ទិវា​ជន​មហា​ចង្រៃ​បិសាច​បំផ្លាញ​មនុស្សជាតិ​ណូបែល

927

(​ភ្នំពេញ​)៖ លោក អាល​ហ្វ្រេ​ដ ណូបែល គឺជា​អ្នក​ច្នៃប្រឌិត ឌី​ណា​មី​ត ដ៏​ល្បី​រន្ទឺ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស ជាតិ ។ កាល​លោក អាល​ហ្វ្រេ​ដ ណូបែល នៅមាន​ជីវិត​រស់ អ្នក​ដែល ស្រឡាញ់​រាប់អាន​គាត់ មានតែ​ពួក​ជន ល្មោភ​សង្គ្រាម​ទេ​។ ចំណែក​មនុស្ស​ទូទៅ ជាពិសេស​អ្នក​សន្តិភាព​និយម ហៅ​គាត់ ថា​ជា ”​ជន​មហា​ចង្រៃ បិសាច​បំផ្លាញ​មនុស្សជាតិ​” ។ ប៉ុន្តែ​បន្ទាប់ពី​លាចាក លោក​នេះ​ទៅ គាត់​ត្រូវបាន ពិភពលោក ចងចាំ និង​លើកសរសើរ ដោយសារតែ ការបង្កើត​រង្វាន់​ណូបែល ចំនួន​ប្រាំ​ប្រធានបទ នៅ​ឆ្នាំ​១៨៩៥ ជា​រង្វាន់​ថ្នាក់ អន្តរជាតិ​ប្រចាំឆ្នាំ ប្រារឰ​នៅ​ថ្ងៃទី​១០ ខែ ធ្នូ ជាការ​ទទួលស្គាល់​នូវ​ការ ជឿនលឿន ផ្នែក​វប្បធម៌ និង​វិទ្យាសាស្ត្រ ហើយ រង្វាន់​នេះ ត្រូវបាន​ប្រគល់ឱ្យ​ជ័យលាភី ដំបូង​នៅ​ឆ្នាំ​១៩០១ ។​
​ ​
​ប្រវត្តិ​លោក អាល​ហ្វ្រេ​ដ ណូបែល​
​លោក អាល​ហ្វ្រេ​ដ ណូបែល (Alfred Nobel) ជា​ជនជាតិ ស៊ុយអែត កើត​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​១៨៣៣ នាទី​ក្រុង ស្តុក​ខុម ប្រទេស​ស៊ុយអែត ក្នុង​ត្រកូល វិស្វករ និង​អ្នក​ច្នៃប្រឌិត ហើយ​គាត់​គឺ ជា​អ្នក​គីមី វិស្វករ និង ជា​អ្នក​ច្នៃប្រឌិត ។​
​ ​
​ឆ្នាំ​១៨៨៨ លោក ណូបែល បាន​ទិញ​រោងចក្រ​ស្លដែក​ថែប​មួយ ហើយ​បាន​កែប្រែ​ឱ្យទៅជា​រោងចក្រ ផលិត​អាវុធ ដែល​គាត់​បាន​ច្នៃ​អាវុធ នានា​ដ៏​ល្បី​រន្ទឺ ចំនួន​៣៥៥​ប្រភេទ ជា​មុខរបរ​ដែល​គាត់​កើប​លុយ​បាន យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។
​ ​
​ប៉ុន្តែ​កិត្តិនាម​ដែល​គាត់​ទទួល បាន​ពី​ការច្នៃប្រឌិត​អាវុធ​ទាំងនេះ គឺ​គាត់ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព​នៃ​ការ ផ្តាច់ផ្តិល​ជីវិត​និង​បំផ្លាញ​ផលប្រយោជន៍ មនុស្សជាតិ ហើយ​មាន​អ្នកខ្លះ​ហៅ​គាត់ ថា​ជា​ជន​មហា​ចង្រៃ មក​ចាប់ជាតិ​ដើម្បី បំផ្លាញ​មនុស្សលោក ។​
​ ​
​ប្តូរ​ទស្សនៈ​
​នា​ឆ្នាំ​១៨៩៤ បងប្រុស​របស់ លោក អាល​ហ្វ្រេ​ដ ណូបែល ឈ្មោះ លូ​ឌ​វី​ង ណូបែល បាន​ស្លាប់ ខណៈ ដែល​គាត់​ទៅ​ទស្សនា​ទីក្រុង កែន ប្រទេស​បារាំង ។ កាសែត​បារាំង​ច្រឡំ បងប្រុស​របស់គាត់​ឈ្មោះ លូ​ឌ​វី​ង ណូបែល​(​ដែល​ទើបតែ​ស្លាប់​)​នោះ​ថា​ជា រូបគាត់ គឺ​លោក អាល​ហ្វ្រេ​ដ ណូបែល ទៅវិញ​។ កាសែត​ដែល​រីករាយ​នឹង មរណភាព​របស់ អាល​ហ្វ្រេ​ដ ណូបែល (​ដែល​ពួកគេ​ច្រឡំ​) មាន​ចំណងជើង​ថា “​ឈ្មួញ​នៃ​ល្បែង​ពិឃាត​បាន​ងាប់ តៃហោង​ហើយ​“ ។ ចំណងជើង​អត្ថបទ នេះ​បានមក​កន្ត្រាក់​អារម្មណ៍ និង​អង្រន់ បេះដូង​របស់លោក ណូបែល ឱ្យ ខ្វល់ខ្វាយ​ខ្លាំង​ឡើងៗ ។
​ ​
​ឯកសារ​នានា​សុទ្ធតែ​បាន អះអាងថា ចាប់ពី​បាន​អាន​ចំណងជើង កាសែត​នោះមក គាត់​មិនដែល​សប្បាយ ចិត្ត​សោះឡើយ ហើយ​អ្វីដែល​គាត់​គិត ច្រើន​បំផុត​នោះ គឺ​ទៅ​ថ្ងៃ​អនាគត​មនុស្ស លោក​នឹង​កត់ត្រា​គាត់​ថា ជាម​នុស្ស ប្រភេទ​ណា ។ ទាំងនេះ​ជា​កត្តា​ជំរុញ គាត់​ឱ្យ​ផ្លាស់ប្តូរ​ឆន្ទៈ ។​
​ ​
​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ ១៨៩៥ នៅក្នុង​ក្លិប ស៊ុយអែត​-​ន័​រ​វែ​ស ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក អាល់​ហ្វ្រេ​ដ ណូបែល បាន​ចុះហត្ថលេខា លើ​បណ្តាំមរតក​ចុងក្រោយ​របស់គាត់ ដែល​ពុំមាន​នរណា​ដឹងថា គាត់​ចង់​ធ្វើ​អ្វី ឡើយ ។
​ ​
មរណភាព និង រង្វាន់ ណូបែល​
​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៨៩៦ ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ នាទី​ក្រុង សាន រ៉េ​ម៉ូ (San Remo) នៃ​ប្រទេស​អ៊ីតាលី លោក អាល​ហ្វ្រេ​ដ ណូបែល បាន អនិច្ចកម្ម​ក្នុង​វ័យ​៦៣​ឆ្នាំ ដោយ​ជំងឺ ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ មរណភាព​របស់គាត់​ធ្វើឱ្យ​ពួក​ជន ល្មោភ​សង្គ្រាម​សោកស្តាយ ប៉ុន្តែ​ពួក​អ្នក ស្រឡាញ់​សន្តិភាព មាន​ក្តី​ល្ហែល្ហើយ​ក្នុង ទ្រូង​យ៉ាងច្រើន ដែល​តាមពិតទៅ ពួកគេ​បាន​បន់ស្រន់​ឱ្យ​បុរស​បិសាច ពិឃាត​ម្នាក់នេះ​ស្លាប់​តៃហោង​យូរ ណាស់​មកហើយ ។​
​ ​
​ប៉ុន្តែ​មរតកសាសន៍​របស់គាត់ បានធ្វើ​ឱ្យគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​បណ្តាំមរតក​របស់គាត់​បាន បញ្ជាក់ថា “​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​សម្រាប់ ប្រើប្រាស់​បង្កើតជា​រង្វាន់​ជា​បន្តបន្ទាប់​ដល់​បុគ្គល​ទាំងឡាយណា ដែល​បាន ធ្វើឱ្យ​បានជា​ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត ដល់​មនុស្សជាតិ​ផ្នែក​រូបវិទ្យា (physics) គីមីវិទ្យា (chemistry) សន្តិភាព (peace) សរីរវិទ្យា ឬ វេជ្ជសាស្ត្រ (Physiology or Medicine) និង អក្សរសាស្ត្រ (literature)” ។
​ ​
​គេ​មិន​នឹកស្មាន​ទាល់តែសោះ ថា បុគ្គល​ដែលជា​អ្នក​ច្នៃប្រឌិត​អាវុធ សម្រាប់​ផ្តាច់ជីវិត និង បំផ្លាញ​មនុស្ស ជាតិ​ម្នាក់ បែរជា​បន្សល់​ទុកទ្រព្យ​សម្បត្តិ ឱ្យ​អ្នកជំនាន់ក្រោយ​ធ្វើការ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស លោក​ទៅវិញ បែបនេះ​សោះឡើយ ។​
​ ​
​លោក​ណូបែល​បាន​បន្សល់ ទុកទ្រព្យ​សម្បត្តិ​សរុប​១៨៦​លាន​ដុល្លារ អាមេរិក​(​ឆ្នាំ​២០១២​ឡើងដល់​៤៧២ លាន​ដុល្លារ​) ហើយ​នៅក្នុង​បណ្តាំ មរតក​ទាំងនោះ​គាត់​បាន​ផ្តែផ្តាំ​ថា ៩៤ ភាគរយ​សម្រាប់​បង្កើត​កម្មវិធី រង្វាន់ ណូបែល (Nobel Prizes) ចំនួន​ប្រាំ​ខាង លើ​នេះ ។​
​ ​
​ប៉ុន្តែ​ដោយសារ​មាន​ម​ន្ទឹ​ល សង្ស័យ​ខ្លះ​ជុំវិញ​បញ្ហា​បណ្តាំមរតក​ទាំង នេះ ទើប​ទ្រព្យសម្បត្តិ​ទាំងនោះ​ត្រូវបាន ផ្អឹប​ទុក រហូតដល់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ១៨៩៧ ទើបត្រូវ​បានអនុម័ត​ឱ្យ​យក ទៅប្រើ​ប្រាស់ ។ ប្រតិបត្តិ​ករ​របស់លោក ណូបែល គឺ​លោក​រ៉ា​កណា សូល​ម៉ាន (Ragnar Sohlman) និង​លោក​រូ​ដូ​ល​ហ្វ៍ លី​ល​ចេ​គ្វី​ស (Rudolf Lilljequist) បាន យក​ទ្រព្យសម្បត្តិ​ទាំងនេះ​ទៅ​បង្កើត គ្រឹះស្ថាន​ណូបែល (Nobel Foundation) នៅ​ថ្ងៃទី​២៩ មិថុនា ១៩០០ ដើម្បី​រៀបចំ ហិរញ្ញប្បទាន និង​រដ្ឋបាល​កិច្ច​សម្រាប់ រង្វាន់​ណូបែល (Nobel Prizes) ទាំង​ប្រាំ ខាងលើនេះ ។
​ ​
​វិទ្យាស្ថាន​សម្រាប់​សម្រេច ផ្តល់​រង្វាន់​ណូបែល​សន្តិភាព (Peace Prize) ជា​វិទ្យាស្ថាន​ន័​វ៉េ​ស៍ មានឈ្មោះ ថា គណៈកម្មការ ណូបែល ន័​រ​វ៉េ​ស៍ (Norwegian Nobel Committee) ដែល​ត្រូវបាន​បង្កើត​មុនគេ បន្ទាប់ពី​មរតក របស់លោក​ណូបែល ត្រូវបាន​អនុម័ត ភ្លាម ហើយ​បង្កើត​វិទ្យាស្ថាន​បី​ទៀត ជា​វិទ្យាស្ថាន ស៊ុយអែត សម្រាប់​សម្រេច ផ្តល់​រង្វាន់​ណូបែល ចំនួន​បួន គឺ វិទ្យាស្ថាន Karolinska Institutet បង្កើត ថ្ងៃទី​៧ មិថុនា ឆ្នាំ​១៨៩៧, the Swedish Academy ថ្ងៃទី​៩ មិថុនា ឆ្នាំ​១៨៩៧ និង the Royal Swedish Academy of Sciences ថ្ងៃទី​១១ មិថុនា ឆ្នាំ​១៨៩៧ ។ គ្រឹះស្ថាន​ណូបែល​បានសម្រេច ដល់​ការព្រមព្រៀង​លើ​គោលការណ៍​ស្តីអំពី​ថា រង្វាន់​ទាំងនេះ គួរផ្តល់​ដោយ​របៀប​ណា នៅ​ឆ្នាំ​១៩០០ ។
​ ​
​ដោយហេតុនេះ​ទើប​រង្វាន់ ណូបែល​សន្តិភាព ត្រូវបានធ្វើ​នៅ​ទីក្រុង អូ​ស្លូ ប្រទេស​ន័​រ​វ៉េ​ស៍ ចំណែក​រង្វាន់​បួន ទៀត ធ្វើ​នៅ​ទីក្រុង​ស្តុក​ខុម (Stockholm) ប្រទេស​ស៊ុយអែត ។ តាំងពី​ពេល​បង្កើត មករ​ហូត​បច្ចុប្បន្ន រង្វាន់​ណូបែល ត្រូវ បាន​ទទួលស្គាល់ថា ជា​រង្វាន់​ប្រកប ដោយ​កិត្យានុភាព​ជាងគេ​ក្នុង​លោក ។​
​ ​
​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤៨ រង្វាន់ ណូបែល​សន្តិភាព នេះ មិនត្រូវ​បាន ប្រគល់​ទៅឱ្យ​បុគ្គល​ណា​ឡើយ ដោយ សារ​ឆ្នាំ​នោះ គណៈកម្មការ​ណូបែល ន័​រ​វ៉េ​ស៍ បាន​អះអាងថា បិតា​បដិវត្តន៍ អហិង្សា​ឥណ្ឌា គឺ​លោក​មហា​ត្មៈ គ​ន្ធី គឺជា​ម្ចាស់ នៃ​រង្វាន់​នេះ ។ ប៉ុន្តែ​ជា អកុសល ប៉ុន្មាន​ថ្ងៃ​ក្រោយមក មហា​ត្មៈ គ​ន្ធី ត្រូវបាន​គេ​ធ្វើឃាត ។ ដូច្នេះ​ឆ្នាំ នោះ​គណៈកម្មការ បានប្រកាសថា ពុំមាន​បុគ្គល​ណា​ម្នាក់​សក្តិសម​នឹង​ទទួល​រង្វាន់​ណូបែល សន្តិភាព នៅ​ឆ្នាំ​នោះ ឡើយ ។​
​ ​
​រូប​វិទូ​អាល្លឺម៉ង់ លោក វី​លហែម ខុនរ៉ាដ រ៉ុ​ន​ត៍​ហ្កេ​ន (Wilhelm ConradRontgen) ជា​អ្នកទទួល បាន​រង្វាន់ ណូបែល​ដំបូង​គេ​បំផុត​ផ្នែក​រូបវិទ្យា ដោយ​គាត់​បាន​រកឃើញ​រស្មី​អ៊ិ​ច (X-rays) ។ សេដ្ឋវិទូ​បារាំង លោក​ហ្វ្រេ​ដឺ​រីក ប៉ា​ស្ស៊ី (Fredreic Passy) ជា​សហ​ស្ថាបនិក សហភាព អន្តរ​សភា (Inter-Parliamentary Union) និង​ពាណិជ្ជករ​ស្វ៊ី​ស លោក ហេន​រី ឌូ​ណាន​ត៍ (Henry Dunant) ជា​ស្ថាបនិក​គណៈកម្មការ អន្តរជាតិ នៃ​កាកបាទក្រហម (International Committee of the Red Cross) ជា​អ្នកទទួលបាន​រង្វាន់​ណូបែល សន្តិភាព​មុនគេ ។
​ ​
​រូប​វិទូ ហូ​ឡង់ លោក ចា​កូ​ប៊ូ​ស វ៉ាន​ត៍ ហូ​ហ្វ (Jacobus van’t Hoff) ជា ម្ចាស់​រង្វាន់​ណូបែល គីមី (Chemistry Prize) មុនគេ ដោយ​គាត់​បាន​រកឃើញ ឧណ្ហកម្បនា ផ្នែក​គីមី (chemical thermo dynamics) ។
​ ​
​កវី ស៊ូ​លី ព្រូដ​ហូ​ម​ម៉េ (Sully Prudhomme) ជា​ម្ចាស់​រង្វាន់​ណូបែល ទី​១ ផ្នែក​អក្សរសាស្ត្រ (Nobel Prize in Literature) ។ ម្ចាស់​រង្វាន់​ណូបែល ដំបូង​គេ​ផ្នែក​សរីរវិទ្យា​ឬ​វេជ្ជសាស្ត្រ (Physiology or Medicine Prize) ត្រូវ បានប្រគល់​ទៅឱ្យ​លោក​អេ​មី​ល វ៉ុ​ន បេ​រីង (Emil von Behring) ជា​សរីរ​វិទូ អាល្លឺម៉ង់ ។ ជ័យលាភី​នៃ​រង្វាន់​ទាំង​ប្រាំ ប្រធានបទ​នេះ ត្រូវបាន​ប្រគល់ឱ្យ​ដំបូង នៅ​ឆ្នាំ​១៩០១ ។​
​ ​
​ឆ្នាំ​១៩៦៩ រង្វាន់​មួយទៀត ត្រូវបាន​បង្កើតឡើង គឺ​ពានរង្វាន់ សេដ្ឋកិច្ច (Economics Prize) ។ វា មិនមែនជា​រង្វាន់​ណូបែល ទេ ប៉ុន្តែ​វា ត្រូវបានធ្វើ​ជាមួយគ្នា​ក្នុង​ពិធី​ប្រគល់ រង្វាន់​ណូបែល​ដែរ ។ អ្នក​ដែល​ទទួល បាន​រង្វាន់​នេះ​មុនគេ គឺ​លោក​ចាន ទីន​ប៊ឺ​រ៍​ហ្កេ​ន (Jan Tinbergen) ជា​សេដ្ឋ វិទូ​ហូ​ឡង់ និង​លោក​រ៉ា​កណា ហ្វ្រ៊ី​ស (Ragnar Frisch) ជា​សេដ្ឋវិទូ​ន័​រ​វ៉េ​ស៍ ដោយសារ​បុរស​ទាំងពីរ​រូបនេះ បាន បង្កើត​ប្រព័ន្ធ​វិធី​វិភាគ​សេដ្ឋកិច្ច ។​
​ ​
​រង្វាន់​ណូបែល មាន​ពីរ ប្រភេទ គឺជា​មេដាយ (The Nobel Prize medals) មួយ និង​ជា​ទឹកប្រាក់ (Money prize) មួយ ។ រង្វាន់​ណូបែល ជា មេដាយ៍ ផលិត​ដោយ​ក្រុមហ៊ុន​ផលិត កាក់ ស៊ុយអែត ឈ្មោះ Myntverket និង ក្រុមហ៊ុន​ផលិត​កាក់​ន័​រ​វ៉េ​ស៍ ឈ្មោះ Mint of Norway តាំងពី​ឆ្នាំ​១៩០២ ។ មេដាយ​នីមួយៗ​មាន​រូបលោក អាល​ហ្វ្រេ​ដ ណូបែល និង​ឆ្នាំ​កំណើត និង​ឆ្នាំ​មរណកាល​របស់គាត់ ។ ចំនួន នៃ ទឹកប្រាក់​រង្វាន់ អាស្រ័យ​លើ​លទ្ធភាព នៃ​គ្រឹះស្ថាន​ណូបែល (Nobel Foundationa) នៅក្នុង​ឆ្នាំ​នីមួយៗ ប៉ុន្តែ​គិត​ជា​មធ្យម គឺ​មួយ​លាន​ដុល្លារ អាមេរិក ។​
​ ​
​ឥឡូវនេះ ដួង​វិញ្ញាណក្ខន្ធ របស់លោក​អាល​ហ្វ្រេ​ដ ណូបែល ប្រាកដជា​ស្កប់ស្កល់​ណាស់​ហើយ ត្បិត ទីបំផុត​រហស្សនាមរ​បស់​លោក​ថា​ជា ជន​មហា​ចង្រៃ ឬ​បិសាច​កើតមក​ដើម្បី បំផ្លិចបំផ្លាញ​មនុស្សជាតិ​នោះ ត្រូវបាន គេ​ប្តូរ​ទៅជា​ទេវតា​ឬទេ​វរ​ក្ស នៃ​វឌ្ឍនភាព​របស់​ពិ​ភ​លោក​ទៅវិញ ។ នេះ​គឺ​ដោយសារ​លោក ភ្ញាក់រលឹក ហើយ​បាន កែប្រែ​គំនិត ដែល​ប្រការនេះ​បញ្ជាក់ថា ទេវតា​ឬ​បិសាច គឺ​អាចជា​បុគ្គល​តែមួយ សំខាន់​តើ​បុគ្គល​នោះ​ធ្វើ​ទង្វើ​បិសាច​ឬ ទង្វើ​ទេវតា ។ ក៏​អាច​បញ្ជាក់ដែរថា បុគ្គល​គ្រប់រូប​សុទ្ធ​តែមាន​វិធី និង​ឱកាស កែខ្លួន ឱ្យតែ​គេ​ពិត​ជាមាន​ឆន្ទៈ ហើយ ជា​គំរូ​ថា មនុស្ស​មិនមែន​គិតគូរ​សម្រាប់ តែ​ពេល​គេ​នៅរស់​ឡើយ ប៉ុន្តែ​ក៏ត្រូវ គិត​ផងដែរ​ថា បន្ទាប់ពី​ស្លាប់ទៅ តើ​គេ​នឹង​ទៅជា​យ៉ាងណា ឬ​បន្សល់ទុក​អ្វី ៕ ដោយ​: មេសា​

​លោក អាល់​ហ្វ្រេ​ដ ណូបែល
លោក អាល់​ហ្វ្រេ​ដ ណូបែល ត្រូវបាន​ឆ្លាក់​នៅលើ​កាក់​មាស