ទិវា​កីឡា​អាស៊ាន​នឹង​ក្លាយជា​កម្មវិធី​ប្រចាំឆ្នាំ​

1358
ចែករម្លែក
ទិដ្ឋភាព​ទិវា​កីឡា​អាស៊ាន (​រូប​៖ រ៉ូ​ហ្សា​)​

​ភ្នំពេញ​: ទិវា​កីឡា​អាស៊ាន​ត្រូវ​បានរៀបចំ​ធ្វើជា​លើកដំបូង នៅ​ព្រឹក​ថ្ងៃទី​៨​សីហា នាទី​លាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​។ ទិវា​នេះ រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​នេះ​ជា​ទិវា​បំផុស​មួយ​ដែល​រដ្ឋមន្ត្រីក្រសួង​កីឡា​អាស៊ាន​ឯកភាពគ្នា​ធ្វើជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែសីហា ដើម្បី​បំផុស​ឲ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​សុខដុមរមនា​ខាង​សុខភាព​។​

ទិដ្ឋភាព​ទិវា​កីឡា​អាស៊ាន (​រូប​៖ រ៉ូ​ហ្សា​)​

​លោក អ៊ុក ឌី​វ៉ង់ អគ្គនាយករង​អគ្គនាយកដ្ឋាន​កីឡា បាន​ឲ្យ​ដឹងថា ទិវា​នេះ​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៧០០​នាក់ ដែល​ក្នុងនោះ មាន​មន្ត្រី​ធ្វើការ​ខាង​កីឡា គរុ​សិស្ស​មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា រួមជាមួយ​ប្រជាជន ដែល​មក​ហាត់ប្រាណ ដើម្បី​សុខភាព​។​

​លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៊ូ ជុំ​សេរី ដែលជា​អនុរដ្ឋលេខាធិការ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​ចូលរួម​ក្នុង​ទិវា​កីឡា​អាស៊ាន ថ្ងៃទី​៨​សីហា (ASEAN Sport Day 8 Agust)​នេះ​។​

ទិដ្ឋភាព​ទិវា​កីឡា​អាស៊ាន (​រូប​៖ រ៉ូ​ហ្សា​)​

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា ឆ្នាំនេះ​ជា​ឆ្នាំ​ដំបូង​ដែល​ក្រសួង ទើបតែ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ តែ​ចាប់ពី​ឆ្នាំក្រោយៗ នឹង​រៀបចំ​នៅតាម​បណ្ដា​ខេត្ត​នានា​ទៀត​។ លោក​បន្តថា រដ្ឋមន្ត្រីក្រសួង​កីឡា​អាស៊ាន បាន​រំពឹងទុក​ថា នៅ​ឆ្នាំ​២០២០ ប្រជាជន​ក្នុង​តំបន់​អាស៊ាន​២០​ភាគរយ នឹង​មក​ចូលរួម​ហាត់ប្រាណ​ដើម្បី​សុខភាព​៕L ដោយ​: រ៉ូ​ហ្សា​