់ “ ។

បន្ទាប់ពីការសម្លាប់រង្គាលទៅលើជនគ្រិស្ទាន នៅក្នុងទឹកដីចក្រភព អូតូម៉ង់ កាលពីឆ្នាំ ១៨៦០ នោះមក នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ដដែលនោះ អូតូម៉ង់ ដោយមិនអាចប្រកែកបាន ក៏បានយល់ព្រមឱ្យ បញ្ជូនកងទ័ព អឺរ៉ុប ១២.០០០ នាក់ទៅតំបន់កើតហេតុដើម្បីគ្រប់គ្រងស្ថានភាព ។ កងទ័ពទាំងនោះ ជារបស់បារាំង ប្រមាណជាពាក់កណ្តាល ទីទៃពីនោះ ជាកងទ័ពរបស់ អូទ្រីស អង់គ្លេស ព្រុស និង រុស្ស៊ី ។ កិច្ចព្រមព្រៀង នៃ ការបញ្ជូនកងទ័ពនោះ ត្រូវបានចុះហត្ថលេខានាទីក្រុង ប៉ារីស នៅថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ១៨៦០ ។ លទ្ធផលដ៏សំខាន់មួយ នៃ បេសកកម្មរបស់ បារាំង គឺការបង្កើតតំបន់ភ្នំ Lebanon នៃ ពួកកុលសម្ព័ន្ធ Mutasarrifate ( ជាពួកអ្នកកាន់គ្រិស្តសាសនា ) ស្វយ័ត ដាច់ពី ស៊ីរី នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ១៨៦១ ។

តំបន់ Emirate of Mount Lebanon ដែលមានអាយុកាល ៤០០ ឆ្នាំមកហើយ ត្រូវបានជំនួសដោយ Mount Lebanon Mutasarrifate ដែលជាអ្នកគ្រិស្តនិយមវិញម្តង ។ ចំណែកខេត្ត Baalbek និង ជ្រលងភ្នំ Beqaa និង Jabal Amel ត្រូវបានត្រួតត្រាជាដុំៗ ដោយគ្រួសារសក្តិភូមិ នៃ និកាយ Shia ជាពិសេសគ្រួសារ Al Ali Alsagheer នៅតំបន់ Jabal Amel ដែលនៅកាន់អំណាចរហូតដល់ឆ្នាំ ១៨៦៥ នៅពេលដែល ចក្រភព អូតូម៉ង់ ចូលទៅគ្រប់គ្រងតំបន់នោះដោយផ្ទាល់ ។ អំឡុងពេលនេះ ជនជាតិនិយម លីបង់ ម្នាក់ឈ្មោះ Youssef Bey Karam បានដើរតួនាទីសំខាន់ក្នុងការទាមទារឯកភាពរបស់ លីបង់ ។

សង្គ្រាមលោកលើកទី ១ បានផ្ទុះឡើងនៅឆ្នាំ ១៩១៤ ( ដល់ឆ្នាំ ១៩១៨ ) គឺជាសង្គ្រាមដែលដឹកនាំដោយក្រុមប្រទេស សម្ព័ន្ធមហាអំណាច ( រុស្ស៊ី អង់គ្លេស បារាំង និង អៀកឡង់ ) ប្រឆាំង មហាអំណាចកណ្តាល ( អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និង អូតូម៉ង់ ) ។
បន្ទាប់ពីបរាជ័យ នៃ ពួកមហាអំណាចកណ្តាល ក៏នាំឱ្យមានសន្ធិសញ្ញាជាបន្តបន្ទាប់ ក្នុងនោះសន្ធិសញ្ញាមួយឈ្មោះសន្ធិសញ្ញា Sèvres ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ១៩២០ នាប្រទេស បារាំង រវាង មហាអំណាចកណ្តាល ដែលជាភាគីចាញ់សង្គ្រាម លោកលើកទី ១ និង សម្ព័ន្ធ មហាអំណាច ដែលជាអ្នកឈ្នះសង្គ្រាម ។

តាមរយៈសន្ធិសញ្ញាមួយនេះ រដ្ឋ មហា លីបង់ ត្រូវបានប្រកាសបង្កើតឡើងនៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩២០ ដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ សម្ព័ន្ធ ប្រជាជាតិ ( គឹជាអង្គការពិភពលោក ប្រហាក់ប្រហែលនឹងអង្គការសហប្រជាជាតិ សព្វថ្ងៃ ហើយសម្ព័ន្ធប្រជាជាតិ នោះហើយ ដែលជាបុព្វាធិការី របស់អង្គការសហប្រជាជាតិ ) ក្រោមអាណត្តិគ្រប់គ្រងរបស់ បារាំង ។ គឺតាមរយៈសន្ធិសញ្ញានោះឯងហើយ ដែលបានដកហូត លីបង់ ( និង ស៊ីរី ) ពីដៃ អូតូម៉ង់ ទម្លាក់ទៅក្នុងដៃរបស់ បារាំង វិញ ។

តំបន់ Mutasarrifate បូកបន្ថែមដោយតំបន់មួយចំនួននៅជុំវិញនោះ ដែលអ្នករស់នៅទីទាំងនោះភាគច្រើនជាអ្នកសាសនា អ៊ិស្លាម និកាយ Shia និង និកា Sunni បានក្លាយជាផ្នែកមួយ នៃ រដ្ឋ មហា លីបង់ គឺធ្លាក់ក្រោមការគ្រប់គ្រងរបស់ បារាំង ផងដែរ ។ បន្ទាប់ពីនោះមិនបានប៉ុន្មានផង ក៏មានសង្គ្រាម បារាំង-ស៊ីរី ហើយជោគជ័យបានធ្លាក់ទៅខាង បារាំង ។

នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ១៩២៦ បារាំង ប្រកាសបង្កើត សាធារណរដ្ឋ លីបង់ ។ រដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ នោះដែរ ។

អាណាពា្យបាល បារាំង ដួលរលំសន្ធិសញ្ញា បារាំង-លីបង់ នាឆ្នាំ ១៩៣៦ បានសន្យាថា នឹងផ្តល់ឱ្យ លីបង់ នូវឯករាជភាព ពេញលេញ និង សមាជិកភាព នៅក្នុង សម្ព័ន្ធប្រជាជាតិ ក្នុងរយៈពេល ៣ ឆ្នាំ ទៀត ។ ប៉ុន្តែ សភាជាតិ អភិរក្សនិយមរបស់បារាំង មិនបានអនុម័តលើសន្ធិសញ្ញានោះទេ បានសេចក្តីថា សន្ធិសញ្ញារបស់បារាំងជាលាយលក្ខណ៍អក្សរ គឺឥតបានការ ដែលប្រការនេះ ធ្វើឱ្យអ្នកជាតិនិយម លីបង់ អន់ចិត្តយ៉ាងខ្លាំង ។

នៅអំឡុងឆ្នាំ ១៩៤០ ( ដល់ឆ្នាំ ១៩៤៤ គឺអំឡុងសង្គ្រាមលោកលើកទី២) រដ្ឋាភិបាល បារាំង បានដួលរលំក្រោមកម្លាំងកងទ័ពរបស់ ណាស៊ី អាល្លីម៉ង់ ដោយមានត្រឹមតែរដ្ឋបាល ឈ្មោះថា ឧត្តមស្នងការ Vichy ។ ប្រទេស បារាំង ត្រូវបានកងទ័ព អាល្លឺម៉ង់ ចូលកាន់កាប់ស្ទើរទាំងស្រុង។ ឧត្តមសេនីយ ហ្សាល ដឺ ហ្គោល បានដឹកនាំមន្ត្រី និង កងទ័ពបារាំង ទៅបង្កើតរដ្ឋាភិបាលនិរទេសនៅទីក្រុង ឡុងដ៍ ប្រទេស អង់គ្លេស ( ដែលជាសម្ព័ន្ធមិត្តរបស់ បារាំង ) នៅអំឡុងខែ មិថុនា ឆ្នាំ ១៩៤០ នោះ ដោយឱ្យឈ្មោះថា ” រដ្ឋាភិបាល រំដោះ បារាំង ” ។

នៅឆ្នាំ ១៩៤១ អាជ្ញាធរ Vichy ក្រោមអំណាច អាល្លឺម៉ង់ បានអនុញ្ញាតឱ្យ អាល្លឺម៉ង់ ប្រើដែនអាកាស ស៊ីរី និង អ៊ីរ៉ាក់ សម្រាប់ប្រឆាំងកងទ័ពអង់គ្លេស ។ រដ្ឋាភិបាល អង់គ្លេស បារម្ភខ្លាច លីបង់ និង ស៊ីរី របូតចូលកណ្តាប់ដៃ ណាស៊ី អាល្លឺម៉ង់ តាមរយៈការដាក់សម្ពាធទៅលើរដ្ឋបាល Vichy ដ៏ទន់ខ្សោយ ទើបអង់គ្លេស បញ្ជូនកងទ័ពទៅ ស៊ីរី និង លីបង់ ។ ការប្រយុទ្ធគ្នា ក៏បានផ្ទុះឡើងនៅទីនោះ ។ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ១៩៤១ សន្ធិសញ្ញា ត្រូវបានចុះហត្ថលេខា រវាងភាគីប្រយុទ្ធគ្នា ហើយបានបញ្ចប់ការប្រយុទ្ធគ្នានៅទីនោះ ។

ឯករាជភាពដ៏អណ្តឺតអណ្តក់មើលឃើញឱកាសល្អសម្រាប់ពិភាក្សាអំពីទឹកដី និង ឯករាជភាព ដូច្នេះ មេដឹកនាំជាតិសំខាន់ៗរបស់ លីបង់ ក៏បានស្នើទៅលោក ហ្សាល ដឺ ហ្គោល ឱ្យបញ្ចប់អាណត្តិត្រួតត្រាទៅលើ លីបង់ ដោយឥតលក្ខន្តិកៈ និង ទទួលស្គាល់ឯករាជភាពរបស់ លីបង់ ។ ពិតណាស់ ហ្សាល ដឺ ហ្គោល ពិតជាមិនព្រមព្រលែង លីបង់ ឡើយ ប៉ុន្តែក្រោមសម្ពាធនយោបាយទាំងខាងក្រៅ និង ខាងក្នុង លីបង់ ផង លោក ហ្សាល ដឺហ្គោល បានទទួលស្គាល់ ឯករាជភាព របស់ លីបង់ ។ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ១៩៤១ ឧត្តមសេនីយ ហ្សក កាតូស៍ បានប្រកាសឯករាជភាពរបស់ លីបង់ ។

ប្រទេសទាំងឡាយ ដូចជា អាមេរិក អង់គ្លេស អារ៉ាប់ រួបរួម សហភាព សូវៀត និង បណ្តាប្រទេស នៅអាស៊ី មួយចំនួនបានប្រកាសទទួលស្គាល់ឯករាជភាពរបស់ លីបង់ ហើយថែមទាំងផ្លាស់ប្តូរមន្ត្រីទូតជាមួយរដ្ឋាភិបាលទីក្រុង បេរូត ទៀតផង ។ ទោះយ៉ាងណា បារាំង មិនគោរពតាមពាក្យសម្តីឡើយ គឺនៅតែត្រួតត្រាលើ លីបង់ ជាទូទៅនៅឡើយ ។

ការបោះឆ្នោតបង្កើតរដ្ឋាភិបាលនៅប្រទេស លីបង់ ត្រូវបានប្រារព្ធឡើងនៅឆ្នាំ ១៩៤៣ ។ រដ្ឋាភិបាលថ្មីរបស់ លីបង់ ដែលមានលោក ប្រធានាធិបតី បេឆារ៉ា អែល ឃួរី និង នាយករដ្ឋមន្ត្រី រីអាដ អាល-សុលហ៍ ជាប្រមុខ បានប្រកាសជាឯកតោភាគី លប់ចោលនូវអាណត្តិគ្រប់គ្រងរបស់ បារាំង ទៅលើប្រទេស លីបង់ នៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ១៩៤៣ នោះ។

បារាំង ក្តៅក្រហាយ បានចាប់លោកប្រធានាធិបតី បេឆារ៉ា អែល ឃួរី និង នាយករដ្ឋមន្ត្រី រីអាដ អាល-សុលហ៍ ដាក់គុក និង និរទេស មន្ត្រីខុទ្ទកាល័យសំខាន់ៗទៀត ។
គប្បីរំឭកថា ប្រជាជន លីបង់ ពេលនោះ មានទាំងជន មូស្លីម មានទាំងជនគ្រិស្តនិយម ហើយពួកគេជាញឹកញាប់ មានមហាអំណាចជាបង្អែក ដូចករណីសម្លាប់រង្គាលនៅតំបន់នោះកាលឆ្នាំ ១៨៦០ នាំឱ្យឈានដល់ការធ្វើអន្តរាគមន៍ដោយបារាំងជាដើម ។
ទង្វើរបស់បារាំង នាពេលនេះ ធ្វើឱ្យទាំងជន មូស្លីម ទាំងជនគ្រិស្តនិយម ក្នុងស្រុក កើតទោមនស្សយ៉ាងខ្លាំង ។ មហាអំណាច និង ប្រទេសនានា ទាំង ២ ប៉ូល ( គ្រិស្ត និង មូស្លីម ) ក៏បានដាក់សម្ពាធទៅលើ បារាំង ។

ប្រឈមមុខនឹងសម្ពាធពីជាតិ និង អន្តរជាតិ បែបនោះ បារាំង បានដោះលែងមន្ត្រីរដ្ឋាភិបាលទាំងនោះនៅថ្ងៃទី ២២ ខែ វិច្ឆកា ឆ្នាំ ១៩៤៣ ។ ការដោះលែងមន្ត្រីទាំងនេះ ដែលពលរដ្ឋ លីបង់ បានចាត់ទុកថាជាអ្នកស្នេហាជាតិនោះ មិនអាចបញ្ចប់បញ្ហាទេ ។ បាតុកម្មទ្រង់ទ្រាយធំ នៅតាមដងវិថីនានា ត្រូវបានធ្វើនៅថ្ងៃ ២២ នោះទៀត ។ ដោយហេតុនោះ ប្រទេស លីបង់ ត្រូវបាន ដកហូតចេញពីដៃ បារាំង ហើយប្រគល់ឱ្យ សម្ព័ន្ធមិត្ត ជាអ្នកគ្រប់គ្រងតំបន់នោះរហូតដល់ចប់សង្គ្រាមលោកលើកទី ២ ( ១៩៤៥ ) ។

រដ្ឋាភិបាល និង ប្រជាពលរដ្ឋ លីបង់ បានចាត់ទុកថ្ងៃទី ២២ ខែ វិច្ឆិកា ថាជាថ្ងៃឯករាជ្យជាតិរបស់ពួកគេ គឺដោយសារប្រទេស ត្រូវបានដកហូតពីដៃបារាំង នាឆ្នាំ ១៩៤៣ នោះឯង ។

អង្គការសហប្រជាជាតិបានកើតរូបរាងចូលជាធរមាននៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ១៩៤៥ ( ក្រោយចប់សង្គ្រាមលោកលើកទី ២ ) អាណត្តិរបស់ សម្ព័ន្ធមិត្ត ក៏អស់សុពលភាពក្នុងការគ្រប់គ្រងទៅលើប្រទេស លីបង់ ( និង ស៊ីរី ) នៅពេលនោះដែរ ។ ឯករាជភាពដ៏ពេញលេញរបស់ លីបង់ ក៏បានកើតមានឡើងនៅពេលនោះ ។ កងទ័ពបារាំង ដកចេញពី លីបង់ ចុងក្រោយ នៅឆ្នាំ ១៩៤៦៕B/